អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងម៉ូស្គូ​បញ្ចេញ​កំហឹង​ចំពោះ​ការបាញ់​ប្រហារ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​

នៅភាគខាងកើត​​អ៊ុយក្រែន ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នកបះបោរ​គាំទ្រ​រុស្ស៊ី​បានប្រាប់ថា ​មាន​​​មនុស្ស៤នាក់​ ​បាន​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​​មួយ​ នៅ​ជិត​ក្រុង​ស្លាវីយ៉ង់ Slaviansk។ លោក​ Viatcheslav Ponomarev វីយ៉ាតឆេស្លាវ ​ប៉ូណូម៉ារេវ ដែល​បាន​ប្រកាស​​ម្នាក់ឯង​ថា ខ្លួន​​ ជា​ចៅហ្វាយ​ក្រុង​​​ស្លាវីយ៉ង់​នោះ​ ​បានដាក់​ចេញ​បម្រាម​គោចរ​ មិនអោយ​​ប្រជាជន​ចេញដើរ​​ពី​ពាក់កណ្តាល​អាធ្រាត​ ​រហូត​ដល់​ម៉ោង​៦ព្រឹក។ ​ការបាញ់ប្រហារ​​នេះ​កើតឡើង តែ​៣ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​​​ពេល​​​អ៊ុយក្រែន សហភាពអឺរ៉ុប អាមេរិក និងរុស្ស៊ី ​ទើប​បាន​សម្រេច​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​វិបត្តិ​​អ៊ុយក្រែន​។ ​​រុស្ស៊ី​បាន​​​បរិហារ​​​ថា ក្រុមជាតិ​និយមអ៊ុយក្រែន ជា​អ្នក​​​ធ្វើការ​​ប្រហារ​ជនស៊ីវិល​ស្លូតត្រង់។ ​​ 

រថយន្ត​​ដែល​ឆេះ ជិត​​កន្លែង​​កើតហេតុការណ៍​បាញ់ប្រហារថ្ងៃ​២០មេសា ជិត​ក្រុង​ស្លាវីយ៉ង់។
រថយន្ត​​ដែល​ឆេះ ជិត​​កន្លែង​​កើតហេតុការណ៍​បាញ់ប្រហារថ្ងៃ​២០មេសា ជិត​ក្រុង​ស្លាវីយ៉ង់។ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

នៅអ៊ុយក្រែន ​ថ្ងៃ​អាទិត្យ​​នេះ​ ការបាញ់ប្រហារ​បានកើតឡើង នៅ​ភាគខាងកើត​ ជិត​ក្រុង​ស្លាវីយ៉ង់ សម្លាប់​មនុស្ស​ជាច្រើន​នាក់។ អ្នកថតរូប​សារព័ត៌មាន​បារាំង AFP អា អេហ្វ ប៉េ បាន​​ឃើញ​​សាកសព​សកម្មជន​គាំទ្រ​រុស្ស៊ី​២នាក់ ត្រូវបាន​គេ​ដាក់​ចូល​ក្នុងរថយន្ត​កាំម្ញ៉ុង​តូចមួយ។ ប្រឈម​នឹង​អំពើហិង្សា​​នេះ ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែនបារម្ភ​ខ្លាច​​មាន​ការវាយលុក​កើតឡើង​​ ហើយ​​​​បាន​ចុះ​ទៅ​ភាគខាងកើតប្រទេស​ ដើម្បី​​ត្រួតពិនិត្យ​កងការពារ​ដែល​ដាក់ពង្រាយ​ដើម្បី​ទប់ទល់​នឹង​ការ​បះបោរ​របស់​ក្រុម​អ្នកផ្តាច់ទឹកដីនិយម​ ​នៅទីនោះ។  ​

ការបាញ់ប្រហារ​នេះ ធ្វើអោយ​រដ្ឋាភិបាល​​រុស្ស៊ី​​​ខឹងសម្បារ​ជា​ខ្លាំង និងបាន​បរិហារ​ទំលាក់​កំហុស​​ការ​បាញ់ប្រហារ​នេះ ទៅលើ​​​ក្រុម​ជាតិនិយម​អ៊ុយក្រែន​​។ សម្រាប់​រុស្ស៊ី ដែល​ទើប​សម្រេច​ចេញកិច្ចព្រមព្រៀង​បញ្ចប់វិបត្តិ​នយោបាយ​អ៊ុយក្រែន ​នៅ​​ពាក់កណ្តាល​សប្តាហ៍​​នេះ ​ការ​បាញ់ប្រហារ​នេះ ស​បង្ហាញ​​ថា​អាជ្ញាធរ​ក្រុងគៀវ ​គ្មាន​​​បំណង​​ល្អ​ពេញលេញ ​​ក្នុង​​ការ​សម្រេច​អោយ​ក្រុម​ជាតិនិយម និង​ក្រុម​ជ្រុលនិយម​ដាក់អាវុធ​ចុះបានទេ។ ក្រុម​ជាតិនិយម​អ៊ុយក្រែន​ខាងផ្នែក​ច្បាប់ បាន​បដិសេធ​ថា​មិនបាន​បង្ក​ការបាញ់​ប្រហារ​នេះឡើយ ហើយ​បាន​​ទំលាក់​​ការទទួល​ខុសត្រូវ​ទៅ​​កងកម្លាំង​ពិសេស​រុស្ស៊ីវិញ ដោយ​ចោទ​ថា ការបាញ់ប្រហារ​នេះ​ជា​ការផ្គើន​ដាក់បណ្តាសា​ ពី​សំណាក់​រុស្ស៊ី ព្រោះវាធ្វើ​ឡើង​ចំ​​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃ​​បុណ្យ​សាសនា​គ្រិស្ត។   

គួររំលឹក​ថា ក្នុង​ជំនួប​ចតុភាគីរវាង​រុស្ស៊ី អ៊ុយក្រែន សហភាពអឺរ៉ុប និងអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​១៧មេសា កន្លងទៅ ភាគី​ទាំងអស់​បាន​ស្រុះស្រួល​គ្នាសម្រេចបាន​កិច្ចព្រមព្រៀង​មួយ។ ជា​កិច្ចព្រមព្រៀង​ចែងដកហូត​អាវុធ​ពី​ក្រុមប្រដាប់​អាវុធ​ខុសច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាពនៅ​អ៊ុយក្រែន ចែង​បញ្ចប់​ហិង្សា សកម្មភាពបង្ក្រាប រឺ​ការ​បង្ករឿង​ពី​គ្រប់ភាគី និង​ចែង​មិន​យក​ទោសពៃរ៍​សកម្មជន​គាំទ្រ​រុស្ស៊ី ដែលបាន​ចូលរួម​បះបោរ។ អង្គការ​សន្តិសុខ​និង​សហ​ប្រតិបត្តិការ​​អឺរ៉ុប​ជា​អ្នក​ត្រួតពិនិត្យ​មើល​ការ​អនុវត្តន៍​កិច្ចព្រមព្រៀងនេះ។

នៅថ្ងៃ​អាទិត្យ​នេះ ​អន្តរការី​ម្នាក់​នៃ​​អង្គការសន្តិសុខ​និង​​សហប្រតិបត្តិការ​អឺរ៉ុប ​មាន​វត្តមាន​នៅ​ក្រុង​ដូណេត ​ចំងាយប្រមាណ​​១០០គីឡូម៉ែត្រ​ពី​ក្រុង​ស្លាវីយ៉ង់ដែល​រងការបាញ់​ប្រហារ​នេះ  ដើម្បី​ព្យាយាម​ចរចារ​​​អោយ​ក្រុម​ផ្តាច់ទឹកដីនិយម​គាំទ្រ​រុស្ស៊ី​ដែល​កំពុងកាន់កាប់​អគារ​សាធារណៈ​​នៅទីនោះ អោយ​យល់ព្រម​ដកថយ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ