អានតួអត្ថបទ
កម្ពុជា-អាស៊ាន-អាមេរិក

មេដឹកនាំ​កំពូល​អាមេរិក​៣នាក់​នឹង​មកដល់​កម្ពុជា​ក្នុង​សប្តាហ៍​ខាងមុខ​នេះ

ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា, រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ននិង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Leon Panettaនឹង​មកដល់​កម្ពុជា​នៅ​សប្តាហ៍​ខាងមុខនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និងកិច្ចប្រជុំ​អាស៊ីបូព៌ានៅក្នុង​ប្រទេស​កម្ពុជា។ ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំ​ព​ញ​នៅ​ចុង​សប្តាហ៍​នេះ។ ប្រទេស​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​មេដឹកនាំ​កំពូល​ជាច្រើន​របស់​ពិភពលោក។

លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន នឹង​មកដល់​កម្ពុជា នៅថ្ងៃ​ទី១៩ វិច្ឆិកា ២០១២
លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន នឹង​មកដល់​កម្ពុជា នៅថ្ងៃ​ទី១៩ វិច្ឆិកា ២០១២ ©Reuters
ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ជូនដំណឹង​អំពី​ការមកដល់​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក៣នាក់​ក្នុង​ទឹកដី​កម្ពុជា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ។ លោក​ប្រធានាធិបតី បារ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ី​ឡា​រី​គ្លិន​តុ​ន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ វិច្ឆិកា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៩ និង​ទី២០ វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។ មុននឹង​មក​ដល់​​កម្ពុជា លោក​អូ​បា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ផងដែរ។

ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោកLeon Panettaក៏​នឹង​មកដល់​កម្ពុជា​ដែរ។ លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង១០ នៅក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ចង្អៀត​មួយ​នៅក្នុង​ខេត្តសៀមរាប​នៅ​ថ្ងៃទី១៦វិច្ឆិកា។ លោក Leon Panettaគ្រោង​នឹង​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការឯកភាព​អាស៊ាន​ សម្រាប់​ជា​ប្រយោជន៍​ដល់​ស្ថិរភាព​តំបន់ ក៏ដូចជា​បង្ហាញ​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។

វត្តមាន​របស់​មេដឹកនាំសំខាន់ៗទាំង៣របស់​អាមេរិក​នៅ​កម្ពុជា​បាន​កើតឡើង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី១៥ដល់២០ វិច្ឆិកា​នេះ។ មេដឹកនាំកំពូលៗមកពី​បណ្តា​ប្រទេស​ជាច្រើន​នៃ​ពិភពលោក​ដូចជា​ចិន ជប៉ុន កូរ៉េ រុស្ស៊ី និង​សហរដ្ឋអាមេរិក ជាដើម​នឹង​មក​ចូលរួម​កិច្ចប្រជុំ​ទាំងនោះ។

នៅក្នុង​សារលិខិត​អបអរសាទរ​ចំពោះ​ការជាប់ឆ្នោត​ជាថ្មី​របស់លោក​អូ​បា​ម៉ា​កាលពី​ថ្ងៃ​ទី៧​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក​រង់ចាំ​ស្វាគមន៍​ការមកដល់​របស់​លោក​អូ​បា​ម៉ា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សង្ឃឹមថា ចំណងទាក់ទង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក អូ​បា​ម៉ា នឹង​កាន់តែ​រីកចម្រើន​ថែមទៀត។

វត្តមាន​របស់​មេដឹកនាំកំពូលៗអាមេរិក​នៅ​កម្ពុជា ក៏​ជា​ឱកាស​ដែល​គណបក្សប្រឆាំង​សង្ឃឹមថានឹង​នាំមក​នូវ​ការប្រែប្រួល​នយោបាយ​នៅក្នុង​ប្រទេស​ផងដែរ។ លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ការជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់លោក ​ដើម្បី​អាច​ចូលរួម​បោះឆ្នោត​ឆ្នាំ ២០១៣ ។ ប៉ុន្តែ នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​បញ្ជាក់ថា បញ្ហា​នេះ​នឹងត្រូវ​លើកយក​មក​ពិភាក្សា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ