ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 30 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 30 កញ្ញា 2012

លោក​ថេន សេន​​មិនជំទាស់​នឹង​រឿង​លោកស្រី​អ៊ុងសានស៊ូជី​ឡើង​ធ្វើ​ជា​ប្រធានាធិបតី

លោក​ ថេន សេន ប្រធានាធិបតី​ភូមា នៅ​ទីក្រុង​ញូវយ៉ក
លោក​ ថេន សេន ប្រធានាធិបតី​ភូមា នៅ​ទីក្រុង​ញូវយ៉ក
REUTERS/Chip East

ដោយ សេង ឌីណា

លោក​ប្រធានាធិបតី​ថេន សេន បាន​ប្រាប់​ទូរទស្សន៍​ BBC កាល​ពី​ថ្ងៃសៅរ៍​ម្សិលមិញ​ ថា លោក​នឹង​ទទួលស្គាល់​លោកស្រី​អ៊ុង សានស៊ូជី ជា​ប្រធានាធិបតី ប្រសិនបើ​លោកស្រី​ជាប់ឆ្នោត។ ក៏ប៉ុន្តែ លោក​ថេន សេន ក៏​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា លោក​តែ​ម្នាក់​ឯង​មិនមាន​អំណាច​កែប្រែច្បាប់ ដែល​ហាមមិនឲ្យ​លោកស្រី​ប្រមុខដឹកនាំ​ប្រឆាំង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បាន​នោះទេ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

30/09/2012

នៅក្នុង​ដំណើរទស្សនកិច្ច​ជាលើកទី១ ទៅកាន់​សហរដ្ឋ​អាមេរិក នៅពេលនេះ​ លោក​ថេន សេន​ ពិតជា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​មិនតិច​នោះទេ ជាពិសេស ទាក់ទង​នឹង​ជំហរ​របស់​លោក​ ចំពោះ​លោកស្រី ​អ៊ុង សានស៊ូជី។
 
កាលពីថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​សុន្ទរកថា ចំពោះ​អង្គមហាសន្និបាត​អ.ស.ប. លោក​​​ថេន សេន អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របបសឹកភូមា​ បាន​លើកសរសើរ​ចំពោះ​ការតស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​របស់​លោកស្រី​ប្រមុខដឹកនាំ​ប្រឆាំង និង​ជា​អតីត​អ្នក​ទោស​នយោបាយ​របស់​លោក​។
 
ពីរថ្ងៃ​ក្រោយទៀត ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អង់គ្លេស BBC លោក​​ប្រធានាធិបតី​ ថេន សេន បាន​បញ្ជក់ថា លោក និង​លោកស្រី​អ៊ុង សានស៊ូជី កំពុងតែ​ធ្វើការ​ជាមួយគ្នា ហើយ​គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ ហើយថា លោក​នឹង​ទទួលស្គាល់​លោកស្រី អ៊ុង សានស៊ូជី ជា​ប្រធានាធិបតី ​ប្រសិនបើ​ប្រជាពលរដ្ឋ​ភូមា​បោះឆ្នោត​ជ្រើសរើស​លោកស្រី។ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី​ភូមា​បាន​បញ្ជាក់បន្ថែម​ថា លោក​តែ​ម្នាក់ឯង គ្មាន​សិទ្ធិ​អំណាច​កែប្រែ​រដ្ឋធម្មនុញ្ញ ដែល​ហាម​ឃាត់​លោកស្រី​អ៊ុង សានស៊ូជី មិន​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បានទេ។ ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​វា​អាស្រ័យ​ទៅលើ​ឆន្ទៈ​របស់​ប្រជាជន​ភូមា និង​ឆន្ទៈ​របស់​សមាជិក​សភា។
 
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ដែល​តាក់តែង​ឡើង​ដោយ​មេដឹកនាំ​យោធា​ភូមា​ មានចែង​ហាម​មិនឲ្យ​អ្នក​នយោបាយ​ភូមា​ណា ដែល​មាន​សាច់ញាតិ​ជាប់​សញ្ជាតិ​បរទេស​ឈរឈ្មោះ​ជា​ប្រធានាធិបតី។ ដូច្នេះ បើ​មិនមាន​ការ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​នេះទេ លោកស្រី​អ៊ុង សានស៊ូជី ដែល​មាន​​ស្វាមី​ និង​កូនប្រុស​ពីរ​ជា​ពលរដ្ឋ​​​អង់គ្លេស មិនមាន​សិទ្ធិ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ភូមា នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ​បានទេ។
 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC ម្សិលមិញ​នេះ លោក​ថេន សេន ក៏​បាន​លើកសរសើរ​ផងដែរ ចំពោះ​តួនាទី​របស់​កងទ័ពភូមា ដែល​យោងតាម​រដ្ឋធម្មនុញ្ញ​ភូមា កងទ័ព​ត្រូវ​ទទួល​បាន​អាសនៈ ១ភាគ ៤ ក្នុង​រដ្ឋសភា​ដោយស្វ័យប្រវត្តិ។ លោក​ថេន សេន ដែល​ជា​អតីត​ឧត្តមសេនីយ៍​មួយរូបដែរនោះ​បាន​​បញ្ជាក់ថា គេ​មិន​អាច​ផាត់​កងទ័ព​ចេញពី​នយោបាយ​ភូមា​បានទេ៕

tags: ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close