អានតួអត្ថបទ
កម្ពុជា

ចូល​​ឆ្នាំ​​ថ្មី​​ឆ្នាំ​​នេះ ​​​ភ្ញៀវ​​ទេស​ចរ​​សម្រុក​​ខ្លាំង​​ទៅ​​ខេត្ត​​សៀម​រាប​​និង​​ចេញ​​ក្រៅ​​ប្រទេស​​

ក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ភ្ញៀវ​ទេស​ចរ​បាន​សម្រុក​ខ្លាំង​ទៅ​កាន់​ខេត្ត​សៀម​រាប។ បន្ទប់​សណ្ឋាគារ​ផ្ទះ​សំណាក់​បាន​ឡើង​ថ្លៃ​ខ្ពស់​និង​មាន​អ្នក​ខ្លះ​ខ្វះ​បន្ទប់​ស្នាក់​នៅ​ទៀត​ផង។ ចំនួន​ភ្ញៀវ​ទេសចរ​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​៣​ថ្ងៃ​នេះ​ ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​វាយ​តម្លៃ​ថា​ មាន​ដល់​ទៅ​ជាង​២៥​ ម៉ឺន​នាក់​គឺ​កើន​លើស​ឆ្នាំ​មុន​ជាង ៤៤ ភាគ​រយ។ ចំនួន​អ្នក​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​កើន​ឡើង​ស្ទើរ ១០០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន។

ភ្ញៀវទេសចរ កំពុងដើរកំសាន្ត នៅតាមតំបន់ប្រាសាទនានា ក្នុងតំបន់អង្គរ ខេត្តសៀមរាប។
ភ្ញៀវទេសចរ កំពុងដើរកំសាន្ត នៅតាមតំបន់ប្រាសាទនានា ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ RFI
ផ្សាយពាណិជ្ជកម្ម

ភ្ញៀវ​ទេស​ចរ​មក​ពី​គ្រប់​ទិស​ទី​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ដែល​បាន​មក​ទស្សនា​ខេត្ត​សៀម​រាប​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​មាន​ចំនួន​ជាង ២៥​ម៉ឺន​នាក់​ពោល​គឺ​កើន​លើស​ឆ្នាំ​មុន​ប្រមាណ​ជា ៤៤​ភាគរយ។ នេះ​បើតាម លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​ដែល​បាន​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​។

បើ​តាម​លោក ង៉ូវ សេង​កាក់ ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​សៀម​រាប​គឺ​ដោយ​សារ​តែ​ខេត្ត​នេះ​មាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​។ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ឲ្យ​ដឹង​ទៀត​ថា បន្ទប់​សណ្ឋា​គារ ផ្ទះសំ​ណាក់​ទូ​ទាំង​ខេត្ត​ត្រូវ​បាន​ភ្ញៀវ​ជួល​ស្នាក់​នៅ​គ្មាន​សល់​គឺ​នៅ​សល់តែ​បន្ទប់​សណ្ឋា​គារ​ថ្នាក់​ផ្កាយ​៥​ខ្លះ​តែប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​ក៏​មាន​ភ្ញៀវ​ជា​ច្រើន​ទៀត​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​ផង​ដែរ។ ភ្ញៀវ​ខ្លះ​ទៀត​ត្រូវ​ចំណាយ​ពេល​ដល់​រំលង​អាធ្រា​ត្រ​ទើប​អាច​រក​បន្ទប់​ស្នាក់​នៅបាន។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេស​ចរណ៍​ផ្នែក​ឯកជន​ក៏​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដែរ​ថា មាន​ភ្ញៀវ​ទេស​ចរ​ខ្លះ​ជា​ពិសេស​ដូន​ជី​និង​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​បាន​ទៅ​ស្នាក់​នៅ​តាម​ទី​វត្ត​អារាម។ បើតាម​លោក ហូ វណ្ឌី ខេត្ត​ផ្សេង​ៗ​ទៀត​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ប៉ុន្មាន​ទេ ដូចជា​បាត់ដំបង​ឬ​ប៉ៃលិន​ជាដើម​ភ្ញៀវ​អាច​រក​បន្ទប់​ស្នាក់​នៅ​បាន​ជា​ធម្មតា​។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ក៏​មាន​ទេសចរ​ជន​ជាតិ​ខ្មែរ​សម្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ដែរ។ លោក ហូ វណ្ឌី បញ្ជាក់​ថា ក្រុម​ហ៊ុន​ទេសចរណ៍​ជា​ច្រើន​មមា​ញឹក​យ៉ាង​ខ្លាំង​ដោយ​សារ​ភ្ញៀវ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រ​ធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា លោក អាង គឹម​អ៊ាង ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ។ លោក​បញ្ជាក់​ថា ភ្ញៀវ​ជន​ជាតិ​ខ្មែរ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ស្ទើរ​តែ ១០០ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន។

បើ​តាម​លោក អាង គឹម​អ៊ាង ភ្ញៀវ​ខ្លះ​មិន​អាច​រក​យន្ត​ហោះ​ជិះ​បាន​ផង។ គោល​ដៅ​ទេស​ចរណ៍​សំខាន់​ៗ​មានដូច​ជា ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួរ ចិន ហើយ​ឆ្នាំ​នេះ​មាន​ទេសចរ​ជន​ជាតិ​ខ្មែរ​ខ្លះ​ចេញ​ទៅ​រហូត​ដល់​កូរ៉េ​ខាង​ត្បូង ជប៉ុន សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​ទៀត​ផង។ ទាំង​លោក ហូ វណ្ឌី ទាំង​លោក អាង គឹម​អ៊ាង សុទ្ធ​តែ​កត់សម្គាល់​ថា ការ​ធូរ​ស្រាល​ខាង​នយោ​បាយ​ជា​អំណោយ​ផល​ល្អ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ទេស​ចរណ៍​បាន​សំណូមពរ​ថា កម្ពុជា​គួររៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​មាន​គុណ​ភាព​ជា​ពិសេស​ផ្លូវ​ថ្នល់។ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​អំពី​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀម​រាប​និង​ខេត្ត​មួយ​ចំនួន​ទៀត​ដោយ​សារ​តែ​បញ្ហា​ផ្លូវ​ថ្នល់ និង​កង្វះ​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ទេស​ចរណ៍​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ