អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

ជនជាតិ​អាមេរិកំាង​ម្នាក់ទៀត​ត្រូវបាន​​កូរ៉េខាងជើង​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំការងារ​

តុលាការកំពូល​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​​ទើប​បាន​កាត់ទោស​ជនជាតិ​អាមេរិកំាង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាតធូ មីលឺ (Matthew Miller) ដាក់​នៅ​ក្នុង​ជំរំលត់ដំ​ការងារ​រយៈពេល ៣ឆ្នំា​ពី​បទ​បាន​លួច​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ការ​កាត់ទោស​លោក​មីឡ័រ​ពេល​នេះ​បាន​ធ្វើ​ឡើង ២សប្តាហ៍​បន្ទាប់​ពី​រូបលោក និង​ជនជាតិ​អាមេរិកំាង​ពីរ​នាក់​ទៀត​បាន​អំពាវនាវ​រក​ជំនួយ​អន្តរាគមន៍​ពី​រដ្ឋបាល​អាមេរិកំាង។

ជនជាតិ​អាមេរិកំាង​ម្នាក់ទៀត​ឈ្មោះ Matthew Miller ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំការងារ​រយៈពេល ៦ឆ្នំា
ជនជាតិ​អាមេរិកំាង​ម្នាក់ទៀត​ឈ្មោះ Matthew Miller ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំការងារ​រយៈពេល ៦ឆ្នំា REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ២៤ឆ្នំា ម៉ាតធូ មីលឺ ​គឺ​ជា​ជនជាតិ​អាមេរិកំាង​ទី២ ដែល​ត្រូវ​បាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​បញ្ចូល​ទៅ​ក្នុង​ជំរំលត់ដំ​ការងារ។ បើ​យោង​តាម​ទីភ្នាក់ងារ​ផ្លូវការ​របស់​របបក្រុង​ព្យុងយ៉ាង​ឈ្មោះ KCNA ឲ្យ​ដឹង​ថា លោក​ម៉ាតធូ មីឡ័រ​បាន​ជាប់ចោទ​ពី​បទ​ប្រព្រឹត្តិ​ទង្វើ​ប្រឆំាង​នឹង​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​ដោយ​លួច​បន្លំ​ធ្វើ​ទិដ្ឋាការ​ទេសចរណ៍​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ គឺ​នៅ​ក្នុង​ខែ​មេសា​ដដែល​នោះ​ហើយ​ដែល​រដ្ឋអំណាច​កូរ៉េខាងជើង​បាន​ចាប់​ខ្លួន​លោក​ម៉ាតធូ មីលឺ​ដោយ​ចោទ​លោក​ពី​បទ​បាន​លួច​ហែក​ទិដ្ឋាការ​ចោល រួច​សុំ​សិទ្ធិជ្រកកោន​ក្នុង​ទឹកដី​កូរ៉េខាងជើង។

ក្រៅ​ពី​លោក​ម៉ាតធូ មីលឺ នៅ​មាន​ជនជាតិ​អាមរិកំាង​ពីរ​រូប​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​កូរ៉េខាងជើង ក្នុង​នោះ​មាន​លោក​ខេននេត បេ Kenneth Bae) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១២ និង​ត្រូវ​បាន​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំ​ការងារ​រយៈពេល ១៥ឆ្នំា​ពី​បទ​ជាប់ចោទ​ជា​សកម្មជន​គ្រិស្តសាសនា​ដែល​បញ្ចេញ​សកម្មភាព​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កូរ៉េខាងជើង។ រីឯ​ជនជាតិ​អាមរិកំាង​ម្នាក់​ទៀត​មាន​ឈ្មោះ ហ្យេហ្រ្វ៊ី ហ្វូ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មេសា ឆ្នំា ២០១៤ ដូច​លោក​ម៉ាតធូ មីលឺ​​ដែរ តែ​ពី​បទ​បាន​ទុក​គុម្ពីសាសនា​ចោល​នៅ​ក្នុង​សណ្ឋាគារ។

នៅ​ថ្ងៃទី២ កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ ជនជាតិ​អាមេរិកំាង​ទំាង ៣រូប​បាន​អំពាវនាវ​រក​ជំនួយ​ពី​រដ្ឋបាល​អាមរិកំាង​ដោយ​សុំ​ឲ្យ​បញ្ជូន​បេសកជន​អាមរិកំាង​ម្នាក់​ទៅ​កូរ៉េខាងជើង​ដើម្បី​ចរចា​ជាមួយ​រដ្ឋអំណាច​ព្យុងយ៉ាង​ក្នុង​ការ​ដោះលែង​ពួក​គេ។ ជិត​មួយ​សប្តាហ៍​ក្រោយ​មក ពោល​នៅ​ថ្ងៃទី៨ កញ្ញា ទីក្រុង​វ៉ាស៊ីតោន​បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ដោះលែង​ជនជាតិ​របស់​ខ្លួន​ទំាង ៣នាក់​នោះ ដោយ​លើក​យក​ហេតុផល​មនុស្សធម៌។ គួរ​រម្លឹក​ជូន​ថា កូរ៉េខាងជើង និង​អាមេរិក​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ទេ។ នៅ​ក្នុង​អតីតកាល កូរ៉េខាងជើង​ធ្លាប់​បាន​ដោះលែង​ជនជាតិ​អាមេរិកំាង បន្ទាប់​ពី​មាន​ទស្សនកិច្ច​របស់​អតីតប្រធានាធិបតី​អាមេរិក​ប៊ីល គ្លីនតុន និង​ជីមី ខាតធ័រ។ បេសកជន​ពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​លោក​រ៉ូប៊ែរ គីង​ក៏​ធ្លាប់​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង​ដើម្បី​ជជែក​ពី​ការ​ដោះលែង​ជនជាតិ​អាមរិកំាង​ទំាង ៣រូប​នោះ​ដែរ តែ​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​លប់​ចោល​វិញ​នៅ​នាទី​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ