អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​​អឺរ៉ុប​​បើក​​ទីផ្សារ​​ការងារ​​ដល់​​ពលរដ្ឋ​​រូមានី​​ និង​​ប៊ុលហ្ការី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​​ថ្ងៃ​១មករា ឆ្នាំថ្មី ២០១៤នេះ ប្រជាពលរដ្ឋ​រូម៉ានី និង​ប៊ុលហ្ការី​មាន​សិទ្ធិ​បំពេញ​ការងារ​ នៅ​ក្នុង​​គ្រប់​ប្រទេស​ទាំងអស់​នៃ​សហភាពអឺរ៉ុប។ ប្រទេស​ទាំងពីរ​​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ២០០៧ម្ល៉េះ។ វិធានការ​ថ្មីអនុញ្ញាត​អោយ​ពលរដ្ឋ​រូម៉ានី និង​ប៊ុលហ្ការី​ បាន​ចូលធ្វើការ​គ្រប់ទីកន្លែង​ក្នុង​សហភាពអឺរ៉ុប​ ធ្វើអោយ​​ប្រទេស​មួយចំនួន​ បែបយ៉ាង​​អង់គ្លេស និង​អាល្លឺម៉ង់ មាន​ការព្រួយបារម្ភ ពី​​លំហូ​ចូល​លើសលុប​នៃ​ជនអន្តោប្រវេសន៍ប្រទេស​ទាំងពីរ​ក្នុងទឹកដី​ខ្លួន និង​ការឈ្លានពាន​របស់ពួកគេ​ ក្នុង​ទីផ្សារការងារ​ជាតិ​​ខ្លួន។

ចាប់ពី​របបកុម្មុយនិស្ត​បាន​ដួលរលំ​នៅ​អឺរ៉ុប ក្នុង​កំឡុង​ឆ្នាំ១៩៨៩-១៩៩០ មក ​ពលរដ្ឋ​រ៉ូម៉ានី៣លាន​នាក់ និង​ពលរដ្ឋ​ប៊ុលហ្ការី​​១លាន​នាក់ បាន​ធ្វើចំណាក​ស្រុក ទៅ​កាន់អឺរ៉ុប​ខាងលិច
ចាប់ពី​របបកុម្មុយនិស្ត​បាន​ដួលរលំ​នៅ​អឺរ៉ុប ក្នុង​កំឡុង​ឆ្នាំ១៩៨៩-១៩៩០ មក ​ពលរដ្ឋ​រ៉ូម៉ានី៣លាន​នាក់ និង​ពលរដ្ឋ​ប៊ុលហ្ការី​​១លាន​នាក់ បាន​ធ្វើចំណាក​ស្រុក ទៅ​កាន់អឺរ៉ុប​ខាងលិច AFP/DANIEL MIHAILESCU
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​១មករា ឆ្នាំ២០១៤​នេះ សហភាព​អឺរ៉ុបបាន​បើកទ្វារ​ទីផ្សារ​ការងារ​អោយ​ដល់​ប្រជាពលរដ្ឋ​​ប្រទេស​រូម៉ានី និង​ប៊ុលហ្ការី។ ​រូម៉ានី និង​ប៊ុលហ្ការី ជា​​​សមាជិក​សហភាព​អឺរ៉ុប តាំង​ពី​ឆ្នាំ២០០៧ម្ល៉េះ។

ប៉ុន្តែ ចាប់ពី​ឆ្នាំ២០០៧មក​​ យោងតាម​មាត្រា​៤៨នៃ​សន្ធិសញ្ញា​អឺរ៉ុប សហភាព​អឺរ៉ុប​មិនទាន់​បើកទីផ្សារការងារ​​ចំហរ​ដល់​ប្រទេស​ទាំងពីរ​​​​នោះទេ។ ​រូម៉ានី និង​ប៊ុលហ្ការី ត្រូវ​រង់ចាំ​រយៈពេល​បណ្តោះអាសន្ន​មួយ ដើម្បី​អាច​អោយ​ពលរដ្ឋ​ខ្លួន​បានចូល​ទៅធ្វើការ ក្នុង​គ្រប់បណ្តា​ប្រទេស​​សមាជិក​សហភាព​អឺរ៉ុប។ បណ្តា​ប្រទេស​សមាជិក​ចាស់ៗ​នៃសហភាព​អឺរ៉ុប បារម្ភ​ខ្លាច​​លំហូ​ចូល​នៃ​ពលរដ្ឋ​រូម៉ានី និង​ប៊ុលហ្ការី ​ក្នុង​ទឹកដី​ខ្លួន អាច​បង្ក​ជា​ភាព​តានតឹង​ក្នុង​ទីផ្សារការងារ។ ប្រទេស​ចំនួន​​៩​បាន​ដាក់កំហិត​អោយ​ពលរដ្ឋ​​រូម៉ានី និង​ប៊ុលហ្ការី រង់ចាំ​៧ឆ្នាំ មុន​នឹង​មាន​សិទ្ធិ​​ចូល​មកធ្វើការ​ក្នុង​ទឹកដី​ខ្លួន។ ប្រទេស​ទាំង​៩នោះ មាន​បារាំង អង់គ្លេស អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក អេស្ប៉ាញ លុចសំបួរ ម៉ាល់ត៍ និង​ហូឡង់។

ដោយឡែក​ ប្រទេស​សមាជិក​សហភាពអឺរ៉ុប​១៧ផ្សេងទៀត​​ ដូច​ជា​ អ៊ីតាលី រឺ​ក៏​ស៊ុយអែត មិនបាន​រង់ចាំ​ដល់ថ្ងៃ​១មករា​ ឆ្នាំ២០១៤​ទេ។ ប្រទេស​ទាំងនោះ​ដាក់កំហិត​អោយ​រូម៉ានី​និង​​ប៊ុលហ្ការី រង់ចាំ​តែ​២ឆ្នាំ​ រឺ​ក៏​៥ឆ្នាំ​ប៉ុណ្ណោះ។ ច្រើនឆ្នាំ​មកនេះ ​ពលរដ្ឋ​រូម៉ានី និង​ប៊ុលហ្ការី ​បាន​ចូលធ្វើការ​​ក្នុង​ទឹកដី​ប្រទេស​ភាគច្រើន​នៅ​អឺរ៉ុប​រួចមកហើយ។

​ថ្វីបើ​នៅ​ថ្ងៃ​១មករា ឆ្នាំ២០១៤នេះ គ្រប់ប្រទេស​ជាសមាជិក​សហភាពអឺរ៉ុប បាន​បើកទ្វារ​ទីផ្សារ​ការងារ​ចំហ​១០០ភាគរយ​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​នេះក្តី ​ក្នុង​ប្រទេស​មួយចំនួន ដូច​ជា​អាល្លឺម៉ង់ រឺ​ក៏អង់គ្លេស ​ភាពចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​នេះ នៅ​តែ​បន្ត​កើតមាន ព្រោះ​អ្នកនយោបាយ​ជាច្រើន​រូប នៅ​បារម្ភ​ខ្លាច​ពលរដ្ឋ​រ៉ូម៉ានី និង​ប៊ុលហ្ការី​ ចូល​មក​ឈ្លានពាន​ទីផ្សារការងារ​ប្រទេស​ខ្លួន។

កន្លងមក នៅ​អង់គ្លេស​ សមាជិក​គណបក្ស​អភិរក្ស​និយម​ធ្លាប់​បាន​ជំរុញ​អោយ​នាយក​រដ្ឋមន្ត្រី​ដាវីដ ខាំម៉ឺរូន លើកពេល​​ការបើកទ្វារ​ទីផ្សារការងារ​អោយ​ដល់​ប្រទេស​​ទាំងពីរ​នេះ។ នៅ​អាល្លឺម៉ង់​ឯណោះវិញ គណបក្ស​អភិរក្ស​និយម​ជាដៃគូ​របស់​ប្រមុខដឹកនាំ​ អាន់ហ្កឺឡា មែរគេល បាន​ធ្វើព្យុះភ្លៀង​ប្រឆាំង​នឹង​​ការដែល​អាល្លឺម៉ង់​បាន​បើកទីផ្សារ​ការងារ​អោយដល់ពលរដ្ឋ​​រូម៉ានី និង​ប៊ុលហ្ការី​នេះ។ គួរបញ្ជាក់ថា ពលរដ្ឋ​ប្រទេស​ទាំងពីរ ក៏ដូច​ជា​ពលរដ្ឋ​ប្រទេស​សហភាព​អឺរ៉ុប​២៦ផ្សេងទៀត​ដែរ អាច​ស្នាក់នៅ​​ក្នុង​ប្រទេស​សហភាព​អឺរ៉ុប​បាន​ មិនអោយ​​ហួស​ពី​៣ខែ​នោះទេ។ បើ​ចង់​នៅហួស​រយៈ​ពេល​​នេះ ត្រូវ​តែ​រកការងារ​ធ្វើ ដើម្បី​ចៀសវាង​បង្ក​បន្ទុក​ដល់​ប្រទេស​ដែល​ខ្លួន​ស្នាក់នៅនោះ។ ដូច្នេះ​ ក្នុង​ក្រសែភ្នែក​​អ្នកនយោបាយ​នានា​ នេះ​ជាការគំរាមកំហែង​ទីផ្សារ​ការងារ​ជាតិខ្លួន។

ដោយឡែក អេស្ប៉ាញ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​​​កន្លងមក មិន​មាន​អ្វី​ជំទាស់​នឹង​បញ្ហា​បែបនេះ​ឡើយ។ អេស្ប៉ាញ​បានទទួល​ពលរដ្ឋ​រូម៉ានី​ប្រមាណ​១លាន​នាក់ ក្នុងទឹកដី​ខ្លួន​រួចមកហើយ​ ហើយ​ពលរដ្ឋ​ប៊ុលហ្ការី​ក៏​មានច្រើន​នៅ​អេស្ប៉ាញ​ដែរ។ យោងតាម​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ ប្រជាជន​រូម៉ានីភាគច្រើន បាន​​​រស់នៅ​ចូលចុះ​ក្នុងសង្គម​អេស្ប៉ាញ។

ចាប់ពី​របបកុម្មុយនិស្ត​បាន​ដួលរលំ​នៅ​អឺរ៉ុប ក្នុង​កំឡុង​ឆ្នាំ១៩៨៩-១៩៩០ មក ​ពលរដ្ឋ​រ៉ូម៉ានី៣លាន​នាក់ និង​ពលរដ្ឋ​ប៊ុលហ្ការី​​១លាន​នាក់ បាន​ធ្វើចំណាក​ស្រុក ទៅ​កាន់អឺរ៉ុប​ខាងលិច ភាគច្រើន​​​ទៅ​អេស្ប៉ាញ និង​អ៊ីតាលី។ មូលហេតុ​គឺ​ដោយសារ​តែ​ក្នុង​ប្រទេស​កំណើត​ខ្លួន ប្រជាជន​ទាំងនេះ​មានប្រាក់ខែ​ទាបពេក។​

ដោយសារ​តែ​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ធ្លាប់​ធ្វើអន្តោប្រវេសន៍​រួចមកហើយ​នោះ លោក​អាន់ដរ ឡាសស្លូ ជា​បេសកជន​ផ្នែកការងារ​អឺរ៉ុប​មួយរូប មិន​បាន​គិតថា ការបើកចំហរ​ទ្វារទីផ្សារ​អោយ​ដល់​ពលរដ្ឋ​រូម៉ានី​ និង​ប៊ុលហ្ការី អាច​បង្ក​អោយ​មាន​បញ្ហា​អន្តោប្រវេសន៍​​កើនឡើង​នោះទេ។ លើសពី​នេះ ការសិក្សា​ផ្សេងៗ​ កន្លងមក ​ធ្លាប់​បានបង្ហាញថា បំលាស់​ទី​នៃ​ជន​បំរើ​ការងារ​​ អាច​​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ចដល់​​ប្រទេស​ដែល​ទទួល​យក​ជន​នោះ​អោយ​មកធ្វើការ​ក្នុងទឹកដី​ខ្លួន។

ដោយឡែក​ ​ការ​ដែល​ប្រទស​មួយចំនួន​នៅ​សហភាពអឺរ៉ុប​រងវិបត្តិសេដ្ឋកិច្ច​ រឺក៏​មាន​បញ្ហា​សេដ្ឋកិច្ច​នោះ ​​មិនបាន​ជំរុញ​ទឹកចិត្ត​​ពលរដ្ឋ​​រូម៉ានី និងប៊ុលហ្ការី អោយ​​ចាកចេញ​ពី​ស្រុកទេស​ខ្លួន​នោះឡើយ។ ពលរដ្ឋ​រូម៉ានីមួយចំនួន​ដែល​បាន​ចាកចេញ​ពី​ស្រុកកំណើត បាន​ចាប់ផ្តើម​វិល​ត្រលប់​មក​រូម៉ានីវិញហើយ ហើយ​ពលរដ្ឋ​​រូម៉ានីច្រើន​ទៀតនឹង​វិល​មក​ស្រុកកំណើត​វិញ ប្រសិនបើ​រ៉ូម៉ានី​បន្ត​ស្តារ​សេដ្ឋកិច្ច​ខ្លួន​បានជឿនលឿន​ទៅមុខ។ ក្នុង​ឆ្នាំ២០១៣ ប្រទេស​រូម៉ានី​​ជួបកំណើន​៣ភាគរយ ជា​កំណើន​ខ្ពស់​ជាងគេ ក្នុង​ចំណោម​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ធ្វើអោយ​ប្រជាជន​មានមោទនភាព។

ដូច្នេះ ​បញ្ហា​​លំហូ​ចូល​លើសលុបនៃ​ជនអន្តោប្រវេសន៍ប្រទេស​ទាំងពីរ​​ ដើម្បី​ឈ្លានពាន​ទីផ្សារ​ការងារ​សហភាពអឺរ៉ុប​ ដូច​ដែល​​អ្នកនយោបាយ​អឺរ៉ុប​មួយចំនួន​​​​បាន​គិត​​នោះ គ្មាន​អ្វី​គួរអោយ​​បារម្ភ​ធ្ងន់ធ្ងរ​នោះឡើយ។ ម្យ៉ាងទៀត ​រូម៉ានី​និង​ប៊ុលហ្ការី នៅ​​មិនទាន់​ក្លាយ​​ជា​សមាជិក​ប្រទេស​តំបន់ Shengen នៅឡើយ​ដែរ។ គួរ​រំលឹកថា ពលរដ្ឋ​​ប្រទេសទាំង២៦ ជាសមាជិក​​ក្នុង​​តំបន់ Shengen មិនរង​ការ​ត្រួតពិនិត្យ​​ឆែកឆេរ​​នៅ​តាមព្រំដែន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ