ក្រុមឧទ្ទាមអាហ្វ្រិកប្រកាសថា ចំណាប់ខ្មាំងបារាំង Rodrigues Leal ស្លាប់បាត់បង់ជីវិត
នៅថ្ងៃអង្គារម្សិលមិញ ក្រុមឧទ្ទាមអាហ្វ្រិកខាងលិច ឈ្មោះថា មូចាវ Mujao បានប្រកាសថា ចំណាប់ខ្មាំងបារាំង Gilberto Rodrigues Leal ហ្ស៊ីលប៊ែរតូ រ៉ូឌ្រីហ្កេ ឡេអាល បានស្លាប់បាត់បង់ជីវិតហើយ។ ក្រុមឧទ្ទាមអាហ្វ្រិក លើកឡើងថា ចំណាប់ខ្មាំងរូបនេះស្លាប់ គឺដោយសារតែបារាំងជាសត្រូវរបស់ក្រុមឧទ្ទាមនេះឯង។ ប្រធានាធិបតីបារាំងបានប្រកាសតបតទៅវិញថា បារាំងមិនទុកអោយទង្វើនេះរួចផុតពីសំណាញ់ច្បាប់នោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤០
នៅថ្ងៃអង្គារម្សិលមិញ ក្រុមឧទ្ទាមអាហ្វ្រិក ឈ្មោះថា ចលនាដើម្បីជីហាដអាហ្វ្រិកខាងលិច ហៅកាត់ថា មូចាវ Mujao បានឆ្លើយឆ្លងទូរសព្ទជាមួយសារព័ត៌មានបារាំង អា អេហ្វ ប៉េ ដើម្បីប្រាប់ថា ចំណាប់ខ្មាំងបារាំង លោក Gilberto Rodrigues Leal អាយុ៦២ឆ្នាំ បានស្លាប់បាត់បង់ជីវិតហើយ។ មូលហេតុគឺដោយសារតែបារាំងជាសត្រូវរបស់ក្រុមឧទ្ទាមអាហ្វ្រិកខាងលិចមួយនេះឯង។ ប៉ុន្តែ ក្រុមឧទ្ទាមមិនបានប្រាប់ថា តើចំណាប់ខ្មាំងបារាំងបានស្លាប់ពេលណា នៅឯណា និងក្នុងស្ថានភាពដូចម្តេចនោះទេ។ ក្រុមឧទ្ទាមអាហ្វ្រិកក៏មិនបានបង្ហាញពីរូបថត រឺរូបភាពវីដេអូ ជាភស្តុតាងបញ្ជាក់ពីការស្លាប់នេះដែរ។ ទោះយ៉ាងនេះក្តី ក្រសួងការបរទេសបារាំងគិតថា លោកហ្ស៊ីលប៊ែរតូ ប្រហែលជាស្លាប់បាត់បង់ជីវិតមែនហើយ។
លោក Gilberto Rodrigues Leal ហ្ស៊ីលប៊ែរតូ រ៉ូឌ្រីហ្កេ ឡេអាល ត្រូវបានក្រុមប្រដាប់អាវុធចាប់ចំណាប់ខ្មាំង កាលពីថ្ងៃ២០វិច្ឆិកា ឆ្នាំ២០១២ នៅភាគខាងលិចប្រទេសម៉ាលី ខណៈដែលលោកកំពុងធ្វើដំណើរក្នុងរថយន្តមួយគ្រឿង ចេញមកពីប្រទេសម៉ូរីតានី។ លោកហ្ស៊ីលប៊ែរតូ ស្ថិតចំណោមចំណាប់ខ្មាំងបារាំង ដែលនៅសេសសល់ចុងក្រោយគេ ២នាក់ នៅតំបន់សាហែលអាហ្វ្រិក និងនៅក្នុងពិភពលោក។ ប្រធានាធិបតីបារាំងហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសនៅល្ងាចម្សិលមិញថា បារាំងនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីដឹងពីការពិតនូវអ្វីដែលបានកើតឡើងចំពោះចំណាប់ខ្មាំងហ្ស៊ីលប៊ែរតូ ហើយទង្វើនេះមិនអាចរួចផុតពីសំណាញ់ច្បាប់នោះទេ។
ប្រសិនបើលោកហ្ស៊ីលប៊ែរតូ ស្លាប់ពិតមែន បច្ចុប្បន្ន បារាំងនៅសល់ចំណាប់ខ្មាំងតែម្នាក់ប៉ុណ្ណោះ គឺលោក Serge Lazarevic ស៊ែរហ្សឹ ឡាសារ៉ឺវិច ដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង កាលពីខែកញ្ញាឆ្នាំ២០១១ នៅភាគខាងជើងម៉ាលី។ លោកស៊ែរហ្សឹ ប្រហែលនៅមានជីវិតនៅឡើយទេ។
ដោយឡែក ក្រុមឧទ្ទាមប្រកាសពីការស្លាប់របស់ចំណាប់ខ្មាំងបារាំងហ្ស៊ីលប៊ែរតូ ម្សិលមិញនេះ ធ្វើឡើងតែ៥ថ្ងៃប៉ុណ្ណោះ ក្រោយពេលអ្នកសារព័ត៌មានបារាំង៤រូប ដែលត្រូវបានក្រុមឧទ្ទាមជ្រុលនិយមមួយក្រុមនៅស៊ីរី ចាប់ជាចំណាប់ខ្មាំងអស់១០ខែនោះ ត្រូវបានដោះលែង។ គេមិនដឹងថា តើការប្រកាសពីការស្លាប់របស់ចំណាប់ខ្មាំងហ្ស៊ីលប៊េរតូ មានជាប់ទាក់ទងនឹងការដោះលែងអ្នកសារព័ត៌មានបារាំងទាំង៤រូបនេះ រឺក៏យ៉ាងណាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ