អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ភាគ​ខាងកើតអ៊ុយក្រែន​ខុស​ពី​គ្រីមេ យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​​​អ៊ុយក្រែន​ បាន​ចូល​ដល់​វគ្គ​តាន​តឹង​ថ្មី មួយ​ដំណាក់​ទៀត បន្ទាប់​ពី​កង​កម្លាំង​ស្និទ្ធ​នឹង​រុស្ស៊ី​បាន​ចូល​កាន់​កាប់​អាគារ​និង​ស្ថាប័ន​រដ្ឋ​ ក្នុង​ក្រុង​ធំៗ​ភាគ​ខាងកើត​ប្រទេស​ ជាមួយ​នឹង​ការ​ទាមទារ​ធ្វើ​ប្រជាមតិ​សុំ​ស្វ័យភាព និង​ផ្តាច់​ខ្លួន​ចេញ​ពី​អំណាច​កណ្តាល​ក្រុង​គៀវ។ គឺ​ដូច​គ្នា​នឹង​តំបន់​ភាគ​ខាង​ត្បូង គ្រីមេ ដែល​ទើប​ភ្ជាប់​ខ្លួន​ទៅ​នឹង​រុស្ស៊ី​ តាម​រយៈ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី ១៦​មីនា។ ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ថ្មី​នេះ​ រដ្ឋាភិបាល​ក្រុង​គៀវ​ បានប្រកាស​​បើក​ប្រតិបត្តិការ​ប្រឆាំង​ភេរវជន បញ្ជូន​ប៉ូលិស​និង​ទាហាន​ រថក្រោះ​ទៅ​ការពារ​ភាគ​ខាង​កើត។រដ្ឋាភិបាល​ អ៊ុយក្រែន មិន​អាច​បណ្តោយ​ឱ្យ​ភាគ​ខាងកើតរបូត​បាត់​ឡើយ ​​តំបន់​នេះ​មាន​ទាំង​ទម្ងន់​សេដ្ឋកិច្ច និង​ប្រជាជន។

ផែនទី​បញ្ជាក់​តំបន់​និយាយ​ភាសា​រុស្ស៊ីលើស​ពី​១០%​​នៅ​អ៊ុយក្រែន​
ផែនទី​បញ្ជាក់​តំបន់​និយាយ​ភាសា​រុស្ស៊ីលើស​ពី​១០%​​នៅ​អ៊ុយក្រែន​ DR
ផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ពី​តំបន់​គ្រីមេ ដែល​ទើប​ភ្ជាប់​ខ្លួន​នឹង​អ៊ុយក្រែន​នៅ​ឆ្នាំ​១៩៥៤​ បណ្តា​ជន​អ៊ុយក្រែន​នៅ​ភាគ​ខាង​កើត​ មាន​ប្រវត្តិ​និង​ចំណង​រួម​ជាមួយ​ក្រុង​គៀវ តាំង​ពី​យូរ​លង់ បើ​ទោះ​បី​ជា​ដែន​ដី​អ៊ុយក្រែន​​បានឆ្លង​កាត់​ចលនា​​ពង្រីក​បង្រួម​ព្រំដែន​ឥត​ឈប់​ តាំង​ពី​សតវត្សរ៍ទី​១០​មក​ក៏​ដោយ។

► សូម​អាន ៖ ពី​បដិវត្តក្រុង​គៀវ ទៅ​ការ​សើរើ​ប្រវត្តិ​គ្រីមេ

ទន្លេ​Dniepr ដែល​ហូរ​កាត់​ពី​ជើង​ទៅ​ត្បូង​ប្រទេស ត្រូវ​បាន​គេ​ប្រើ​ជា​​គំនូស​សម្រាប់​​បែង​ចែង​ភាគ​ខាង​កើត និង​ខាង​លិច​។ ភាគ​ខាង​កើត​ទន្លេ បាន​ចូល​ស៊ុបក្រោម​រណប​​ចក្រភព​រុស្ស៊ី​ តាំ​ង​ពី​សតវត្ស​រ៍ទី ១៧ ឯ​ភាគ​ខាង​លិច​ជា​អតីត​ចំណែកមួយ​របស់​ប៉ូឡូញ។ អ៊ុយក្រែន​ឯករាជ្យ មូល​គ្នា​ខាង​លិច​និង​ខាង​កើត​ ទើប​មាន​កំណើត​នៅ​ឆ្នាំ​១៩១៨ មុន​នឹង​បញ្ចូល​ខ្លួន​ជា​រដ្ឋ​សមាជិក​សហភាព​សូវៀត​ នៅ​ឆ្នាំ​១៩២២ (រយៈពេល​៧០​ឆ្នាំ)។

ប្រវត្តិសាស្ត្រ​ដ៏​ពុះ​កញ្ជ្រោល​ ព្រំដែន​ប្តូរ​រំកិល​ជា​ញឹក​ញយ​ ការ​ចងចាំ​ប្រេះ​ឆា​រវាង​ខាងកើត​និង​ខាងលិច មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍​រស់​លាយ​លំ​គ្នា ទាំង​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណង​វប្បធម៌​និង​អរិយធម៌ ភាសា​របស់​បណ្តាជន​ភាគ​ខាង​កើត​ជាមួយ​នឹង​រុស្ស៊ី។ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​ ក៏​បណ្តា​ជន​នៅ​ដូណេស នៅ​ខាគីវ … តំបន់​និយាយ​ភាសា​រុស្ស៊ី​​ (១០%)មែន តែ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​ខ្លួន​ជា​អ៊ុយក្រែន​ និង​និយាយ​ភាសា​អ៊ុយក្រែន​ជា​យាន រស់​ចម្រុះ​គ្នា​ជា​មួយ​​ជាតិ​​សាសន៍​អាមេនី ហ្ស័កហ្ស៊ី ឬ​ក្រិច ក្នុងនាម​ជា​ប្រជាជាតិ​អ៊ុយក្រែន មិន​ដូច​នៅគ្រីមេ ដែល​មាន​ប្រជាជន​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី​ទេ។ ការ​ស្ទង់​មតិ​ចុង​ក្រោយ​បង្ហាញ​ថា​ប្រជាជន​នៅ​ក្រុង​ដូណេស ៧០%​ចង់​ផ្ញើ​អនាគតលើ​អ៊ុយក្រែន។

ប៉ុន្តែ​លើ​ផ្នែក​នយោបាយ​វិញ ភាព​ប្រេះឆា​មាន​ខ្លាំង រវាង​អ៊ុយក្រែន​ភាគ​កណ្តាល-ភាគ​ខាង​លិច ​និង​អ៊ុយក្រែន​ភាគ​ខាង​ត្បូង​និង​ខាង​កើត។ តាំង​ពី​បាន​ឯករាជ្យ​មក ម្ខាងគាំទ្រ​នយោបាយ​ស្និទ្ធ​នឹង​អឺរ៉ុប​ខាង​លិច ម្ខាង​គាំទ្រ​អ្នក​នយោបាយ​ស្និទ្ធ​នឹង​ម៉ូស្គូ។ បដិវត្ត​លឿង​ទុំ​ឆ្នាំ​២០០៤-២០០៥ បាន​បង្កើន​លឿន​ខិត​ចូល​ជិត​លោក​ខាង​លិច តែ​ក៏​បាន​ធ្វើ​ប្រជាជន​ចាប់​ផ្តើម​បែង​ចែង​គ្នា​ខ្លាំង​អំពី​អនាគត​របស់​អ៊ុយក្រែន ៖ ខាង​កើត​មើល​ឃើញ​រុស្ស៊ី​ជា​ប្រទេស​អាច​ធានា​ស្ថិរភាព​ឱ្យ​អ៊ុយក្រែន​បាន តែ​ខាង​លិច​គិត​ថា​រុស្ស៊ី​កំពុង​ប្រើ​អំណាច​ចក្រភព​ គ្រប់គ្រង​និង​កាច់​ចង្កូត​អ្នក​នយោបាយ​អ៊ុយក្រែន។ មេ​ដឹកនាំ​​នយោបាយ​ក៏​បាន​ឆ្លៀត​យកគម្លាត​នយោបាយ​នេះ​ មក​បែង​ចែក​កាន់​តែ​ច្បាស់​រវាង​លិច​និង​កើត។ ​

ចំពោះ​វិស័យ​សេដ្ឋកិច្ច​វិញ​ នៅគ្រីមេ មាន​ប្រជាជន​សរុប​រស់​នៅ​ជិត​ពីរលាន​នាក់ រស់​ពឹង​លើ​វិស័យ​ទេសចរណ៍ និង​សកម្មភាព​សមុទ្ទ​នៅ​កំពង់​ផែ​សេបាស្តូប៉ូល។ ឯ​តំបន់​ភាគ​ខាង​កើត​និយាយ​ភាសា​រុស្ស៊ី​វិញ មាន​មនុស្ស​រស់​នៅ​​​ជិត​៥​លាន​នាក់ (ស្មើ​នឹង​មួយ​ភាគ​១០​នៃ​បណ្តា​ជន​អ៊ុយក្រែនសរុប) ជាមួយ​នឹង​ដង់ស៊ីតេ​ប្រជាជន​យ៉ាង​ខ្ពស់​​ ជា​តំបន់​ឧស្សាហកម្មសំបូរ​បែប សម្បូរ​ដោយ​ធនធានធម្មជាតិ ធ្យូង​ថ្ម រ៉ែ​ដែក ដែក​ថែប ធ្វើ​ឱ្យ​​​ជីវភាពប្រជាជន​តំបន់​នេះ​ខ្ពស់​ជាង​គេ​បង្អស់​​ បើ​ប្រៀប​ទៅ​ប្រជាជន​អ៊ុយក្រែន​ទាំង​មូល។ មាន​ឯកទេស​ផ្នែក ឧស្សាហកម្ម​ ​តាំង​ពី​សតវត្សរ៍ទី ១៨​មក ​​ ផលិត​ផល​ឧស្សាហកម្ម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ តំណាង​ឱ្យ​២០%​នៃ​នាំ​ចេញ​របស់​ប្រទេស ដែល​អាច​បំពេញ​ប៉ះ​ប៉ូវ​គ្នា​បានទាំង​ស្រុង​ជាមួយ​នឹង​អ៊ុយក្រែន​ភាគ​ខាង​លិច និងកណ្តាល​ជា​តំបន់​កសិកម្ម។

►សូម​អាន ៖ នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​ទៅ​ភាគ​ខាង​កើត​ ដើម្បី​បញ្ចុះ​កម្តៅ

ប៉ុន្តែ​តាំង​ពី​អតីត​ប្រធានាធិបតី​ស្និទ្ធ​នឹង​រុស្ស៊ី វិចទ័រ យ៉ាណូកូវិច បាន​ធ្លាក់​ចេញ​ពី​តំណែង (ថ្ងៃទី ២២​កុម្ភៈ២០១៤) ភាគ​ខាង​កើត​បាន​ក្លាយ​ជា​ឆាក​ល្ខោន​នៃ​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​គៀវ​ថ្មី ជា​រៀង​រាល់​សប្តាហ៍​។ មូលហេតុ​នៃ​បាតុកម្ម​គឺ​ មក​ពីការ​ព្រួយ​បារម្ភ​ច្រើន ម្យ៉ាងដោយ​សារ​ការ​ឃោសនា​របស់​រុស្ស៊ី តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងតំបន់​នេះ ម្យ៉ាង​មក​ពី​មិន​ទុក​ចិត្ត​នឹង​អំណាច​កណ្តាល​ក្រុង​គៀវ ព្រមទាំង​ខ្វល់​ខ្វាយ​អំពី​ផលវិបាក​សេដ្ឋកិច្ច ប្រសិន​បើ​អ៊ុយក្រែន​ចូល​ស្និទ្ធ​នឹង​សហភាព​អឺរ៉ុប។ តាមការពិត​បណ្តា​ជន​ភាគ​ខាង​កើត​ក៏​បានចូល​រួម​ធ្វើ​បាតុកម្ម​នៅទីលាន​ម៉ៃដាន ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​លោក យ៉ាណូកូវិច​ដែរ។ អ្នក​វិភាគ​ខ្លះ​យល់​ថា មក​ពី​អាជ្ញាធរ​ថ្មី​អ៊ុយក្រែន ធ្វេស​ប្រហែស​ទុក​តំបន់​ខាងកើត​ដ៏​ផុយស្រួយ​ចោល​យូរពេក​ ទើប​ធ្វើ​ឱ្យការ​ប្រេះ​ឆា​កាន់​តែ​រីក​ខ្លាំង​ដូច្នេះ។ ព្រោះ​សូម​ជម្រាប​ថា គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ទី ១១​មេសា​ ទើប​ឃើញ​តំណាង​រដ្ឋាភិបាល​ថ្មី​អ៊ុយក្រែន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ដូណេស។ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ហាក់​បាន​ទទួល​ស្គាល់​ថា​ភាគ​ខាង​កើត​​​មិន​មែន​ជា​ដែន​អំណាច​សម្រាប់​ប្រមូល​សំឡេង​ឆ្នោត។ ឥឡូវ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរ គឺ​ការ​បោះឆ្នោត​នេះ​តែ​ម្តង​ដែល​កំពុង​អាច​រង​គ្រោះ​ថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ