កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 21 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 26 កញ្ញា 2012

ចៅក្រម​​ខេត្តកណ្តាល​​ពីរនាក់​​ត្រូវបាន​​ចាប់ខ្លួន​​ក្នុងបទ​​ពុក​​រលួយ​​

ចៅក្រម​​តុលាការ​​សាលា​​ដំបូង​​ខេត្ត​កណ្តាល​​ពីរ​នាក់​​បានត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​​អំពើ​​ពុក​រលួយ​
ចៅក្រម​​តុលាការ​​សាលា​​ដំបូង​​ខេត្ត​កណ្តាល​​ពីរ​នាក់​​បានត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​​អំពើ​​ពុក​រលួយ​
© ស៊ីវ​ ចាន់ណា

ដោយ ប៉ែន បូណា

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​លាង​សម្អាត​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​ចៅក្រម​ពីរ​នាក់​ទៀត​កាលពី​ព្រលប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្នុង​បទ​ពុករលួយ។ ​ចៅក្រម​តុលាការ​ទាំងពីរ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ទទួល​យក​លុយ​សំណូក​ពី​កូន​ក្តី​ដើម្បី​ជា​ថ្នូរ​នឹង​ការ​រត់ការ​ដោះលែង។ ​នេះ​ជា​ករណី​ចាប់ខ្លួន​មន្ត្រី​តុលាការ​ថ្មី​ទៀត​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្តពោធិ៍សាត់​កាលពី​ចុង​ឆ្នាំ​២០១១។

សេចក្តីរាយការណ៍របស់​ ប៉ែន បូណា
 

21/01/2012 by ប៉ែន បូណា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់ខ្លួន​ចៅក្រម​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​ពីរ​នាក់​កាលពី​ព្រលប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ​ចៅក្រម​ទាំង​ពីរ​នាក់​នោះ ​គឺ​លោក​ ហួត ហ៊ាង ​និង​លោកស្រី​ ខូវ​ ចន្ទផូ​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ទទួល​លុយ​ពី​ក្រុម​គ្រួសារ​ជន​ជាប់ចោទ​ដើម្បី​រត់​ការ​ដោះលែង​ជន​ជាប់ចោទ។

លោក ​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃសៅរ៍​នេះ ​ប៉ុន្តែ ​លោក​បាន​និយាយ​ប្រាប់​អ្នកកាសែត​នៅ​ព្រលប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ ការចាប់ខ្លួន​ចៅក្រម​ទាំងពីរ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង ​៥ ​និង​ ៣០​ នាទី ​ល្ងាច​ ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ពី​កូនក្តី។​ លោក​ចៅក្រម ​ហួត ហ៊ាង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​ក្រឡា​បញ្ជី​តុលាការ​រាជធានី​ភ្នំពេញ ​តែ​ក្រោយមក​បាន​ទៅ​បំពេញ​ការងារ​ជា​ចៅក្រម​នៅ​ខេត្ត​កណ្តាល​វិញ។ ចំណែក​ឯ​លោកស្រី ​ខូវ ចន្ទផូ ​គឺជា​អតីត​ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កណ្តាល ​តែ​ក្រោយ​ពេល​ប្រឡង​ជាប់​ជា​ចៅក្រម​ក៏​បាន​បំពេញ​មុខងារ​ជា​ចៅក្រម​នៅ​តុលាការ​នេះ​ដដែល។
 
ក្រោយ​ពី​ការ​ឃាត់​ខ្លួន ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ទាក់ទង​នឹង​ករណី​នេះ​នៅ​ឡើយ​ទេ។ ​ប្រភព​ចុងក្រោយ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​សាកសួរ​ចៅក្រម​ទាំង​ពីរ​រូប​ មុន​នឹង​សម្រេច​ថា​ដោះលែង ​ឬ​ក៏​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​ក្នុង​រឿង​ពុករលួយ។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​ជូន​ដំណឹង​ដល់​សាធារណជន។​
 
នេះ​ជា​ករណី​ចាប់​ខ្លួន​មន្ត្រី​តុលាការ​ពុក​រលួយ​ថ្មី​ទៀត​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក ​តុប ​ចន្ទសិរីវុឌ្ឍន៍ ​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ពោធិ៍សាត់​កាលពី​ចុង​ឆ្នាំ២០១១។ ​លោក​ តុប ​ចន្ទសិរីវុឌ្ឍន៍ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ​ពី​បទ​ស៊ីសំណូក។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​បំបែក​ក្រុម​មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​មួយ​សំបុក​ដែរ​កាល​ពី​ចុង​ឆ្នាំ​មុន​នេះ​ដែល​មាន​អតីត​ឧត្តមសេនីយ៍​មឹក​ដារ៉ា​ជា​មេខ្លោង។ ​លោក​មឹក ដារ៉ា​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ពី​បទ​ពុករលួយ ​និង​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​បង្កើត​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ក្នុង​ប្រទេស។
 
ការ​ចាប់ខ្លួន​ចៅក្រម​ពីរ​នាក់​ទៀត​នេះ​ជា​ករណី​ដ៏​ធំ​មួយ​ទៀត​សម្រាប់​បើក​ឆាក​ ស្វាគម​​ឆ្នាំ​២០១២​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៕

tags: កម្ពុជា - អំពើពុករលួយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close