កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 12 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 12 កញ្ញា 2012

ការ​គំរាម និង​សម្លាប់​អ្នកកាសែត​ផ្ទុះ​ឡើង​វិញ

ដោយ លាង ដឺលុច

មាន​ករណី​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នកកាសែត​២​ករណី​នៅ​ដើម​ខែ​កញ្ញា​នេះ។ ក្នុង​នោះ​មាន​អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ម្នាក់​ទៀត​ត្រូវ​បាន​គំរាម​តាម​ទូរស័ព្ទ។ ទាំងនេះ​គឺ​ជា​ស្ថានភាព​ដ៏​គួរ​អោយ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​កាសែត។ សមាគម និង​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ថ្លែងការណ៍​ព្រួយ​បារម្ភ និង​អំពាវនាវ​អោយ​អាជ្ញាធរ​ស៊ើបអង្កេត និង​ចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស។

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ
 

12/09/2012 by លាង ដឺលុច

លោក​ហង្ស សិរីឧត្តម អាយុ​៤៤ឆ្នាំ ជា​ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​របស់​កាសែត​វរជន​ខ្មែរ ប្រចាំ​ភាគ​ឦសាន​បាន​បាត់ខ្លួន​ពី​យប់​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ សាកសព​របស់​អ្នក​កាសែត​ត្រូវ​បាន​ឃាតករ​លាក់​នៅ​ក្នុង​ឃ្លុប​ខាង​ក្រោយ​​នៃ​រថយន្ត​របស់​ខ្លួន​ ហើយ​ដែល​រថយន្ត​នោះ​ត្រូវ​គេ​យក​ទុក​ក្នុង​ចំការ​ស្វាយ​ចន្ទី​ក្នុង​ស្រុក​​អូរជុំ​ខេត្ត​រតនគិរី។និពន្ធ​នាយក​របស់​កាសែត​វរជនខ្មែរ​លោក រិន រតនៈ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា សហការី​របស់​លោក​បាន​សរសេរ​អត្ថបទ​ច្រើន​អំពី​ការ​កាប់​ឈើប្រណិត​ខុសច្បាប់​ដែល​ទាក់ទង​នឹង​មន្ត្រី​អ្នក​មាន​អំណាច​នៅ​ក្នុង​ខេត្ត​រតនៈគិរី​​នោះ។

មាន​ករណី​គំរាម​កំហែង​អ្នក​កាសែត​មួយ​រូប​ទៀត​មក​ពី​អង្គភាព​កម្ពុជា​ថ្ងៃ​នេះ ដែល​បាន​ទទួល​ការ​គំរាម​តាម​ទូរស័ព្ទកាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​​ពី​ប្រធាន​អង្គការ​ការ​ពារ​ព្រៃឈើ និង​សត្វព្រៃ​ប្រចាំ​ខេត្តកំពត​ បន្ទាប់ពី​កាសែត​កម្ពុជា​ថ្ងៃនេះ​បានចុះផ្សាយ​អត្ថបទ​រិះគន់​អង្គការ​មួយ​នេះ​ អំពី សកម្មភាព​ដាក់កុង​ត្រូល​ចាំ​យកលុយ​ពី​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តំបន់​ តាកែ​ន កោះស្លា ខេត្តកំពត។

ព្រឹត្តិការណ៍​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នកកាសែតបែបនេះ បាន​តម្រូវ​អោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ថ្លែងការណ៍​ប្រតិកម្ម​យ៉ាង​ខ្លាំងនៅ​ថ្ងៃ​ពុធ​នេះ។ ក្លឹប​អ្នកកាសែត​កម្ពុជាអត្ថាធិប្បាយថា នេះ​​គឺ​ជា​ការ​​គំរាម​គំហែងធ្ងន់ធ្ងរ​ដល់​ស្មារតី​អ្នក​សារព័ត៌មាន ដែល​កំពុង​បំពេញបេសកកម្ម​តាម​វិជ្ជាជីវៈ ហើយ​ថា​នេះ​ក៏ជា​ចេតនា​រារាំង​ និង​ប​ន្ទុ​ច​បង្អាក់​​ដំណើរការ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​សារព័ត៌មាន ការបញ្ចេញមតិ​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាផងដែរ។

ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្កោលទោស​ឃាតករ​ដែល​សម្លាប់​លោក ហង្ស សិរី​ឧ​ត្ត​ម និង អំពាវនាវដល់​អាជ្ញា​ធរខេត្ត​រតនគីរី​ និង​ខេត្ត​កំពត​អោយស្រាវជ្រាវ​​រក​ជនល្មើស​ទាំង​ពីរ​ករណី​ ដើម្បី​នាំ​យក​ពួកគេ​មក​ផ្តន្ទា​ទោស។

ការ​ជួញ​ដូរ​ឈើ​ប្រណីត បើ​ទោះវា​ជា​បទល្មើស​ឧក្រិដ្ឋ​ក៏​ដោយ សកម្មភាព​ជួញដូរ​នេះ​កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ផ្ទៃ​ប្រទេស។ រាល់​ថ្ងៃ​សារព័ត៌មាន​បាន​ចេញ​ផ្សាយ​ករណី​បង្ក្រាប​ការ​ជួញដូរ​ឈើ​ប្រណីត​ដែល​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ជាច្រើន​មិន​គួរ​អោយ​ជឿ​ ដើម្បី​លាក់​បាំង​ពី​ភ្នែក​សមត្ថកិច្ច៕

tags: កម្ពុជា - សារព័ត៌មាន - សេរីភាព​សារព័ត៌មាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close