អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​ការទូត ៖ រុស្ស៊ី​តួឯក​ខាង​ធ្វើ​ព្យុះធ្វើ​ភ្លៀង​ក្នុង​វិបត្តិ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខុស​ពី​ការ​គិត​ទុក ជំនួប​ប្រជុំ​ចតុ​ភាគីស្តី​ពី​វិបត្តិ​អ៊ុយក្រែន នៅ ទីក្រុង​ហ្សឺណែវ ម្សិលមិញ បាន​បិទ​បញ្ចប់​ទៅ​ជាមួយ​ នឹង​កិច្ចព្រម​ព្រៀង​ការទូត​មួយ​ ដើម្បី​សាក​ល្បង​ទម្លាយ​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប រុស្ស៊ី និង​អ៊ុយក្រែន​​ផ្ទាល់ បាន​​ចុះ​ហត្ថលេខា​លើក​ឯកសារ ដែល​មានចែង​អំពី​ផែនការ​ដោះស្រាយ​វិបត្តិ​ឱ្យ​ភាគ​ខាង​កើត​អ៊ុយក្រែន​ជា​ដំណាក់ៗ។ បើ​ទោះ​បី​​មាន​ចំណុច​ស្រពិច​ស្រពិល​ច្រើន​ក្តី​ ក៏​នេះ​ជា​ការ​វិវឌ្ឍន៍​​ដ៏​សំខាន់​មួយ និង​ដែល​គ្មាន​នរណា​នឹង​ស្មាន​ដល់​សោះ។

លោក Sergeï Lavrov បង្ហាញ​កិច្ចព្រមព្រៀង​ហ្សឺណែវ ស្តី​ពី​វិបត្តិ​អ៊ុយក្រែន​ ទៅ​កាន់​អ្នក​សារព័ត៌មាន ថ្ងៃទី ១៧​ មេសា ២០១៤
លោក Sergeï Lavrov បង្ហាញ​កិច្ចព្រមព្រៀង​ហ្សឺណែវ ស្តី​ពី​វិបត្តិ​អ៊ុយក្រែន​ ទៅ​កាន់​អ្នក​សារព័ត៌មាន ថ្ងៃទី ១៧​ មេសា ២០១៤ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ការទូត​នេះ គ្រោង​នឹង ៖

 
-          ទម្លាក់​ និង​ដក​ហូត​អាវុធ ចេញពី​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​ដែល​កំពុង​មាន​សកម្មភាព​នៅ​អ៊ុយក្រែន។ ក្រុម​នេះត្រូវ​ចាក​​ចេញ​ពី​តំបន់​កាប់​កាប់​ស្ថាប័ន​សាធារណៈ។ បើ​តាម​ក្រុង​គៀវ ជន​ប្រដាប់​អាវុធ​គ្មាន​ឯកសណ្ឋាន គ្មាន​អាំងស៊ីង ឬ​សញ្ញា​អត្តសញ្ញាណ​ក្រុម​នេះ ជា​កងទ័ព​ពិសេស​រុស្ស៊ី តែ​លោក​ប្រធានាធិបតី​ពូទីន បាន​បដិសេធ​ជា​ថ្មី ក្នុង​ពេល​ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាជន​ម្សិលមិញ។
-          បញ្ចប់​សកម្មភាព​ហិង្សា សកម្មភាព​បង្ក្រាប​ ឬ​ទង្វើ​បង្ក​រឿង ពី​គ្រប់​ភាគី។
-          មិន​យក​ទោស​ពៃរ៍​​បាតុករ​អ្នក​គាំត្រ​រុស្ស៊ី ដែល​បាន​ចូល​រួម​ធ្វើ​ការ​បះបោរ លើក​លែង​តែ​​អ្នក​ដែល​មាន​ទោស​ឧក្រិដ្ឋ។
-          បេសកកម្ម​ត្រួតពិនិត្យ​ ការ​គោរព​កិច្ចព្រមព្រៀង ត្រូវ​ប្រគល់​ទៅ​ឱ្យ​អង្គការ​សន្តិសុខ​ និង​សហរប្រតិបត្តិការ​អឺរ៉ុប (អូសេដេអឺ)

ក្នុង​ដំណាក់កាល​ទីពីរ​ នឹង​​មាន​ការ​ពិគ្រោះ​នយោបាយ ទាក់ទង​នឹង​ការ​បោះឆ្នោត​​ប្រធានាធិបតី​អ៊ុយក្រែន​ថ្ងៃទី ២៥​ឧសភា និង​ការ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ត្រង់​​ទំនាក់​ទំនង​ក្រុង​គៀវ និង​តំបន់​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន។ ប៉ុន្តែលោក​ប្រមុខ​ការទូត​រុស្ស៊ី បាន​លម្អិត​​​ចំណុច​នេះ​ទេ ព្រោះ​ជាផ្លូវការ​ម៉ូស្គូ​មិន​ទទួល​រដ្ឋាភិបាល​ក្រុង​គៀវ​បច្ចុប្បន្ន​ឡើយ។​

ប៉ុន្តែ​ករណី​ទាហាន​រុស្ស៊ី​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​ មិន​ត្រូវ​បាន​លោក ឡាវ្រូស លើក​មក​បំភ្លឺ​ទេ។ ឯ​កាលបរិច្ឆេទ និងការ​​កំណត់​ពេល​វេលាគោរព​កិច្ចព្រមព្រៀង ក៏​គ្មាន​សរសេរ​ក្នុង​អត្ថបទ​ព្រមព្រៀង​ការទូត​ម្សិលមិញ​ដែរ។
 
សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ គំរាម​ ​រៀប​ចំ​ទណ្ឌកម្ម​ ​សម្រាប់​ដាក់​ប្រឆាំង​នឹង​រុស្ស៊ី  ក្នុង​ករណី​កិច្ចព្រមព្រៀង​បរាជ័យ

​ម្សិលមិញ លោក​ប្រមុខ​ការទូត​អាមេរិក បាន​ប្រកាស​ថា​ចង់​ឃើញ​លទ្ធផល​ឆាប់ៗ ពីពេល​នេះ​ដល់​ដើម​សប្តាហ៍​ក្រោយ បើ​ពុំ​នោះ​ទេ​​​សហរដ្ឋ​អាមេរិកនឹង​ចាត់​វិធានការ​ថ្មី ពោល​គឺ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី។

ទាំង​សហភាព​អឺរ៉ុប ទាំងសហរដ្ឋ​អាមេរិក សុទ្ធ​តែ​អបអរ​នឹង​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​​។ ប៉ុន្តែ​ ក៏​គ្មាន​នរណា​ម្នាក់​ច្បាស់​លាស់​ក្នុង​ចិត្ត​ថា​​កិច្ចព្រមព្រៀង​ចុះ ហត្ថលេខា​ហើយ​នោះ នឹង​ត្រូវ​អនុវត្ត​បាន​។

ក្រុម​ប៉ូលិស​អ៊ុយក្រែន​នៅ​ Donetsk ភាគ​ខាង​កើត​ប្រទេស​ ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម ថ្ងៃទី ១៧ មេសា ២០១៤
ក្រុម​ប៉ូលិស​អ៊ុយក្រែន​នៅ​ Donetsk ភាគ​ខាង​កើត​ប្រទេស​ ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម ថ្ងៃទី ១៧ មេសា ២០១៤ Reuters/Marko Djurica

 
ក្រោយ​ការ​ប្រកាស​ថា​មាន​កិច្ចព្រមព្រៀង​ភ្លាម ក្រុម​បះបោរ​ចង់​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​រុស្ស៊ី​ នៅភាគ​ខាងកើត​អ៊ុយក្រែន បាន​ស្រែក​ភ្លាម​ថា​មិន​ចាក​ចេញ​ពី​ស្ថាប័ន​សាធារណៈ​ដែល​ពួក​គេបាន​ចូល​កាន់​កាប់​ក្នុង​ក្រុង​ជាង​១០​​នៅ​ភាគ​ខាងកើត​ទេ ដរាប​ណា​ក្រុម​បាតករ​ប្រដាប់​អាវុធ នៅ​ទីលាន​ម៉ៃដាន ក្រុង​គៀវ មិន​រំសាយ​ជំរំ​ ពី​ទីលាន​ឯករាជ្យ​កណ្តាល​រដ្ឋ​ធានី​ទេ​នោះ។​ មន្ទីរ​សាធារណៈ ស្ថាប័ន​រដ្ឋ​ នៅ​តែ​បន្ត​កាន់​កាប់​ដោយ​ក្រុម​អ្នក​បះបោរ​គាំទ្រ​រុស្ស៊ី​ជា​និច្ច​នៅ​ព្រឹក​នេះ។ ចំណែក​ខាង​គៀវ ក៏​មិន​ព្រម​បញ្ឈប់​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវជន​ដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ លោក​អូបាម៉ា និង​លោក​ហ្វ្រង់ស័រ ហូឡង់ រក្សា​ភាព​ប្រយ័ត្ន​ប្រយែង​ខ្លាំង ! ត្រូវ​តែ​រក្សា​គំនាប ប្រកាស​ថា​នឹង​អាច​មាន​ទណ្ឌកម្ម​ថ្មី​ ពី​អាមេរិក និង​ពី​សហភាព​អឺរ៉ុប ប្រឆាំង​រុស្ស៊ី​ប្រសិន​បើ​កិច្ចព្រមព្រៀង​ត្រូវ​ជួប​បរាជ័យ។

រុស្ស៊ី​កំពុង​ចង់​ដើរ​តួ​ជា​អ្នក​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន

រុស្ស៊ី​មាន​ពាក់ព័ន្ធ​នឹង​អ៊ុយក្រែន​ខ្លាំងណាស់ ! ដូច​យើង​បាន​ដឹង​ស្រាប់​តាំង​ពី​ដំបូង​មក​ហើយ អ៊ុយក្រែន​ធ្លាប់​ស្ថិតក្រោមឥទ្ធិពល​រុស្ស៊ី និងអតីត​សហភាព​សូវៀត​ អស់​រាប់​សតវត្សរ៍។ បណ្តាជន​អ៊ុយក្រែនមួយ​ភាគ​ក៏​និយាយ​ភាសា​រុស្ស៊ី។​ រុស្ស៊ី មិន​ដែល​គិត​បោះបង់​ដែន​អំណាច​នៅ​អ៊ុយក្រែន​ម្តង​ណា​ឡើយ គឺ​អ៊ុយក្រែន​ទេ ដែល​ខំ​ត្រដរ​ដក​ខ្លួន​​ ខិត​មក​រក​អឺរ៉ុប។ ការ​រេ​ចិត្ត​មក​រក​​អឺរ៉ុប​ ដែល​នាំ​ដល់​ការ​ផ្ទុះ​វិបត្តិ​អ៊ុយក្រែន​ឡើង។


►សូមអាន ៖ ភាគខាង​កើត​ខុស​ពី គ្រីមេ យ៉ាងណា ?

បន្ទាប់​ពី​​​គ្រីមេ​ ឥឡូវ​ដល់​ខាងកើត​ម្តង​ មហិច្ឆតា​របស់​ម៉ូស្គូ ពិត​ជា​ពិបាក​បញ្ឈប់​​ណាស់ ប៉ុន្តែ​ភាគ​ខាង​កើត​មិន​ដូច​ភាគ​ខាង​ត្បូង​គ្រីមេ​ទេ មិន​អាច​បញ្ជូនទ័ព​ចូល​ទឹក​ដី​អ៊ុយក្រែន​ជា​រដ្ឋ​ឯករាជ្យ​បាន​ឡើយ ព្រោះ​អាច​ត្រូវ​គេ​ចោទ​ថា​ឈ្លានពានចំៗ ! ហើយ​បើ​កាត់​យក​មក​រណប​ទាំង​ពីរ​ ប្រាកដ​ធ្ងន់ក​ខ្លាំង​ផ្នែក​ថវិកា។ អ៊ីចឹង​ហើយ​បាន​ជា​រុស្ស៊ី​ចង់​ឃើញ​អ៊ុយក្រែន​មាន​រដ្ឋ​សហព័ន្ធ​ ទើប​ងាយ​ជះ​​ឥទ្ធិពល​ ងាយ​គ្រប់គ្រង។ ដើម្បី​សម្រេច​កម្មវត្ថុ​នេះបាន រុស្ស៊ី មិន​បាច់​ប្រើ​កម្លាំង​បាយ​ទេ ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ អាច​ជាធ្នាក់​ដ៏​ប្រសើរ​ សម្រាប់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​លើ​ក្រុង​គៀវ​ និង​ដាក់​សម្ពាធ​លើ​ដៃគូ​បស្ចឹម​លោក ធ្វើ​យ៉ាងណា​ឱ្យ​អ៊ុយក្រែន​ស្គាល់​អស្ថិរភាព​ រដ្ឋាភិបាលក្រុង​គៀវ​មាន​ចំណុច​ខ្សោយ គ្មាន​​សមត្ថភាព​គ្រប់គ្រង​ប្រទេស ដែល​ទី​បញ្ចប់​ត្រូវ​គ្មាន​ជម្រើស​អ្វី​ត្រូវ​គោរព​តាម​ផែនការ​រុស្ស៊ី។

​អឺរ៉ុប នៅ​តែ​អះអាង​ដដែល​ថា​មិន​បោះបង់​អ៊ុយក្រែន​ទេ ព្រមទាំង​ជួយ​គាំទ្រ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​នយោបាយ។ ប៉ុន្តែសហភាព​អឺរ៉ុប​ខ្សោយ​ នៅ​ចំពោះ​មុខ​ការប្រើ​កម្លាំង និង​យុទ្ធសាស្ត្រ​បង្ក​អស្ថិរភាព​របស់​រុស្ស៊ី។ រុស្ស៊ី​របស់​លោកពូទីន ដែល​មាន​គោលការណ៍​នយោបាយ​ការបរទេស​ថ្មី តាំង​ខ្លួន​បាន​សម្រេច​ ជា​អ្នក​ការពារ​ ប្រជាជន​រុស្ស៊ី អ្នក​និយាយ​ភាសា​រុស្ស៊ី​ ទោះ​នៅ​ទីណា​ក៏​ដោយ។ ពូទីន​កំពុង​លុប​លាង​​ ​ប្រវត្តិសាស្ត្រ​នៃការ​រលំ​រលាយ​សហភាព​សូវៀត​ដ៏​អាម៉ាស​កាលពី​២០​ឆ្នាំមុន​ ដោយ​ធ្វើ​ឱ្យ​រុស្ស៊ី មាន​មោទនភាព​ឡើងវិញ។ ដំណាក់កាលទី​មួយ​ដែល​នាំ​រុស្ស៊ី​ឡើង​ឆាក​អន្តរជាតិ​គឺ​ស៊ីរី ទីពីរ​គឺ​អ៊ុយក្រែន។ ចុះ​តើ​នរណា​ជា​ទី​បី និង​ជាទី​បន្តបន្ទាប់ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ