អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប-អ៊ុយក្រែន

ក្រុមហ៊ុន​ដែកថែប​យក្ស​រុស្ស៊ីNLMK ​គំរាម​លុបចោល​ការងារ​រាប់ពាន់​នៅអឺរ៉ុប​ ករណី​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​

ក្រុមហ៊ុន​ដែកថែប​ដ៏ធំ​របស់​រុស្ស៊ី ហៅ​កាត់ថា​​ ​NLMK បាន​​គំរាម​​លុបចោល​ការងារ​​រាប់ពាន់​​នៅ​អឺរ៉ុប ករណី​មាន​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ប្រឆាំងរុស្ស៊ី។ ក្រុមហ៊ុន​ដែកថែប​រុស្ស៊ី​បានសរសេរ​លិខិត​​​ព្រមាន​បែបនេះ ទៅ​គណៈកម្មការ​​អឺរ៉ុប។ ​​​សារព័ត៌មាន​​​បែលហ្ស៊ិក​មួយ បាន​ចុះ​ផ្សាយ​​លិខិត​នេះ​​ នៅ​ថ្ងៃ​ពុធ​នេះ។

ផលិតកម្ម​ដែកថែប​នៅ​អឺរ៉ុប
ផលិតកម្ម​ដែកថែប​នៅ​អឺរ៉ុប Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដែកថែប​រុស្ស៊ី​​ NLMK បាន​សរសេរ​លិខិត​ទៅកាន់គណៈកម្មការ​អឺរ៉ុប​ក្រុង​ព្រុចសែល ​គម្រាម​លុបចោល​ការងារ​ធ្វើ​ចំនួន​រាប់ពាន់​នៅអឺរ៉ុប ព្រមាន​អោយ​​សហភាពអឺរ៉ុប​​ធ្វើការ​ប្រុងប្រយ័ត្ន​ ករណី​​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ណាមួយ​ប្រឆាំងរុស្ស៊ី។ លិខិត​ព្រមាន​​​នេះ ក៏​ត្រូវបានផ្ញើ​​អោយ​រដ្ឋាភិបាលបែលហ្ស៊ិក បារាំង អ៊ីតាលី និង​ដាណឺម៉ាក​ផងដែរ។ ក្នុង​លិខិត​នោះ ក្រុមហ៊ុន​ដែកថែប​​​រុស្ស៊ី NLMK លើកឡើង​ពី​បញ្ហា​នៃ​ការ​ផ្គត់ផ្គង់​ដែកថែប​សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ ​នៅអឺរ៉ុប ​និង​ពី​ការបិទទ្វារ​​​ទីតាំង​ផលិត​​​ ជា​បណ្តោះអាសន្ន រឺ​ក៏​ជា​ប្រចាំ​តែម្តង នៅ​អឺរ៉ុប។

ក្រុមហ៊ុន​ដែកថែប​រុស្ស៊ី NLMK ដឹកនាំ​ដោយ​សេដ្ឋីជនជាតិ​រុស្ស៊ី​ Vladimir Lissine។ ក្នុង​ប្រទេស​​ចំនួន​៤​​នៅ​អឺរ៉ុប​ គឺបារាំង​ អ៊ីតាលី ដាណឺម៉ាក និង​បែលហ្ស៊ិក មាន​មនុស្ស​២៥០០នាក់ បម្រើការ​អោយ​​ក្រុមហ៊ុន​ដែកថែប​រុស្ស៊ី​ NLMK ។ នៅ​បែលហ្ស៊ិក​ អ្នក​ធ្វើការ​អោយ​ក្រុមហ៊ុន​រុស្ស៊ី​មួយនេះ ​មាន​ប្រមាណ​មួយពាន់នាក់ ហើយ​នៅ​​​បារាំង​ មាន​អ្នកបម្រើការ​​១៦៧នាក់។ ការផលិត​ដែកថែប​នៅ​អឺរ៉ុប ​បាន​ជួបការ​ធ្លាក់ចុះជាប្រចាំ។ ​​​ប្រសិន​បើ​​ក្រុមហ៊ុនដែកថែប​រុស្ស៊ី ​បញ្ឈប់​ការគាំទ្រ​ហិរញ្ញវត្ថុ​​​​ទៀតនោះ នោះ​​មនុស្ស​រាប់ពាន់​​នៅ​អឺរ៉ុប​ដែល​បម្រើការងារក្នុង​ផ្នែកដែកថែប​នេះ នឹ​ង​បាត់បង់​ការងារ​ធ្វើ​ជាមិនខាន។ គួររំលឹក​ថា ប្រាក់ខែ​សម្រាប់​គ្រប់​អ្នកបម្រើការងារ​​​អោយ​ក្រុមហ៊ុន​រុស្ស៊ីមួយនេះ​ នៅ​អឺរ៉ុប ​គិត​ក្នុង​ឆ្នាំ​២០១៣ ​​មាន​ដល់​ទៅ​១៦១លាន​អឺរ៉ុ​ឯណោះ។

​លោកស្រី​ការ៉ូលីន ម៉ារលែរ ជា​អ្នកនាំពាក្យ​ក្រុមហ៊ុនដែក​ថែប​រុស្ស៊ី នៅ​អឺរ៉ុប​​ បាន​​លើកឡើង​ថា លិខិត​នេះ​​មិនមែន​ជា​ការគម្រាម​​ទេ ​វា​ជា​សកម្មភាព​បង្ហាញ​ពី​ការ​ត្រៀម​​ការពារ​ ដើម្បី​អោយមានការយកចិត្ត​ទុកដាក់​​ចំពោះ​ផលវិបាក​បង្កឡើង​ដោយ​ទណ្ឌកម្ម​ ប្រឆាំងរុស្ស៊ី។ ​គណៈកម្មការ​អឺរ៉ុប​​​បានតប​ទៅក្រុមហ៊ុន​ដែកថែប​រុស្ស៊ី​វិញ​ថាគណៈ​​កម្មការ ​​​កំពុង​​វាយតម្លៃ​លើ​ផលប៉ះពាល់បង្កឡើង​ដោយការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ប្រឆាំង​រុស្ស៊ី ហើយ​​​ពាក្យពេចន៍​អ្នកផ្សេងៗ​ទាក់ទង​នឹង​រឿងនេះ មិនបាន​ប៉ះពាល់​គណៈកម្មការ​អឺរ៉ុប​នោះទេ។

គួរបញ្ជាក់​ថា ​​ការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​​ប្រឆាំងរុស្ស៊ី​ អាច​សម្រេច​បាន​​លុះត្រា​តែ​មាន​ការ​យល់ព្រម​ពី​គ្រប់​ប្រទេស​សមាជិកសហភាព​​ អឺរ៉ុប​ទាំង​២៨។ ប្រទេស​សមាជិក​ទាំងនេះ​តែង​​មានការយល់ឃើញ​ផ្ទុយគ្នា​លើ​ទណ្ឌកម្ម​​ប្រឆាំង​ រុស្ស៊ី។ ក្នុង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បតិ្ត​ រឺ​ក៏ផ្អាកទិដ្ឋាការ​​​ធ្វើដំណើរ​​កន្លងមក ​​សហភាព​អឺរ៉ុប​គ្រាន់តែ​បាន​​បន្ថែម​ ​ឈ្មោះ​ថ្នាក់ដឹកនាំ​រុស្ស៊ី និង​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ដែល​គាំទ្រ​រុស្ស៊ី អោយ​ឡើង​ដល់ចំនួន​៣៣នាក់ប៉ុណ្ណោះ ពោល​គឺ​មិនទាន់​មានអ្វីធំដុំ​នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ