អានតួអត្ថបទ
វិបត្តិនយោបាយ​ថៃ

របបសឹក៖ ថៃ​នឹង​អាច​មាន​រដ្ឋាភិបាល​អន្តរកាល​នៅ​មុន​ខែ​កញ្ញា

របបសឹក​ថៃ​បាន​ប្រកាស នៅ​ថ្ងៃ​សុក្រ​នេះថា ចាប់ពី​ពេលនេះ រហូត​ដល់​ខែ​កញ្ញា រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នឹង​អាច​លេច​ចេញ​រូបរាង។ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ថវិកា​សម្រាប់​ឆ្នាំ ២០១៥ លោក​មេទ័ព​ប្រាយុទ្ធ ចាន់អូចា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច កាលពី​ថ្ងៃ​ទី ២២​ឧសភា​កន្លងទៅ បាន​អំពាវនាវ​ដល់​ប្រជាជន​ថៃ​ឲ្យ​មាន​ការអត់ធ្មត់ ព្រោះថា ប្រទេស​ថៃ​ក្នុង​សម័យ​អន្តរកាល​នឹង​អាច​មាន​រយៈពេល​យូរ​បន្តិច នៅលើកនេះ។  

មេទ័ព​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា នៅក្នុង​កិច្ចប្រជុំ​និយាយ​ពី​ថវិកា​ឆ្នាំ ២០១៥ នៅ​ក្លឹប​យោធា កាលពី​ថ្ងៃ​សុក្រ​ទី ១៣​មិថុនា ២០១៤
មេទ័ព​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា នៅក្នុង​កិច្ចប្រជុំ​និយាយ​ពី​ថវិកា​ឆ្នាំ ២០១៥ នៅ​ក្លឹប​យោធា កាលពី​ថ្ងៃ​សុក្រ​ទី ១៣​មិថុនា ២០១៤ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

តាម​ប្រមុខ​យោធា​ថៃ ប្រាយុទ្ធ ចាន់អូចា ប្រទេស​​ថៃ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល ក្រេប ទឹកឃ្មុំ ដែល​នឹង​មាន​រយៈពេល​វែង​បន្តិច។ ក្នុង​អំឡុងពេលនេះ របបសឹក​ថៃ​គ្រោង​នឹង​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដើម្បី​គ្រាន់​ចាត់ចែង សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី។ លោក​ប្រាយុទ្ធ​ ចាន់អូចា​​មិន​បាន​បញ្ជាក់ទេថា តើ​រដ្ឋាភិបាល​បណ្តោះអាសន្ន​នោះ​ជារដ្ឋាភិបាល​ស៊ីវិល ឬ​យោធាទេ។ ប៉ុន្តែ លោកប្រាយុទ្ធ ចាន់អូចា​មិន​បាន​ទាត់ចោល​ទេ គំនិត​ដែល​ថា លោក​នឹង​អាច​ជា​បេក្ខជន​មួយ​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី នៅក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មី។

 
មេទ័ព​ថៃ​រូបនេះ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​បក្ស​ភឿថៃ (ក្រុម​អាវ ក្រហម) បាន​បញ្ជាក់​យ៉ាងច្បាស់​ថា នឹង​គ្មាន​ការបោះឆ្នោត​ទេ កើតឡើង នៅក្នុង​រយៈពេល​មួយឆ្នាំ​ទៅមុខ។ របបសឹក​ថៃ​ចង់​យក​ពេលវេលា​នេះ ដើម្បី​ធ្វើ​កំណែទម្រង់​នយោបាយ​ថៃ​ដ៏​ស៊ីជម្រៅ ពោល​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ រ៉ាំរ៉ៃ ​ដែល​ថៃ​បាន​ជួបប្រទះ ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នកប្រឆាំង​នឹង​រដ្ឋប្រហារ​ថៃ ជាច្រើន​បាន​វាយតម្លៃ​ថា របបសឹក​ថៃ កំពុង​ព្យាយាម​សរសេរ​ច្បាប់​បោះឆ្នោត​ថ្មី រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​អាច​រារាំង​កុំ​ឲ្យ​បក្សពួក ក្រុមគ្រួសារ​ស៊ីណាវ៉ាត របស់​លោក​ថាក់ស៊ីន អាច​ត្រលប់​ចូល​មក​កាន់អំណាច​បាន នៅក្នុង​ប្រទេស​ថៃ។

ចាប់តាំងពី​ធ្វើ​រដ្ឋប្រហារ​ចូល​ដឹកនាំ​ប្រទេស របបសឹក​ថៃ បាន​បើក​ប្រតិបត្តិការ ប្រមាញ់​ក្រុមអ្នកប្រឆាំង​នឹង​រដ្ឋប្រហារ និង​ចាប់ឃុំ​ខ្លួន អ្នកនយោបាយ​ដែល​ជា​គ្នីគ្នា​របស់​ក្រុមបក្ស​ភឿថៃ ឬ​អ្នកកាសែត និង​គ្រូសកលវិទ្យាល័យ ដែល​បាន​បញ្ចេញ​មតិ​រិះគន់​ថា សកម្មភាព​ធ្វើ​រដ្ឋប្រហារ​របស់​ពួកយោធា កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ។

នៅថ្ងៃ​សុក្រ នៅ​ចំពោះ​មុខ​មន្រ្តី​រាជការថៃ លោក​មេទ័ព​ចាន់អូចា​បាន​និយាយ​ការពារ​ ជាថ្មី​ពី​សារៈសំខាន់​នៃ​អន្តរាគមន៍​យោធា​ថៃ ដើម្បី​ស្រោចស្រង់​ប្រទេស​ចេញពី​វិបត្តិនយោបាយ​ត្រាំត្រែង។ លើសពីនោះ លោក​បាន​បញ្ជាក់​ពី​ភាពចាំបាច់​ដែល​​កងទ័ព​ថៃ​ត្រូវតែ​ខ្លាំង មាន​អំណាច។ “ប្រសិន​បើ​យើងគ្មាន​ទាហានទេ យើងមិន​អាច​ចរចា តថ្លៃ​ជាមួយ​នរណា​បាន ឡើយ។ បើសិន​ជា​ទាហាន​របស់​យើង​មិន​ខ្លាំង នោះ គ្មាននរណា​ស្តាប់យើងទេ។” នេះ​ជាការអះអាង​របស់​លោក​មេទ័ព​ប្រាយុទ្ធ ចាន់អូចា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ