អានតួអត្ថបទ
ខ្មែរក្រហម

ការ​ដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ

ការបោសសម្អាតភូមិភាគបូព៌ា​បណ្តាល​ឲ្យ​មាន​ការ​បែកបាក់​​យ៉ាងខ្លាំង ក្នុង​ចំណោម​​កងទ័ព​ខ្មែរក្រហម។ នោះហើយ​ដែល​ជា​ចំណុច​ចាប់ផ្តើម នៃ​​ការ​ដួលរលំ​នៃ​របប​​កម្ពុជា​ប្រជាធិបតេយ្យ។

ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​
ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ (រូបថតឯកសារ AFP)
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពេល​ដែល​សង្រ្គាម​ជាមួយ​វៀតណាម កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង​ដែរ។

ការអនុវត្ត​នយោបាយ​ឃោរឃៅ​លើ​ប្រជាជន​ខ្លួនឯង បណ្តាលឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​ក្លាយជា​របប​មួយ ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទាល់តែសោះ។ លើសពីនេះ​ទៅទៀត កងទ័ព​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​ជា​ខែល​ការពារ​ទប់ទល់​នឹង​វៀតណាម​នោះ ក៏ត្រូវ ប៉ុល ពត កម្ចាត់​ឲ្យ​ខ្ចាត់ខ្ចាយ​អស់ដែរ។ ខ្លះ​ត្រូវ​គេ​យក​ទៅសម្លាប់។ ខ្លះទៀត​បាន​រត់​គេច​ចេញ​ទៅ​ប្រទេស​វៀតណាម រង់ចាំ​តែ​ឱកាស​ ដើម្ប​វាយបក​មក​លើ ប៉ុល ពត វិញ។

ដើម្បីទប់ទល់​ជាមួយ​នឹង​វៀតណាម ជម្រើស​របស់​មេដឹកនាំ​ខ្មែរក្រហម គឺ​ស្វះស្វែង​រក​ការគាំទ្រ​ពីសំណាក់​សហគមន៍​អន្តរជាតិ។ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តែងតែ​អះអាង​ពី​នយោបាយ​ឯករាជ្យ ម្ចាស់ការ មិនពឹង​បរទេស ហើយ​ផ្តាច់ខ្លួន​ចេញពី​ពិភព​ខាងក្រៅ​នោះ ក៏​បាន​ចាប់ផ្តើម​បើកទ្វារ​ចំហ​ឡើងវិញ ទទួល​បរទេស​ឲ្យ​ចូលមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ ប៉ុល ពត ដែល​ជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​អាថ៌កំបាំង​នោះ ក៏បាន​សុខចិត្ត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​មកពី​ប្រទេស​លោកខាងលិច។

ទាក់ទង​នឹង​នយោបាយ​ក្នុងប្រទេស​វិញ ការ​ធ្វើទុក្ខ​បុកម្នេញ​ដល់​ប្រជាជន​ថ្មី (ឬ​ប្រជាជន​១៧មេសា) ក៏​ហាក់ដូចជា​ថយចុះ​វិញ​បន្តិច។ មេដឹកនាំ​ខ្មែរក្រហម​ថែមទាំង​បាន​ប្រកាស​បើក​ឲ្យមាន​សាលា​បឋមសិក្សា​ឡើងវិញ​ទៀតផង។

ចំពោះ​បញ្ញវន្ត​ខ្មែរ ដែល​ត្រូវបាន អៀង សារី និង ជួន ប្រាសិទ្ធិ បញ្ឆោត​ឲ្យ​ចូល​មក​កម្ពុជា ហើយ​យក​ទៅដាក់​ក្នុង​ជំរំ​លត់ដំ​នោះ​ ក៏​ពួក​មេដឹកនាំ​ខ្មែរក្រហម​ចាប់ផ្តើម​យកចិត្ត​វិញ​ដែរ។ អៀង សារី បាន​បញ្ជា​ឲ្យគេ​រៀបចំ​បណ្ណាល័យ ដែល​មាន​សៀវភៅ​សរសេរ​ជា​ភាសា​បរទេស នៅក្នុង​ជំរំ​លត់ដំ​។ ​ការងារ​ក្នុង​ជំរំ​ក៏ត្រូវ​កាត់បន្ថយ​ ហើយ​ចំណីអាហារ​ក៏​​ផ្តល់​ឲ្យ​ច្រើន​ជាងមុន។

នៅខែតុលា ឆ្នាំ១៩៧៨ អៀង សារី បាន​ធ្វើដំណើរ​ចេញទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​អ.ស.ប.។ ឆ្លៀតក្នុង​ឱកាស​នោះ អៀង សារី បាន​ព្យាយាម​ផ្សព្វផ្សាយ​អំពី​មុខមាត់​ថ្មី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុងការ​ទប់ទល់​នឹង​វៀតណាម។

អៀង សារី ថែម​ទាំង​បាន​អញ្ជើញ​​​អគ្គលេខាធិការ​អ.ស.ប. ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ទៀតផង ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដោយ​លោក​អគ្គលេខាធិការ​អ.ស.ប.​ បដិសេធ​ការ​អញ្ជើញ​នេះ អៀង សារី ក៏បាន​ងាក​ទៅ​អញ្ជើញ​អ្នក​សារព័ត៌មាន​បរទេស​វិញ។

ក៏ប៉ុន្តែ ក្នុងពេល​ដែល​ខ្មែរក្រហម​ចាប់ផ្តើម​បើកចំហ​នយោបាយ​ទៅកាន់​សហគមន៍​អន្តរជាតិ និង​បន្ធូរបន្ថយ​ការធ្វើទុក្ខ​បុកម្នេញ​ប្រជាជន​ ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​មិនត្រូវបាន​បន្ធូរដៃ​នោះទេ។ មេដឹកនាំ​ខ្មែរក្រហម​ ចាប់តាំង​ពី​លេខា និង​កម្មាភិបាល​ភូមិភាគ រហូតដល់​រដ្ឋមន្រ្តី ត្រូវបាន​ចាប់ខ្លួន​ និង​សម្លាប់​ជា​បន្តបន្ទាប់។

នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​បាន​រត់ទៅ​ប្រទេស​វៀតណាម គេចពី​ការ​តាម​សម្លាប់​ពីសំណាក់​ ប៉ុល ពត នោះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​បង្កើតជា​រណសិរ្ស​មួយ ដែល​មាន​ឈ្មោះ​ថា “រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា” ដែល​មាន លោក​ហេង សំរិន ជា​ប្រធាន។ រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ក្លាយជា “គណបក្ស​ប្រជាជន​កម្ពុជា” តែងតែ​អះអាង​ថា​ខ្លួន​គឺ​ជា​អ្នក​ស្នងមរតក នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បាន​បង្កើតឡើង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្រោយពី​បាន​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នេះ ត្រូវបាន​ប្តូរឈ្មោះ​ទៅជា បក្ស​ពលករ​កម្ពុជា កាលពី​ឆ្នាំ១៩៦៣ ក្រោយពេល​ដែល សាឡុត ស (ហៅ​ ប៉ុល ពត) បាន​ឡើង​កាន់តំណែង​ជា​លេខាបក្ស និង​បន្ទាប់មក ប្តូរ​ទៅជា បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

គ្រាន់តែ​បង្កើតឡើង​ភ្លាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ក៏​ទទួលបាន​នូវ​ការ​គាំទ្រ​ភ្លាមៗ​ពី​សំណាក់​ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​សហភាព​សូវៀត។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​ក៏បាន​បើក​ប្រតិបត្តិការ​វាយលុក​លើ​កងទ័ព​ខ្មែរក្រហម ដោយយក​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ធ្វើជា​ខែល​ ដើម្បី​ការពារ​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​កម្ពុជា។ តាមពិត ក្នុងប្រតិបត្តិការ​វាយលុក​លើ​របបខ្មែរក្រហម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា​មាន​កងទ័ព​តែ​ប្រមាណ ២ម៉ឺននាក់​ប៉ុណ្ណោះ ចំណែកឯ​វៀតណាម​វិញ មាន​កងទ័ព​ដល់ទៅ​ប្រមាណ​១០ ម៉ឺននាក់ ដោយ​រួមមាន​ទាំង​កង​រថក្រោះ និង​យន្តហោះ​ចម្បាំង​ផង។ ប្រតិបត្តិការ​យោធា​នេះ​ទៀតសោត ត្រូវ​ស្ថិតក្រោម​បញ្ជា​អគ្គបញ្ជាការ​កងទ័ព​ជើងគោក​វៀតណាម គឺលោក វ៉ាន់ ទៀន ហ្ស៊ុង (Van Tien Dung)។

កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​ដាក់​ផែនការ​វាយលុក ចេញពី​ចំណុច​សំខាន់​ពីរ គឺ ទីមួយ ចេញពី​ខេត្ត​តៃនិញ ប្រទេស​វៀតណាម វាយលុក​ចូល​ទៅ​ខេត្ត​ក្រចេះ រួច​ចាក់ចុះ​តាម​ខេត្ត​កំពង់ចាម តម្រង់​ទៅ​ភ្នំពេញ។ ទីពីរ ចេញពី​កំពង់ផែ ហា ទៀង ប្រទេស​វៀតណាម វាយលុក​ឆ្ពោះទៅកាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ រួច​ចាក់ចុះ​តាម​ខេត្ត​តាកែវ តម្រង់​ទៅ​ជួបនឹង​ក្រុម​ទីមួយ នៅ​ភ្នំពេញ។

នៅ​កន្លែងណា ដែល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​វាយលុក​ទៅដល់ ពួកគេ​ត្រូវបាន​ប្រជាជន​កម្ពុជា​ទទួល​អបអរសាទរ ក្នុងឋានៈ​ជា​កងទ័ព​រំដោះ។ ចំណែក​កងទ័ព​ខ្មែរក្រហម​វិញ ត្រូវ​ទទួល​បរាជ័យ បាក់ទ័ព​រត់​ខ្ចាត់ខ្ចាយគ្នា​ជាបន្តបន្ទាប់។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​មកពី​តៃនិញ​បាន​វាយចូល​កាន់កាប់​ខេត្ត​ក្រចេះ។

ថ្ងៃទី២ មករា ១៩៧៩ កងកុម្ម៉ង់ដូ​វៀតណាម​បាន​វាយឆ្មក់​ចូល​ក្នុង​ក្រុង​ភ្នំពេញ ក្នុង​គោលដៅ​រំដោះ​សម្តេច នរោត្តម សីហនុ ពី​ព្រះបរមរាជវាំង។ ក៏ប៉ុន្តែ បេសកកម្មនេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​ពួក​ខ្មែរក្រហម​បាន​ជន្លៀស​ព្រះអង្គ ចេញពី​ភ្នំពេញ តាំងពី​ថ្ងៃទី១ មករា​ម្ល៉េះ ដោយ​នាំយក​ទៅ​ខេត្ត​បាត់ដំបង និង​បន្ទាប់មក ទៅ​ស៊ីសុផុន។

នៅថ្ងៃទី៣ មករា នៅពេល​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូលដល់​ខេត្ត​ស្ទឹងត្រែង អៀង សារី បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បើក​កិច្ចប្រជុំ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​វៀតណាម។

មួយថ្ងៃ​ក្រោយមក​ទៀត ពោលគឺ នៅ​ថ្ងៃទី៤ មករា តំបន់​ត្រើយ​ខាងកើត​ទន្លេ​មេគង្គ​ទាំងមូល ត្រូវធ្លាក់​ក្នុងដៃ​កងទ័ព​វៀតណាម។ នៅថ្ងៃទី៥ មករា កងទ័ព​វៀតណាម​បានវាយចូល​ដល់​កំពង់ចម្លង​អ្នកលឿង ចំណែក​មួយក្រុម​ទៀត ដែល​មកពី​ហាទៀង ក៏បាន​វាយលុក​ចូល​ដល់​ខេត្ត​តាកែវ។

នៅឯ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​បើកធ្វើ​មហាសន្និបាត​មួយ ហើយ​សម្រេច​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ឡើងវិញ ដោយ​មាន លោក​ប៉ែន សុវណ្ណ ជា​អគ្គលេខា​បក្ស។

នៅថ្ងៃដដែល​នោះ សម្តេច នរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​នាំចូល​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​ព្រះអង្គ​ត្រូវបាន​គេនាំ​ទៅជួប​ជាមួយ​នឹង ប៉ុល ពត។ នៅក្នុង​ជំនួបនោះ ប៉ុល ពត បាន​ស្នើសុំ​ឲ្យ​សម្តេច នរោត្តម សីហនុ ចេញមុខ​ធ្វើជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​វៀតណាម។ ព្រះអង្គ​បាន​យល់ព្រម​នឹងការ​ស្នើសុំ​នេះ ហើយ​បាន​ចាកចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃទី៦ មករា ឆ្ពោះទៅ​ប្រទេស​ចិន ហើយ​បាន​បើកធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​មាន​រយៈពេល​ដល់ទៅ​៦ម៉ោង នៅ​ទីក្រុង​ប៉េកាំង។ ចេញពី​ប៉េកាំង ព្រះអង្គ​បាន​បន្តដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អ.ស.ប. ក្នុង​ឋានៈ​ជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ។

នៅឯ​ប្រទេស​កម្ពុជា​ឯណោះវិញ នៅ​ព្រឹកព្រលឹម​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ព​កម្មាភិបាល និង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ ក៏​បាន​ចាកចេញ​ពី​ភ្នំពេញ តាម​រថភ្លើង ឆ្ពោះទៅ​ទិស​ពាយ័ព្យ។ ប៉ុន្មាន​ម៉ោង​ក្រោយមក កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​បាន​វាយចូល​ដល់​ទីក្រុង​ភ្នំពេញ ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​អាយុ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏បាន​ដួលរលំ​ជា​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ