អានតួអត្ថបទ
កម្ពុជា

អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់

ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ក្នុង​ឆ្នាំ២០១១​នេះ​មាន​ទំហំ​ធំជាង​កាល​ពី​ឆ្នាំ​២០០០។ ​នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១ តុលា ឆ្នំា ២០១១ នេះ។ ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​១៤៨​នាក់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។ ភាព​ធ្ងន់ធ្ងរ​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ។

អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់
អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​ទី​៣០​កញ្ញា ​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​បាន​ឡើង​ដល់​១៤៨​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន​៥២​នាក់។ ​នេះ​ជា​តុល្យការ​នៃ​សោកនាដកម្ម​ដោយ​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពិសេស​តាម​កញ្ចក់​ទូរទស្សន៍​ស្តីពី​បញ្ហា​ទឹក​ជំនន់​កាល​ពី​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​វាយ​តម្លៃ​ថា​ ទឹកជំនន់​ឆ្នាំ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ជំនន់​សហស្សវត្សរ៍​កាល​ពី​ឆ្នាំ​២០០០​ទៅ​ទៀត។

ក្រៅ​ពី​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ច្រើន ​ទឹក​ជំនន់​ក៏បាន​បំផ្លាញ​សន្ទូង ​និង​ស្រូវ​ជាង​២៧​ម៉ឺន​ហិកតា និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ​១៧​ ម៉ឺន​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់។ ​ផ្លូវ​ជាតិ​ ផ្លូវលំ​ ស្ពាន​សាលារៀន​ មន្ទីរពេទ្យ ​និង​វត្តអារាម​ ជាច្រើន​ត្រូវ​បាន​លិច​លង់​ដោយ​ទឹកជំនន់។ ​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ជួយ​ប្រជាជន​ដែល​ខ្វះ​ស្បៀង ​ជម្រក ​និង​ថ្នាំពេទ្យ។​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ក៏ដូច​ជា​មន្រ្តី​រដ្ឋបាល ​និង​ ក្រុម​គ្រូពេទ្យ​ឲ្យ​ដាក់​កម្លាំង​ប្រចាំការ​ដើម្បី​ជួយ​សង្រ្គោះ​បន្ទាន់​ដល់​ប្រជាជន​រងគ្រោះ។ ​យ៉ាងណាក៏​ដោយ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​តែ​បង្ហាញ​ក្តី​សង្ឃឹម​ថា​ កម្ពុជា ​នឹង​ជំនះ​បាន​នូវ​ការ​លំបាក​ទាំង​ឡាយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច ​៦ ​ភាគរយ​ដូច​ការ​គ្រោងទុក។

មក​ដល់​ចុង​សប្តាហ៍​នេះ ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រកាស​ថា​ ទឹកជំនន់​បាន​ចាប់​ផ្តើម​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន​ហើយ ​ប៉ុន្តែ ​ផល​ប៉ះពាល់​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។ ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​ជន់លិច​ទ្រង់ទ្រាយ​ធំ​សា​ជា​ថ្មី​នៅ​ឆ្នាំ​នេះ ​ដោយសារ​បញ្ហា​អាកាសធាតុ​ដែល​បាន​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ​។​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្យល់​ព្យុះ​ទី​ ១៧​ឈ្មោះ​នេសាទ​ដែល​បាន​បោកបក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ហុងកុង​ កោះហៃណាន់​នៃ​ប្រទេស​ចិន និង​បាន​ទៅ​ដល់​ភាគខាង​ជើង​នៃ​ប្រទេស​វៀតណាម​បាន​រលាយ​បាត់​ទៅ​វិញ​ហើយ​កាល​ពីយប់​ថ្ងៃសុក្រ​ម្សិល​មិញនេះ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លទ្ធភាព​ឲ្យ​ជួយ​ដល់​ប្រជាជន​ដែល​បាត់​បង់​ផ្ទះ​សំបែង​តាម​រយៈការ​ជួយ​សាងសង់​ផ្ទះ ​ជូន​ពួកគេ​វិញ ​ក៏ដូច​ជា​ជួយ​ដោះស្រាយ​ស្បៀង​ជូន​ប្រជាពល​រដ្ឋ​រងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ