តើការបោះឆ្នោតប្រធានាធិបតីថ្ងៃមុខនឹងសុចរិតយុត្តិធម៌ឬទេ?

តបនឹងសំណួរនេះ មានតែប្រជាពលរដ្ឋរុស្ស៊ី ប្រមាណពាក់កណ្តាលប៉ុណ្ណោះ ដែលជឿថា វានឹងសុចរិតមែន។ នេះជាលទ្ធផលនៃការស្ទង់មតិ ទើបចេញផ្សាយដោយអង្គការសង្គមសាស្ត្រឈ្មោះ Levada-Center ធ្វើពីថ្ងៃ២០ដល់២៣មករាទៅលើពលរដ្ឋ ១.៦០០ នាក់ នៅតាមទីប្រជុំជនចំនួន១៣០ នៃខេត្ត ៤៥ ពីក្នុងចំណោមខេត្តទាំង៨៣ ចំណុះសហព័ន្ធរុស្ស៊ី។
មូលហេតុនៃការស្ទង់មតិនេះ មកពីការបោះឆ្នោតសភាកាលពីខែធ្នូកន្លងទៅ បានញ៉ាំងឲ្យមានរលកបាតុកម្មនិងមិទ្ទិញប្រឆាំងយ៉ាងគគ្រឹកគគ្រេង ទល់នឹងការក្លែងបន្លំសន្លឹកឆ្នោតដែលប្រជាពលរដ្ឋផ្ទាល់នាំគ្នាកត់ត្រាឃើញ នៅតាមការិយាល័យបោះឆ្នោតហើយក្លែងបន្លំនេះ គឺសម្រាប់ជា ប្រយោជន៍នៃបក្សកាន់អំណាចតែម្តង។
ម៉្លោះហើយ បានជាទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៤មីនា ខាងមុខ ដោយនឹងមានទាំងបេក្ខជននៃបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្ត្រីពូទីនចូលខ្លួនប្រជែង ជាមួយបេក្ខជននៃបក្សប្រឆាំង៤នាក់ផ្សេង ការស្ទង់មតិដែលមានធ្វើនោះ គឺមានន័យសំខាន់ សម្រាប់សង្គមផ្ទាល់។
ស្របនឹងលទ្ធផល ដែលចេញផ្សាយព្រឹកមិញនៅម៉ូស្គូ៖
-មានមិនដល់ទាំងពាក់កណ្តាលផង ពោលគឺតែ៤៩%ប៉ុណ្ណោះ ដែលព្យាករថា ការបោះឆ្នោត នៅដើមខែក្រោយ នឹងមានលក្ខណៈសុចរិតត្រឹមត្រូវ។ ចំណែកមតិដែលមិនជឿសោះឡើយលើ លក្ខណៈយុត្តិធម៌នោះ គឺ២៨%រីឯ២៣%ទៀត គ្មានយោបល់ជាក់លាក់ឡើយ។
- ព្រមជាមួយនេះ ប្រជាពលរដ្ឋ៣០% រំពឹងថា ក្នុងការបោះឆ្នោតប្រធានាធិបតីនឹងមានការក្លែងបន្លំសន្លឹកឆ្នោត តិចជាង ក្នុងការបោះឆ្នោតសភា។ ហើយមានតែ១០%ប៉ុណ្ណោះ ដែលប្រាកដ ក្នុងចិត្តថា ក្នុងការបោះឆ្នោតថ្ងៃមុខ នឹងពុំមានការរំលោភបំពានឬ ការក្លែងបន្លំសន្លឹកឆ្នោត អ្វីណាទេ។ ចំណែកមតិភាគច្រើនដល់ទៅ ៣៧% ប្រមាណថា ភាពមិនប្រក្រតីក្នុងការបោះឆ្នោតប្រធានាធិបតីនឹងមានចំនួនដូចក្នុងការបោះឆ្នោតសភាអ៊ីចឹង។
គួរនិយាយថា ដោយជ្រោងលើកឡើងនូវបាវចនា “ដើម្បីការបោះឆ្នោតសុចរិត” នៅរុស្ស៊ីមានបង្កើតឡើងជាចលនាក្រោមឈ្មោះថា “សម្ព័ន្ធអ្នកស្រុកម្ចាស់ឆ្នោត” , ជាសមាគមស៊ីវិលឈ្មោះ Golos ( សំឡេង ) , ជា”សហភាពអ្នកច្បាប់” ដែលសុទ្ធតែនឹងបញ្ជូនតំណាងរបស់ខ្លួនឲ្យទៅ តាមដានការបោះឆ្នោត នៅនឹងការិយាល័យបោះឆ្នោតផ្ទាល់។
ចំណែករដ្ឋអំណាចវិញ ដោយគន់គិត អំពីរលកតវ៉ាពីខាងប្រជាពលរដ្ឋ និងដើម្បីធានាឲ្យមាន តម្លាភាព ទាំងដកយកមេរៀនពីការចោទប្រកាន់ក្នុងរឿងក្លែងបន្លំសន្លឹកឆ្នោត លោកនាយករដ្ឋមន្ត្រី ពូទីន បានបញ្ជាឲ្យដំឡើង Webcamera ជាភ្នែកឃ្លាំមើល ទាំងយប់ទាំងថ្ងៃ ប្រចាំនៅតាមគ្រប់តែ ការិយាល័យបោះឆ្នោត ចំនួនជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសរុស្ស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (1)
Russia
Please, if you can, let me know about political parties and presidential candidates of Russia for election on 4 March 2012.
ប្រតិកម្មជុំវិញអត្ថបទនេះ