អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​រំលាយ​សភា នៅមុន​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នៅ បេឡារុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អ៊ុយក្រែន​អាច​ជួប​ពិភាក្សា​ទ្វេរភាគី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃ​អង្គារ​ទី ២៦​សីហា នៅក្នុង​ឱកាស​ជំនួប​កំពូល​ថ្នាក់​តំបន់​មួយ​ដែល​រៀបចំ​ឡើង​នៅក្នុង​ប្រទេស​បេឡារុស។ ប៉ុន្តែ នៅ​មុន​ជំនួប​នេះទៅទៀត​ ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​ប្រកាសថា​ខ្លួន​នឹង​​​បញ្ជូន​រថយន្ត​ជំនួយ​មនុស្ស​ធម៌​ជា​លើក​ទីពីរ​ទៅ​អ៊ុយក្រែន នោះ​បើ​ទោះជា​មាន ឬ​គ្មាន​ការអនុញ្ញាតិ​ពីអ៊ុយក្រែន​ក៏​ដោយ​។ នៅក្នុង​ប្រទេសវិញ​ ប្រធានាធិបតី​អ៊ុយក្រែនទើប​បាន​ប្រកាស​រំលាយ​សភា​ដែល​លោក​ចាត់ទុក​មាន​និន្នាការ​ប្រឆាំង​នឹង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​​បច្ចុប្បន្ន។ ​

ប្រធានាធិបតី​អ៊ុយក្រែន​នៅព្រលាន​យន្តហោះ​ក្នុង​ប្រទេស​បេឡារុស​ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​ថ្នាក់​តំបន់​ដែលលោក​អាច​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី
ប្រធានាធិបតី​អ៊ុយក្រែន​នៅព្រលាន​យន្តហោះ​ក្នុង​ប្រទេស​បេឡារុស​ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​ថ្នាក់​តំបន់​ដែលលោក​អាច​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ©REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​កំពូល​ថ្នាក់​តំបន់​ដែល​មានចូលរួម​ពីប្រមុខ​ដឹកនាំ​របស់​​រុស្ស៊ី អ៊ុយក្រែន កាហ្សាស្ថាន បេឡារុស​ដែល​ជា​ម្ចាស់ផ្ទះ និង​សហភាព​អឺរ៉ុប ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន ​ជា​ប្រធានបទ​សំខាន់​ដែល​គេ​ត្រូវ​លើ​ក​យក​ទៅ​ជជែក ដោះស្រាយ។ ប៉ុន្តែ តាំងពី​មុន​ជំនួប​កំពូល​នេះ​ម្ល៉េះ គ្រប់ភាគី មិនថា អាល្លឺម៉ង់​ដែល​ធ្លាប់​ដើរតួ​ជា​អាជ្ញា​កណ្តាល​​​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ឬ​ ក៏​ទីក្រុង​ម៉ូស្គូ​​ផ្ទាល់ បាន​ព្រលយ​ឲ្យ​ដឹងពី​​ក្តីសង្ឃឹម​តិចតួច​ដែល​គេ​នឹង​អាច​ទទួល​បាន​ពី​ជំនួប​រវាង​មេដឹកនាំ​អ៊ុយក្រែន និង​រុស្ស៊ី នៅថ្ងៃ​អង្គារ​នេះ។

 

កាលពី​ថ្ងៃ​ចន្ទ​ទី ២៥​សីហា គឺ​នៅ​មុន​ជំនួប​ធ្វើ​ឡើង​រវាង​លោក​ពូទីន និង​លោក​ប្រធានាធិបតី​​អ៊ុយក្រែន ទៅទៀត ប្រមុខការបរទេស​រុស្ស៊ី​ផ្ទាល់​បាន​បញ្ជាក់​រួចហើយថា គេ គឺ​ប្រទេស​លោកខាងលិច មិន​ត្រូវ​សង្ឃឹមថា រុស្ស៊ី​នឹង​ជាអ្នកដោះស្រាយ​បញ្ហា​តែម្នាក់​ឯងនោះទេ ឬ រុស្ស៊ី​មិន​អាច​ដោះស្រាយ​បញ្ហា​ជំនួស​ប្រទេស​លោកខាងលិច​បានទេ។ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​ចង់​និយាយ​ដល់​ប្រទេស​លោកខាងលិច​ដែល​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន​​បច្ចុប្បន្ន។

 
ជាការពិត​គេ​មិន​អាច​រំពឹង​ថា ជំនួប​នៅថ្ងៃ​នេះ រវាង​មេដឹកនាំ​អ៊ុយក្រែន និង​រុស្ស៊ី​នៅថ្ងៃ​នេះ​នឹង​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភាគខាងកើត​អ៊ុយក្រែន​បាន​ទេ។ ជម្លោះ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​កើត​​​អ៊ុយក្រែន ​បាន​រុញច្រាន​អ៊ុយក្រែន​ឲ្យ​មាន​​ជម្លោះ​ ខ្វែង​គំនិត​គ្នា​​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​រុស្ស៊ី។ អ៊ុយក្រែន​ផ្ទាល់​ទើប​បង្ហាញ​ក្តីបារម្ភ​របស់ខ្លួន បន្ទាប់ពី​​ម៉ូស្គូ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​​ចន្ទ​ថា ខ្លួន​នឹង​​ បញ្ជូន​ក្បួន​រថយន្ត​មនុស្ស​ធម៌​ ​ជា​លើក​ទីពីរ​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន នោះ​បើ​ទោះបី​ជា​អ៊ុយក្រែន មិនអនុញ្ញាត​ក៏ដោយ។ ​អ៊ុយក្រែន​ធ្លាប់​​ចាត់ទុក​​ការបញ្ជូន​រថយន្ត​មនុស្សធម៌​​រុស្ស៊ី​​ដ៏សន្ធឹកសន្ធាប់​ ចូល​ទៅក្នុង​ទឹកដី​ភាគខាងកើត​របស់​អ៊ុយក្រែន ថា ជា​សកម្មភាព​រំលោភ​​ឈ្លានពាន ប៉ុន្តែ រុស្ស៊ីវិញ​អះអាង​ជំនួយ​មនុស្ស​ធម៌​របស់ខ្លួន​សម្រាប់ជួយ​ជនភៀសខ្លួន​ដែល​រងគ្រោះដោយការវាយប្រហារ​របស់ទាហាន​អ៊ុយក្រែន។

ជំហរខុសគ្នា​ដូចមេឃ និង​ដី ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​រុស្ស៊ី និង​អ៊ុយក្រែន ​នឹងមិន​​អាច​និយាយ​ចុះសម្រុង​គ្នា​
ភាគី​រុស្ស៊ី​ដែល​គំាទ្រ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​បាន​​ទាមទារ​ឲ្យ​កងទ័ព​អ៊ុយក្រែន​ធ្វើ​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​កាន់កាប់​ដោយ​ក្រុម​ផ្តាច់ទឹកដី​និយម​រុស្ស៊ី ប៉ុន្តែ​អ៊ុយក្រែន ដែល​កំពុង​មាន​​កម្លាំង​អំណោយផល នៅទីនោះ គឺ​បន្ទាប់​ពី​វាយ​យក​បាន​តំបន់​មួយ​ចំនួន​ពី​ក្រុម​ឧទ្ទាម​នៅ​ភាគខាងកើត​ បាន​បដិសេធ​មិន​ធ្វើ​តាម។ មួយ​វិញ​ទៀត រុស្ស៊ី​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ប៉ុន្តែ ទីក្រុង​គៀវ​បាន​និយាយ​បកវិញថា គឺ​រុស្ស៊ី​ទេ​ដែល​ជាអ្នកត្រូវ​និយាយ​ជាមួយ​​ក្រុម​ឧទ្ទាមឲ្យ​ទម្លាក់​អាវុធ។ តាំងពី​ដើម​ទី​មក រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ទីក្រុង​ម៉ូស្គូ​ ថា ជាអ្នកគាំទ្រ​ផ្តល់​​អាវុធ ​​ដល់​ក្រុម​បំបែក​ទឹកដី​អ៊ុយក្រែន ដែល​និយម​រុស្ស៊ី។ កាលពីថ្ងៃ​ចន្ទ ម្សិលមិញ ក្រសួងការពារ​ជាតិ​អ៊ុយក្រែន​បានអះអាង​ថា ខ្លួន​ចាប់​បាន​ទាហាន​រុស្ស៊ី​១០នាក់ បន្ទាប់​ពី​​ស្ទាក់​បាញ់​បាន​ក្បួន​កងរថក្រោះ និង​រថពាស​ដែក​រុស្ស៊ី​ ដែល​បាន​បើក​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន រយៈ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ តាម​កងទ័ព​អ៊ុយក្រែន រថពាស​ដែក​ទាំងនោះ​មាន​ដាក់​ទង់ជាតិ​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី ប៉ុន្តែ អ្នកដែល​បើក និង​ទាហាន​ប្រដាប់​អាវុធ​សុទ្ធតែ​ជាជនជាតិ​រុស្ស៊ី។​

រុស្ស៊ីវិញ គឺ​ដូចជា​សព្វដង បាន​បដិសេធ​ ​រុញច្រាន​ចោល​ការចោទប្រកាន់​យ៉ាង​ដាច់ណាត់​ដោយ​អះអាង​ថា ទាហាន​រុស្ស៊ី​កំពុង​ធ្វើ​លំហាត់​យោធា​នៅ​តាម​ព្រំដែន នៅក្នុង​ទឹកដី​រុស្ស៊ី ប៉ុន្តែ មិន​បាន​ឈ្លានពាន​ចូលទៅក្នុង​ទឹកដី​អ៊ុយក្រែន ដូចដែល​ទីក្រុង​គៀវ​បាន​ចោទប្រកាន់​នោះទេ។ ប្រមុខការបរទេស​រុស្ស៊ី​ដែល​ទាមទារ​​ឲ្យ​កងទ័ព​អ៊ុយក្រែន​បង្ហាញ​ភស្តុតាង​បាន​វាយតម្លៃថា ព័ត៌មាន​ចាប់​ទាហាន​រុស្ស៊ី​នៅក្នុង​ទឹកដី​អ៊ុយក្រែន​ជារឿង​ប្រឌិត​ឡើង ដើម្បី​ទម្លាក់​កំហុស​លើ​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ  
ប្រធានាធិបតី​អ៊ុយក្រែន លោក​ ប៉ូរ៉ូ​ឆិនកូ​បាន​សម្រេច​រំលាយ​សភា ព្រោះថា រដ្ឋាភិបាល​បង្រួបបង្រួម ដែល​កើតឡើង​ពីការចូលរួម​​របស់​គណបក្សបី​​បាន​ចុះខ្សោយ បន្ទាប់ ពី​គណបក្ស​សំខាន់​​ពីរបាន​ដើរចេញ​ពី​រដ្ឋាភិបាល​កាលពី​ខែ​កក្កដា​កន្លងទៅ។ ដោយសារ​តែ​រដ្ឋាភិបាល​ចុះខ្សោយ​ លោក​ ប៉ូរ៉ូ​ឆិនកូដែល​ជាប់ឆ្នោត​ជាប្រធានាធិបតី​កាលពី​ខែ​ឧសភា​ ​បាន​ប្រកាស​​​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ជាថ្មី នៅ​ថ្ងៃទី ២៦​តុលា​ខាងមុខ។ តាម​លោកប្រធានាធិបតី អ៊ុយក្រែន លោក​រំលាយ​សភា ព្រោះ​សមាជិក​ភាគច្រើន​របស់​សភា​អ៊ុយក្រែន​មួយចំនួន​ធំ​នៅ​គាំទ្រ​មេដឹកនាំ​អ៊ុយក្រែន​ចាស់ គឺ​ក្រុម​ដែល​និន្នាការ​គាំទ្រ​ក្រុម​ឧទ្ទាម​បំបែក​ទឹកដី​ដែល​និយម​រុស្ស៊ី។ ដូ​ច្នេះ ដើម្បី​អាច​ធ្វើ​កំណែទម្រង់​ស្របទៅតាម​ការចង់បាន​របស់​ប្រជាជន​អ៊ុយក្រែន លោក​មានតែ​រំលាយ​សភា​ចាស់​ចោល។ សភា​ដែលតែង​តែ​ធ្វើ​ច្បាប់​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន។

តាមអ្នកវិភាគ តាមរយៈ​ការបោះឆ្នោត​សភា​ថ្មី លោក​ប្រធានាធិបតី​អ៊ុយក្រែន​មាន​បំណងប្រមូល​ការគំាទ្រ​ច្រើន​សម្រាប់​គណបក្ស​សាមគ្គី​របស់​លោក។ ប៉ុន្តែ បើ​សិន​លោក​ប្រធានាធិបតី​មិន​អាច​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅភាគខាងកើត​អ៊ុយក្រែន​នោះទេ នោះ​គណបក្ស​របស់​លោក​ប្រធានាធិបតី​នឹង​អាច​​បាត់បង់​ប្រជាប្រិយភាព និង​ការគាំទ្រ មួយ​កម្រិត​​បន្ថែមទៀត ព្រោះថា សព្វថ្ងៃនេះ ប្រជាជន​អ៊ុយក្រែន ដែល​ខ្វល់ខ្វាយ​ពី​អស្ថិរភាព​ដែល​កំពុង​កើត​ឡើង​នៅ​ភាគខាងកើត​អ៊ុយក្រែនរួចទៅហើយនោះ ក៏​កំពុង​រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល​ថ្មី​​ពី​អសមត្ថភាព​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​អំពើពុករលួយ​ដែល​នៅ​បន្ត​ស៊ីរូង​ផ្ទៃក្នុងសង្គម​អ៊ុយក្រែន មិន​ថា អ៊ុយក្រែនផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មីក៏ដោយ៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ