តួកគី-ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 04 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 តុលា 2012

សភាតួកគី​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​កងទ័ព​តួកគី​ធ្វើប្រតិបត្តិការ​ឆ្លងព្រំដែន​ទៅ​ស៊ីរី

ភូមិ​របស់​តួកគី ដែល​ត្រូវ​ទទួលរង​គ្រាប់ផ្លោង​ពី​ខាង​ស៊ីរី កាល​ពីយប់ថ្ងៃ​ពុធ ៣ តុលា ២០១២
ភូមិ​របស់​តួកគី ដែល​ត្រូវ​ទទួលរង​គ្រាប់ផ្លោង​ពី​ខាង​ស៊ីរី កាល​ពីយប់ថ្ងៃ​ពុធ ៣ តុលា ២០១២
REUTERS/Rauf Maltas/Anadolu Agency

ដោយ សេង ឌីណា

កាលពី​យប់ម្សិលមិញ កងទ័ព​តួកគី​បាន​បាញ់​ផ្លោង​ទៅលើ​ទីតាំង​ទ័ព​របស់​ស៊ីរី ក្រោយ​ពី​​​មាន​គ្រាប់ផ្លោង​បាញ់​ចេញ​ពី​ទឹកដី​ស៊ីរី ធ្លាក់​ចូល​ក្នុង​ភូមិ​​របស់​​​តួកគី បណ្តាល​ឲ្យ​ជនស៊ីវិល ៥នាក់​បាត់បង់ជីវិត។ រដ្ឋាភិបាល​តួកគី​បាន​ស្នើសុំ​ឲ្យ​សភា​អនុម័ត​ច្បាប់​ជាបន្ទាន់ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​តួកគី​បើក​ធ្វើ​ប្រតិបត្តិការ​ឆ្លងព្រំដែន ទៅខាង​ស៊ីរី។ ក្នុងពេល​ជាមួយ​គ្នា តួកគី​ក៏​បាន​​ខ្នះខ្នែង​រក​ការគាំទ្រ​ផងដែរ ពី​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. និង​ពី​បក្ស​សម្ព័ន្ធ​អូតង់ ដែល​តួកគី គឺ​ជា​សមាជិក។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

04/10/2012

វិបត្តិ​ស៊ីរី ដែលបាន​អូសបន្លាយ​ពេល​ប្រមាណ​ជា ១ឆ្នាំ​កន្លះ​មកហើយ​នោះ បាន​រាលដាល​ឆ្លងទៅកាន់​ប្រទេស​ជិតខាង​ម្តងមួយៗ រាប់ចាប់ពី​ការ​បាញ់​ផ្លោង​ចូលក្នុង​ទឹកដី​របស់​លីបង់ និង​អ៊ីស្រាអែល ការ​ផ្ទុះអាវុធ​ដាក់គ្នា​ រវាង​ទាហាន​រដ្ឋាភិបាល​ស៊ីរី និង​ទាហាន​ហ្សកដានី ហើយ​ចុងក្រោយ កាន់តែ​ធ្ងន់ធ្ងរ គឺការ​បាញ់​ផ្លោង​ចូល​មក​ក្នុង​ភូមិ​​របស់​តួកគី ដែល​ជា​មហាអំណាច​យោធា​មួយ​ក្នុង​តំបន់ និង​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់។

ជាការពិត ភាពតានតឹង​រវាង​តួកគី និង​ស៊ីរី បាន​កើតមាន​​មួយរយៈមកហើយ ជាពិសេស គឺ​ក្រោយ​ពី​ស៊ីរី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​តួកគី។ ការបាញ់​ផ្លោង​ពី​ខាង​ស៊ីរី​​ឆ្លងព្រំដែន​ធ្លាក់ចូល​ក្នុង​ទឹកដី​តួកគី ក៏​ធ្លាប់​កើតមាន​ជាច្រើន​លើកដែរ ក៏ប៉ុន្តែ រាល់លើក​ តួកគី​បាន​ត្រឹមតែ​ធ្វើការ​ព្រមាន ដោយ​មិនបាញ់​តបតទៅ​ស៊ីរីវិញទេ។
 
ការ​បាញ់​ផ្លោង​កាល​ពីយប់​ម្សិលមិញនេះ ជា​ករណី​ធ្ងន់ធ្ងរ ដោយសារ​តែ​វា​បាន​បណ្តាល​ឲ្យ​​​ស្លាប់​ជនស៊ីវិល​តួកគី។ ភ្លាមៗ កងទ័ព​តួកគី​ក៏​បាន​បាញ់ផ្លោង​ទៅលើទីតាំងមួយចំនួន របស់​កងទ័ព​ស៊ីរី​ ដែល​ស្ថិត​នៅ​ជាប់ព្រំដែន។ ការបាញ់​ផ្លោង​ទៅលើ​ស៊ីរី​នេះ​នៅតែ​បន្ត​ធ្វើ រហូតមកទល់នឹង​ព្រឹកថ្ងៃ​ព្រហស្បតិ៍។
 
អង្គការ​អូតង់ ដែល​បាន​កោះប្រជុំ​ជាបន្ទាន់ កាល​ពី​យប់ម្សិលមិញ​នេះ បាន​ប្រកាស​ថា ខ្លួន​ឈរនៅខាង​តួកគី ដែល​ជា​សមាជិក ហើយ​ទាមទារ​ឲ្យ​ស៊ីរី​បញ្ឈប់​ជាបន្ទាន់​ នូវ​ការ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ។
 
នៅ​ញូវយ៉ក តួកគី​ក៏​បាន​ស្នើសុំ​ផងដែរ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ចាត់វិធានការ​ចាំបាច់ ដើម្បី​បញ្ឈប់​ទង្វើ​បំពាន​របស់​ស៊ីរី។ មន្រ្តីទូត​អ.ស.ប.​បាន​បង្ហើប​ឲ្យដឹង​ថា សមាជិក​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​ចង់​ឲ្យ​ក្រុមប្រឹក្សា​ចេញសេចក្តីថ្លែងការណ៍​ភ្លាមៗ ដើម្បី​ថ្កោលទោស​ស៊ីរី និង​ទាមទារ​ឲ្យ​ស៊ីរី​បញ្ឈប់ការ​រំលោភ​លើ​បូរណភាព​ទឹកដី​របស់​តួកគី។ ក៏ប៉ុន្តែ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ ហើយ​ដែល​ធ្លាប់​បាន​ប្រើសិទ្ធិវ៉េតូ​លើ​សេចក្តីសម្រេច​ជុំវិញ​វិបត្តិ​ស៊ីរី ៣លើក​ រួចមកហើយ​នោះ បាន​សុំ​ពន្យារពេលបន្តិច​សិន។
 
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាល​ស៊ីរី​បាន​ទទួលស្គាល់ថា​ ខ្លួនពិតជា​បាន​បាញ់​ផ្លោង​ចូល​ទៅក្នុង​ទឹកដី​របស់​តួកគីមែន ក៏ប៉ុន្តែ ការបាញ់ផ្លោងនេះ​មិនមែន​ធ្វើ​ឡើង​ដោយ​ចេតនា​នោះទេ។ ស៊ីរី​ក៏​បាន​សន្យា​ដែរ​ថា នឹង​មិន​ឲ្យ​ហេតុការណ៍​នេះ​កើតឡើង​ទៀតទេ ទៅថ្ងៃអនាគត។
 
ទោះជាយ៉ាងណា មន្រ្តី​យោធា​តួកគី​បាន​បង្ហើប​ឲ្យដឹង​ថា តួកគី​បាន​បង្កើន​កម្លាំង​ទ័ព​ទៅ​ព្រំដែនជាមួយ​ស៊ីរី ហើយ​រដ្ឋាភិបាល​តួកគី​ក៏​បាន​ស្នើសុំ​ផងដែរ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​ជា​បន្ទាន់​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​តួកគី អាច​បើក​ប្រតិបត្តិការ​ឆ្លងដែន​ចូល​ទៅខាង​ទឹកដីស៊ីរី​ ក្នុងករណីចាំបាច់។ ច្បាប់នេះ​ត្រូវបាន​សភាតួកគី​អនុម័ត នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក៏ប៉ុន្តែ ឧបនាយករដ្ឋមន្រ្តី​តួកគី​បាន​អះអាង​ថា ការអនុម័តច្បាប់នេះ​មិនមែន​មានន័យថា តួកគី​ប្រកាស​សង្រ្គាម​ជាមួយ​នឹង​ស៊ីរី​នោះទេ គឺ​គ្រាន់តែ​ជា​ការ​អនុញ្ញាត​ជា​គោលការណ៍​​​ ដើម្បី​ត្រៀមទុក​ក្នុងករណីចាំបាច់តែ​ប៉ុណ្ណោះ។ ហើយនេះ គឺ​ជាការព្រមាន​យ៉ាងច្បាស់​ទៅ​រដ្ឋាភិបាល​ស៊ីរី៕

tags: តួកគី - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close