អានតួអត្ថបទ
បារាំង-ម៉ាលី

ដំណើររឿង​ស្តីពី​ការ​ចាប់ខ្លន​និង​សម្លាប់​អ្នកកាសែត ​RFI ​នៅ​ប្រទេស​ម៉ាលី

កាលពីយប់ថ្ងៃ​សៅរ៍​ ក្រសួង​ការបរទេស​បារាំង​បាន​បញ្ជាក់​​ជា​ផ្លូវការ​ថា អ្ន​កកាសែត​ពីរ​រូប​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ផ្នែក​ការផ្សាយ​ជា​ភាសា​បារាំង ត្រូវ​បាន​​គេ​សម្លាប់ នៅ​ក្នុង​ប្រទេស​ម៉ាលី។ ហេតុការណ៍​បាន​កើតឡើង កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្នុង​តំបន់ Kidal ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ អ្នក​កាសែត​ទាំងពីរ​រូប​ត្រូវ​បាន​ក្រុមជន​ប្រដាប់អាវុធ​ចាប់ដាក់ឡាន រួចហើយ​សម្លាប់​ចោល នៅ​ប្រមាណ​ជា ១០គីឡូម៉ែត្រ​ពី​ Kidal។

Claude Verlon (ឆ្វេង) និង Ghislaine Dupont នៅ​ Kidal ប្រទេស​ម៉ាលី កាល​ពី​ខែ​កក្កដា ២០១៣
Claude Verlon (ឆ្វេង) និង Ghislaine Dupont នៅ​ Kidal ប្រទេស​ម៉ាលី កាល​ពី​ខែ​កក្កដា ២០១៣ RFI
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​វេលាម៉ោង ១រសៀល ម៉ោង​នៅ​ម៉ាលី (ត្រូវនឹង​ម៉ោង ៨យប់ ម៉ោង​នៅកម្ពុជា)។ Ghislaine Dupont និង Claude Verlon ដែល​ត្រូវ​បាន​បញ្ជូន​ពី​ប៉ារីស​ឲ្យ​ទៅ​យកការណ៍​ជុំវិញ​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​ម៉ាលី កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Kidal ប៉ែក​ខាងជើង​ប្រទេស​ម៉ាលី។ អ្នកកាសែត​ RFI ទាំងពីរ​រូប​​​ទើប​នឹង​​បញ្ចប់​ការ​សម្ភាសន៍​ជាមួយ​នឹង​​សមាជិក​ម្នាក់​នៃ​ក្រុមឧទ្ទាម​​ MNLA ក៏ស្រាប់​តែ​ត្រូវ​ជន​ប្រដាប់អាវុធ​មួយក្រុម​ចាប់​ដាក់ឡាន ហើយ​បើក​ចេញ​ទៅ។

១៥នាទី​ក្រោយ​មក កងទ័ព​បារាំង ដែល​មាន​គ្នា​ប្រមាណ​ជា ២០០នាក់ កំពុង​ប្រចាំការ នៅ​ Kidal បាន​ទទួល​ដំណឹង​ពី​ហេតុការណ៍​នេះ។ ​សេនាធិការរដ្ឋាន​កងទ័ព​បារាំង​បាន​អះអាង​ថា ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​នេះ ទាហាន​បារាំង ប្រមាណ​ជា​ ៣០នាក់ រួមជាមួយ​នឹង​រថពាសដែក​ផង​ក៏​បាន​ចេញ​តាមរក​អ្នក​កាសែត​ទាំងពីរ​ ហើយ​ក្នុងពេល​ជាមួយគ្នា ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ ត្រូវ​បាន​គេ​បញ្ជូន​ពី​មូលដ្ឋាន​ទ័ព​បារាំង​មួយទៀត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២៥០​គីឡូម៉ែត្រ​ពី​ Kidal។

ជិត ២ម៉ោង​ក្រោយ​មក នៅ​ម៉ោង ២ និង ៥០នាទី កងទ័ព​បារាំង​​ក៏​បាន​រកឃើញ​រថយន្តមួយគ្រឿង​ ដែល​គេ​ទុកចោល នៅ​ចម្ងាយ​ប្រមាណ​ជា​ជាង ១០គីឡូម៉ែត្រ​ពី​ Kidal ហើយ​នៅ​ក្បែរ​រថយន្ត​នោះ គេ​បាន​រកឃើញ​សាកសព​របស់ Ghislaine Dupont និង Claude Verlon។

រហូតមកទល់នឹង​ពេលនេះ គេ​អាច​ត្រឹមតែ​ដឹង​ថា អ្នក​កាសែត​ទាំងពីរ​រូប​ត្រូវ​​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់ខ្លួន ហើយ​ក្រោយ​មក គេ​បាន​រកឃើញ​សាកសព​អ្នក​ទាំងពីរ នៅ​ក្បែរ​រថយន្ត ដែល​គេ​បោះបង់​ចោល។ ក៏ប៉ុន្តែ គេ​នៅតែ​មិន​ទាន់​អាច​ដឹង​លម្អិត​​ច្បាស់​នៅឡើយទេ អំពី​ហេតុការណ៍​ជុំវិញ​ការ​ស្លាប់​របស់​អ្នក​កាសែត​ទាំងពីរ​រូប​នេះ។ បើ​តាម​លោក​ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង អ្នក​កាសែត​ទាំងពីរ​រូប​ត្រូវស្លាប់​ដោយ​គ្រាប់កាំភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ