កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 01 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 03 តុលា 2012

តុលាការ​ផ្តន្ទាទោសដាក់​គុក លោក ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ

តុលាការ​ផ្តន្ទាទោសដាក់​គុក លោក ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ
តុលាការ​ផ្តន្ទាទោសដាក់​គុក លោក ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែ​តុលា​នេះ បាន​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់​ពន្ធនាគារ​ចំនួន ២០ ឆ្នាំ ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ​។ បន្ទាប់​ពី​តុលាការ​ប្រកាស​សេចក្តីសម្រេច​ដូច្នេះ​ភ្លាម ក្រុម​ពលរដ្ឋ​ជាង ១០០ នាក់ ដែល​គាំទ្រ​លោក​ម៉ម​សូណង់ដូ បាន​ស្រែក​តវ៉ា លើក​បដា និង​ដើរ​បាតុកម្ម​តាមផ្លូវ​។ ពលរដ្ឋ​ដាក់​ញត្តិ​ស្នាម​មេដៃ ទៅកាន់​ស្ថានទូត​អាមេរិក និង​លុតជង្គង់ ស្នើសុំ​ព្រះមហាក្សត្រ ឲ្យជួយ​ដោះលែង​លោក​ម៉ម ​សូណង់ដូ​។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

01/10/2012 by លី ម៉េងហួរ

 

ក្រុម​ពលរដ្ឋ​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ជាង ១០០ នាក់ បាន​ស្រែក​តវ៉ា និង​ព្យាយាម​ចូល​ទៅ​កាន់​តុលាការ ខណៈ​ដែល​តុលាការ​ប្រកាស​សាលក្រម ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ដាក់​ពន្ធនាគារ ២០ ឆ្នាំ នៅ​ថ្ងៃ​ចន្ទ ទី​១​តុលា​នេះ។ តែ​ត្រូវ​ប៉ូលិស​រារាំង​។ ក្រុម​ពលរដ្ឋ ក៏​បាន​លើក​បដា​ស្រែក ដើរ​តាម​ផ្លូវ​នានា​នៅ​ភ្នំពេញ​។ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ បាន​ដាក់​ស្នាម​មេដៃ ដែល​បិទ​លើ​បដា​ក្រមា នៅ​ស្ថាន​ទូត​អាមេរិក និង​លុតជង្គង់​ស្រែកយំ នៅមុខ​វាំង ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោះលែង​លោក ម៉ម សូណង់ដូ។ អ្នកស្រី អ៊ួន ផាណារី អគ្គលេខាធិការ​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ក្នុង​ក្បួន​តវ៉ា​នៅ​រសៀល​នេះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង ដែល​បាន​ស្កាត់​មកពី​តាម​បណ្តា​ខេត្ត​នានា និង​បាន​យំ​ស្រែក​លុតជង្គង់ ស្វែង​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ពេលនេះ ព្រោះថា ការ​កាត់ក្តី​របស់​តុលាការ​ឲ្យ​លោក​ម៉ម​សូណង់ដូ ជាប់ពន្ធនាគារ ២០ ឆ្នាំ គឺ​មិន​អាច​ទទួលយក​បាន​ទេ។​
 
តាម​ក្រុមអ្នកតវ៉ា លោក​ម៉ម សូណង់ដូ មិន​មាន​កំហុស​ក្នុង​រឿង​ចោទប្រកាន់ ពាក់ព័ន្ធ​ដីធ្លី នៅ​ខេត្ត​ក្រចេះ​ឡើយ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកស្រី ចាំង ស៊ី​ណាត ចៅក្រម​តុលាការក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ តាមរយៈ​ការបង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល។ ក្នុង​រឿងក្តី​នោះ អ្នកភូមិ​សរុប​ចំនួន ១២ នាក់​ផ្សេង​ទៀត ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១០ ខែ រហូតដល់ ៥ ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស​។ ពោល​គឺ​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​បាន​ជាប់​ឃុំឃាំង ជាមួយ​លោក​ម៉ម​សូណង់ដូ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​វិញ​ហើយ។
 
ក្នុង​សេចក្តីសម្រេច​នៅ​ព្រឹក​មិញ ចៅក្រម​ក៏​បាន​ផ្តន្ទាទោស​កំបាំងមុខ លើ​អ្នកភូមិ ៣ នាក់ ដែល​គេ​អះអាងថា ជា​មេក្លោង​នៅ​តំបន់​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​កំពុង​គេចខ្លួន រួម​មាន ឈ្មោះ ប៊ុន​រដ្ឋា ត្រូវ​ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ ៣០ ឆ្នាំ។ រីឯ​ឈ្មោះ​សុខ តុង និង​ប៊ុន ឆន តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ ១៥ ឆ្នាំ​។ ចៅក្រម​ចំណាយពេល​ជាង ២ ម៉ោង ដើម្បី​ប្រកាស​សាលក្រម ក្នុង​រឿងក្តី​ប្រឆាំង​លោក​ម៉ម​សូណង់ដូ នៅ​ព្រឹក​មិញ​។ លោក​ម៉ម​សូណង់ដូ បាន​ចាត់​ទុក​ថា ការសម្រេច​របស់​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌ ខណៈ​ដែល​ឆ្មាំ​គុក បាន​ព្យាយាម​ចាប់​រុញ​លោក​បញ្ចូល​ឡាន មិន​ឲ្យ​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត​ឡើយ​។
 
ដោយឡែក​អង្គការ​សិទ្ធិមនុស្ស គណបក្សនយោបាយ និង​សហភាព​អ៊ឺរ៉ុប ជា​ដើម បាន​ថ្លែងការណ៍​ផ្ទាល់មាត់ និង​ថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ថ្កោលទោស នឹង​ការផ្តន្ទាទោស លោក ម៉ម សូណង់ដូ​។ តាម​សេចក្តីថ្លែងការណ៍ ករណី​កាត់ទោស​លោក​ម៉ម​សូណង់ដូ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ប៉ះពាល់​លទ្ធិ​ប្រជាធិតេយ្យ នៅ​កម្ពុជា​៕

 

tags: កម្ពុជា - តុលាការ - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close