អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​ផ្សព្វផ្សាយ​គម្រោង​ចំណាយ​ដើម្បី​បញ្ចប់​វិបត្តិ​ថវិកា

សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ចុង​សប្តាហ៍​នេះ​នូវ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១២​និង​២០១៣ ​ដែល​មាន​ចំនួន​៨៩,៦​លាន​ដុល្លារ។ ​គម្រោងថវិកា​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​ម្ចាស់​ជំនួយ​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ ​ក្រុម​ម្ចាស់​ជំនួយ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​សាលាក្តី​ទុក​មួយ​អន្លើ​សិន​នូវ​គម្រោងទាក់ទង​នឹង​កេរដំណែល​របស់​សាលាក្តី​ និង​គម្រោងបន្ត​ការងារ​សេស​សល់​នៅ​ពេល​សាលាក្តី​នេះ​បិទ​បញ្ចប់។ មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​ វិបត្តិ​ថវិកា​របស់​តុលាការ​នេះ​នឹង​បញ្ចប់​នៅ​ដំណាច់​ខែ​មីនា​នេះ។

អគារ​តុលាការ​ខ្មែរ​ក្រហម
អគារ​តុលាការ​ខ្មែរ​ក្រហម រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​និង​បុគ្គលិក​របស់​សាលាក្តី​ខ្មែរក្រហម​ទាំង​អស់​ត្រូវ​បាន​គេ​ជូន​ដំណឹង​រួចរាល់​ហើយ​ថា​ពួកគេ​នឹង​ទទួល​បាន​ប្រាក់ខែ​ឡើង​វិញ​ទាំងអស់​នា​ដំណាច់​ខែ​មីនា​នេះ។ ​ដំណឹង​ល្អ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​បាន​អនុម័ត​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន​នូវ​គម្រោង​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១២​និង​២០១៣។ ​ការ​ចំណាយ​ដែល​មាន​ថវិកា​សរុប​ទាំងអស់​៨៩,៦​ លាន​ដុល្លារ​ (គិត​ទាំង​សម្រាប់​ភាគី​ជាតិ​ និង​អន្តរជាតិ)។

ប្រហែល​ជា​មកពី​ដំណឹង​ល្អ​នេះ​ហើយ​បាន​ជា​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គម្រោង​​ថវិកា​របស់ខ្លួន។​ បើ​យោង​តាម​សេចក្តី​ប្រកាស​ជូន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ប្រទេស​ម្ចាស់​ជំនួយ​បាន​យល់​ព្រម​អនុម័ត​គម្រោង​​ថវិកា​សម្រាប់​បន្ត​ដំណើរការ​របស់​សាលាក្តី​រយៈពេល​២​ឆ្នាំ​ខាង​មុខ​រួច​ហើយ ​ប៉ុន្តែ ​ម្ចាស់​ជំនួយ​បាន​ភ្ជាប់​លក្ខខណ្ឌ​ឲ្យ​សាលាក្តី​ត្រូវ​ទុក​មួយ​អន្លើ​សិន​នូវ​គម្រោង​​ចំណាយ​ទៅ​លើ​កេរដំណែល​របស់​សាលាក្តី ​និង​គម្រោង​ចំណាយ​ទៅ​លើ​ការងារ​សេសសល់​របស់​សាលាក្តី​នៅ​ពេល​ដែល​ដំណើរការ​សវនាការ​បិទ​បញ្ចប់។

លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ពន្យល់​បន្ថែម​ថា​ នៅ​ក្នុង​គម្រោង​ថវិកា​ឆ្នាំ​២០១២​និង​២០១៣​ សាលាក្តី​ក៏​មាន​ខ្ទង់​ចំណាយ​ទៅ​លើ​កា​ររៀបចំ​តុលាការ​ខ្មែរក្រហម​ឲ្យ​ទៅ​ជា​កេរដំណែល​ទុក​ធ្វើ​ជា​គំរូ​សម្រាប់​តុលាការ​ជាតិ​ និង​ ខ្ទង់​ចំណាយ​ទៅ​លើ​កិច្ចការ​មួយចំនួន​ដែល​នៅ​សេសសល់​ក្រោយ​ពី​បិទ​បញ្ចប់​សំណុំរឿង​ផងដែរ។ ​ប៉ុន្តែ ​ខ្ទង់ទាំងពីរ​នេះ​ត្រូវ​បាន​ប្រទេស​ម្ចាស់​ជំនួយ​សុំ​ផ្អាក​ទុក​មួយ​អន្លើ​សិន​ដោយ​ពួកគេ​ចង់​ឲ្យ​សាលាក្តី​ផ្តោត​តែ​ទៅ​លើ​ដំណើរការ​ដែល​កំពុង​តែ​ប្រតិបត្តិការ​សព្វថ្ងៃ​តែ​ប៉ុណ្ណោះ។

មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ថា​ វិបត្តិ​ថវិកា​នៅ​ក្នុង​សាលាក្តី​នេះ​បាន​បញ្ចប់​ហើយ​ ពោលគឺ​មន្ត្រី ​និង​បុគ្គលិក​សាលាក្តី​ទាំងអស់​នឹង​ទទួល​បាន​ប្រាក់ខែ​ឡើ​ងវិញ​ជា​ធម្មតា​ចាប់​ពី​ដំណាច់​ខែ​មីនា​នេះ​ត​ទៅ។ ​សូម​បញ្ជាក់​ថា​ ចៅក្រម​ និង​សហព្រះរាជ​អាជ្ញា​ ព្រមទាំង​មន្ត្រី​អ្នកច្បាប់​នៃ​ភាគី​ជាតិ​ទាំង​អស់​មិន​បាន​បើក​ប្រាក់ខែ​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០១១​មក​ រីឯ​បុគ្គលិក​រដ្ឋាភិបាល​ និង​បុគ្គលិក​ផ្សេង​ទៀត​ក៏​មិន​បាន​បើក​ប្រាក់ខែ​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១២​មក​ដែរ។ ប៉ុន្តែ​ ប្រាក់ខែ​ទាំងនោះ​នឹង​ត្រូវ​គេ​សង​វិញ​នៅ​ដំណាច់​ខែមីនា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ