អានតួអត្ថបទ
ថៃ

ចាប់ខ្លួន​ដោយសារ​ធ្វើ​គំនាប់​តាម​កុន រឿង Hunger Games

ប៉ូលិស​ថៃ កាលពីថ្ងៃ​ពុធ​បាន​ចាប់បញ្ជូន​និស្សិត​៥​នាក់​ទៅ​ឲ្យ​កងទ័ព បន្ទាប់ពី​និស្សិត​ច្បាប់​ទាំងនោះ​បាន​ធ្វើ​គំនាប់ តាម​រឿងកុន Hunger Games ដែល​ប្រើម្រាមដៃ​បី នៅ​ចំពោះមុខ​នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា។ នៅថ្ងៃ​ពុធ លោក​ប្រាយុទ្ធ ចាន់អូចារ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ខនកេន ដែល​ជា​សម្បុក ទីតាំង​របស់​ក្រុមអតីត​នាយករដ្ឋមន្រ្តី​ថៃ យីងឡាក់ ស៊ីណាវ៉ាត។  

ក្រុមប្រឆាំង​នៅ​ថៃ​ធ្វើ​គំនាប់​ម្រាមដៃ​តាម​រឿង«Hunger Games». គំនាប់​ម្រាមដៃ​បី ក្លាយ​ជា​និមិត្ត​រូប​នៃ​ការប្រឆាំង​នឹង​របប​ដឹកនាំ​ផ្តាច់ការ
ក្រុមប្រឆាំង​នៅ​ថៃ​ធ្វើ​គំនាប់​ម្រាមដៃ​តាម​រឿង«Hunger Games». គំនាប់​ម្រាមដៃ​បី ក្លាយ​ជា​និមិត្ត​រូប​នៃ​ការប្រឆាំង​នឹង​របប​ដឹកនាំ​ផ្តាច់ការ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅមុខ​វេទិកា ជាទី​ដែល លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា ​ កំពុង​ថ្លែង​សុន្ទរកថា យុវនិស្សិត​ច្បាប់​ថៃ ៥​នាក់ បាន​ងើបឈរ​ឡើង និង​ធ្វើ​គំនាប់ ប្រើ​ម្រាម​ដៃ​បី ដាក់​ ប្រមុខ​រដ្ឋាភិបាលថៃ។ គំនាប់​ម្រាមដៃ​បី​ដែល​យក​លំនាំតាម​​កុន​អាមេរិកាំង រឿង​ Hunger Games ត្រូវ​បាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​ចលនា​តស៊ូ ប្រឆាំង​នឹង​រដ្ឋាភិបាល​សឹក​ថៃ​បច្ចុប្បន្ន។

 
តាម​លោក​ចិតចារ៉ូន ស្រីវ៉ានីត ប្រធាន​ប៉ូលិស​ខេត្ត​ខនកេន ភ្លាមៗ ប៉ូលិស​បាន​ចាប់ខ្លួន​យុវនិស្សិត​ទាំងប្រាំនាក់ និង​បញ្ជូន​ចូល​ទៅក្នុង​បន្ទាយទាហាន កាលពីថ្ងៃ​ពុធ។ ក្រៅតែ​ពីធ្វើ​គំនាប់​ផ្គើន​ដាក់​ប្រមុខ​រដ្ឋាភិបាល និស្សិត​ថៃ​ទាំង​ប្រាំពាក់​អាវ​ពណ៌​ខ្មៅ ដែល​មាន​អក្សរ​សរសេរ​ពីលើ​ថា “យើង​មិន​ចង់​បាន​រដ្ឋប្រហារ”។ ក្រុម​និស្សិត​ទាំងនោះ​ថែម​ទាំង​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​ឧត្តមសេនីយ៍​ចាន់អូចា​ដក​វិញ ច្បាប់​អាជ្ញាសឹក ដែល​របបសឹក​ថៃ​បាន​ដាក់ តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត​ចេញពី​អំណាច។ តាមការស្រែក​ទាមទារ​របស់​និស្សិត ច្បាប់​អាជ្ញាសឹក​បាន​បិទ មាត់ បិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាជន​នៅក្នុង​ទូទាំង​ប្រទេស។

តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល នៅខែ​ឧសភា ឆ្នាំនេះ ក្រុម​ប្រជាជន​ជាច្រើន ជាពិសេស​និស្សិត​បាន​ព្យាយាមធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ទាហាន ប៉ុន្តែ មិន​បាន​សម្រេច ដោយសារ​ការដាក់​គំនាប នៃ​ច្បាប់​អាជ្ញាសឹក។ កាលពី​ខែ​មិថុនា ប៉ូលិស​បាន​ចាប់​និស្សិត​ម្នាក់​ដែល​អាន​សៀវភៅ​ប្រលោមលោក​មួយ​ស្តីពីការ​ងើបប្រឆាំង​នឹង​អំណាច​ផ្តាច់ការ របស់​អ្នកនិពន្ធ​George Orwell’s ចំណែក​និស្សិត​ផ្សេងទៀត ក៏ត្រូវ​បានចាប់ខ្លួន​បន្តបន្ទាប់ ដោយសារ​តែ​ការធ្វើ​គំនាប់​ម្រាមដៃ តាម​រឿង​កុន Hunger Games។

យោងតាម​មេធាវី​ក្រុមការពារ​សិទ្ធិមនុស្ស ក្រុមនិស្សិត​នឹង​អាច​ត្រូវ​គេ​ដោះលែង ប៉ុន្តែ ពួកគេ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ ដាក់​ដោយ​យោធា។ ពួកគេ​ត្រូវ​សន្យា​មិន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការដេញ​ចេញ​ពី​មហាវិទ្យា​ល័យ​ច្បាប់ ដែល​ពួកគេ​កំពុង​សិក្សា ក្នុង​ខេត្ត​ខនកេន។ តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក​ប្រាយុទ្ធ ចាន់អូចារ ដែល​បាន​ចូល​និវត្តន៍​ពីតួនាទី​ប្រមុខ​យោធា ដើម្បី​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ថៃ មិន​បាន​ប្រកាន់​ខឹង ដោយ​យល់​ថា ពួក​និស្សិត​នៅ​ក្មេង។ ប៉ុន្តែ រហូត​មក​ដល់​យប់​ថ្ងៃ​ពុធ ក្រុម​និស្សិត​នៅតែ​មិនទាន់​ត្រូវ​ពួក​យោធា​ដោះលែង​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ