អានតួអត្ថបទ
ថៃ

បាតុកម្ម​តវ៉ា​ប្រឆាំង​ច្បាប់​ការពារ​ព្រះមហាក្សត្រ

ជាព្រឹត្តិការណ៍​ដ៏​កម្រ​កើតមាន នៅក្នុង​ប្រវត្តិសាស្រ្ត​ថៃ។ ប្រជាជន​ថៃ ជាង​មួយរយ​នាក់​បាន​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី ចេញមុខ​ការពារ​បុរស​ចំណាស់​ម្នាក់ ដែល​តុលាការ​បាន​កាត់ទោស ឲ្យ​ជាប់គុក ២០ឆ្នាំ ពី​បទ​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ។ នេះ​ជាលើក​ទីមួយ​ដែល​គេ​ឃើញ​ប្រជាជន​ថៃ​ហ៊ាន​ចេញ​តវ៉ា ប្រឆាំង​នឹង​ការអនុវត្តន៍​ច្បាប់​ការពារ​ព្រះរាជវង្ស ដែល​គេ​ចាត់ទុកថា មាន​លក្ខណៈ​តឹងតែង​បំផុត នៅក្នុង​ពិភពលោក។

ប្រជាជន​ថៃ​ជាង​មួយ​រយ​នាក់​ធ្វើ​បាតុកម្ម​ការពារ​តា​អំពុង​ដែល​តុលាការ​ចោទ​ប្រកាន់​ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ
ប្រជាជន​ថៃ​ជាង​មួយ​រយ​នាក់​ធ្វើ​បាតុកម្ម​ការពារ​តា​អំពុង​ដែល​តុលាការ​ចោទ​ប្រកាន់​ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នរណា​ក៏​ដឹង​ដែរ​ថា ប្រជាជន​ថៃ​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ព្រះរាជបល្ល័ង្ក។ ប្រជាជន​ថៃ​គ្រប់រូប​តែងតែខ្លាច មិន​ហ៊ាន​និយាយ​ប៉ះពាល់​ទៅ​ដល់​ព្រះមហាក្សត្រ ហើយ ពួកគេ ជា​ទូទៅ​ថ្កោលទោស​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ជេរប្រមាថ​ព្រះមហាក្សត្រ ឬ​គ្រួសារ​ព្រះរាជវង្ស។

ប៉ុន្តែ ចម្លែកអ្វី​តែ​ប្រជាជន​ថៃ​ជាង​មួយ​រយនាក់​ដែល​បាន​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ទាំងនេះ​បាន​ចេញមុខ​ការពារ លោក​Ampon Tangnoppakul ​បុរស​ចំណាស់​វ័យ ៦១​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស កាលពី​ខែ​វិច្ឆិកា​ឲ្យ​ជាប់គុក​២០ឆ្នាំ។ តាមអ្នកគាំទ្រ​តាអំពុង (Ampon)ច្បាប់​ការពារ​ព្រះមហាក្សត្រ​មិន​ច្បាស់លាស់ ហើយការដាក់ទណ្ឌកម្ម​ទៅលើ​តាអំពុង​ធ្វើ​ឡើង​ដោយ​មិន​សមស្រប។

តា​អំពុង ដែល​ត្រូវ​ប្រជាជន​គាំទ្រ​ដាក់ឈ្មោះ​ថា តា​ SMS ត្រូវ​បាន​តុលាការ​រកឃើញ​ថា គាត់​បាន​សរសេរ​សារ​និយាយ​ប៉ះពាល់​ដល់​ព្រះរាជិនី​ថៃ។ តុលាការ​បាន​បង្ហាញ​ថា តា​អំពុង​បាន​ផ្ញើ​សារ​រិះគន់​ប្រភេទ​នេះ​ចំនួន​បួន​ទៅកាន់​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក​អាភីស៊ីត វីចាជីវ៉ា។ តាអំពុង​ផ្ទាល់​បាន​ឆ្លើយ​បដិសេធ​ការចោទប្រកាន់ ដោយ​ថា គាត់​មិនទាំង​ចេះ​សរសេរ​ផ្ញើ​សារ​តាមទូរស័ព្ទ​យ៉ាងម៉េច​ផង។

នៅក្នុង​ប្រទេស​ថៃ ច្បាប់ ការពារ​ព្រះមហាក្សត្រ​ត្រូវ​គេ​អនុត្ត​យ៉ាងតឹងរ៉ឹង​បំផុត។ អ្នកដែល​ហ៊ាន​និយាយ​ប៉ះពាល់ ឬ​ជេរប្រមាថ​ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ជាប់គុក​យ៉ាងតិច ១៥ឆ្នាំ។ គ្រប់ៗ​គ្នា​ដឹង​ថា មាន​ខ្សែបន្ទាត់​ក្រហម​មួយ​នេះ ដែល​គេ​មិន​ត្រូវ​ឆ្លងកាត់ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​ខ្សែក្រហម​នោះ​នឹង​លាត​សន្ធឹង​ចប់​ត្រឹមណានោះទេ។ ករណី​របស់​តា អំពុង ឬ​តា SMS គឺ​ជា​ឧទាហរណ៍ស្រាប់។ ដើម្បី​បិទខ្ទប់​មិន​ឲ្យ​មាន​ការនិយាយ​ប៉ះពាល់​ទាល់តែ​សោះ​ដល់​ព្រះមហាក្សត្រ​នោះ អាជ្ញាធរ​ថៃ​ទើបចេញ​ការអនុវត្តន៍ថ្មី។ គ្រាន់តែ​ចុចលើ​សញ្ញាចូលចិត្ត ឬ​ធ្វើ​អត្ថាធិប្បាយ​លើ​អត្ថបទ​ក្នុង​Facebook ក៏​ត្រូវ​ជាប់ទោស​ក្នុង​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ ដែរ។ ចំណែក ការសរសេរ​ផ្ញើសារ មួយ ​តាមទូរស័ព្ទ​រិះគន់ ​ដែល​ប៉ះពាល់​ដល់​ព្រះចេស្តា​ព្រះមហាក្សត្រ ត្រូវទទួល​ទោស​ជាប់គុក ៥ឆ្នាំ។ ក្នុង​ករណី​តាអំពុង គាត់​ត្រូវ​ជាប់គុក​២០ឆ្នាំ ពីព្រោះ​គេ​ចោទ​គាត់​ថា បាន​សរសេរ​សារ​រិះគន់​ដល់​ទៅ ៤ដង។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ក្តីកង្វល់​ពីករណី​របស់​តាអំពុង។ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៩ ធ្នូ ជនជាតិ​អាមេរិក ដើមកំណើត​ថៃ​ក៏ទើប​ត្រូវ​បាន​តុលាការ​ថៃ កាត់ទោស​ឲ្យ​ជាប់គុក​ពីរឆ្នាំ កន្លះ ក្នុង​បទ​ចោទប្រកាន់​ដូចគ្នានេះ។ គេ​បាន​វាយតម្លៃ​ថា មាន​មនុស្ស​ច្រើន​ជាង ២០០​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​ពីបទ​ជេរប្រមាថ ព្រះមហាក្សត្រ ឬ​គ្រួសារ​ញាតិវង្ស​ថៃ។ បណ្តឹង​ចោទ​ប្រកាន់​ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ​បាន​កើន​ឡើង សឹង​ទ្វេដង ចាប់តាំងពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន។ ក្រុមប្រឆាំង និងបញ្ញវន្ត​ថៃ​មួយ​ចំនួនធ្លាប់​​រិះគន់​ថា រដ្ឋាភិបាល​លោក​អាភីស៊ីត​បាន​យកលេស​ប្រើច្បាប់​ប្រឆាំង​ជេរប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​កំចាត់​ក្រុមគណបក្ស​ប្រឆាំង។

ការអនុវត្តន៍​កាន់តែ​ច្រើន និង​មិនសមស្រប​ពីសំណាក់​​អាជ្ញាធរ រហូត​ធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​រិះគន់​រដ្ឋាភិបាល​ថៃ​ពីរឿង​បិទសិទ្ធិ​សេរីភាព​ប្រជាជន។ ការរិះគន់ និង​ការចេះ​តែ​ចាប់ ចោទប្រកាន់ និង​ការបិទសេរីភាព​ច្រើន​ជ្រុល លើ​ប្រព័ន្ធ​អ៊ីនធ័រណេត បាន​ធ្វើឲ្យ​​ប្រជាជន​ចាប់ផ្តើម​សង្ស័យ លើ​ការអនុវត្តន៍​ច្បាប់​ប្រឆាំង​ការជេរប្រមាថ​ព្រះមហាក្សត្រ។ ថ្មីៗ ក្នុង​កិច្ចពិភាក្សា ឬ​សន្និសីទ ក្រុមបញ្ញវន្ត​ថៃ​ហ៊ាន​ចោទ​ជាសំណួរ​ពី​គោលដៅ​ច្បាប់ ចំណែក​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​ប្រទេស​ថៃ​កែប្រែ​បន្ធូរ​ច្បាប់ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ