អានតួអត្ថបទ
ថៃ

អ.ស.ប.​និង​អង្គការ​សិទ្ធិ​មនុស្ស​បរិហារ​នយោបាយ​​ប្រមាញ់​ការ​ប្រមាថ​រាជានិយម​នៅ​ថៃ

Human Right Watch បាន​បរិហារ​នៅ​ថ្ងៃ​ពុធ​នេះ សកម្មភាព​របស់​រដ្ឋាភិបាល​សឹក​ថៃ ​ដែល​តាំង​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ចាស់​មក បានអនុវត្ត​និង​​តាម​​ប្រមាញ់ប្រឆាំង​នឹង​បទ​​ប្រមាថរបប​​​រាជានិយម​ មិន​រើស​មុខ។ ចំណែក​ឯ​អង្គការ​សហប្រជាជាតិ​វិញ បាន​ទាមទារ​ឱ្យ​ថៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ ដែល​ជា​ច្បាប់​ដ៏​តឹង​តែង​ជាង​គេ​បំផុត​មួយ​នៅ​លើ​លោក។

Pravit Rojanaphruk ពេល​បាន​ទទួល​សេរីភាព​ក្រោយ​ពី​យោធា​ថៃ​កោះ​ហៅ​ទៅ​ឃុំឃាំង​នៅ​ទី​សម្ងាត់​អស់​ជា​ច្រើន​ថ្ងៃ
Pravit Rojanaphruk ពេល​បាន​ទទួល​សេរីភាព​ក្រោយ​ពី​យោធា​ថៃ​កោះ​ហៅ​ទៅ​ឃុំឃាំង​នៅ​ទី​សម្ងាត់​អស់​ជា​ច្រើន​ថ្ងៃ AFP PHOTO
ផ្សាយពាណិជ្ជកម្ម

របប​សឹក​បាន​តាំង​ខ្លួន​ជា​អ្នក​ការពារ​រាជានិយម ដោយ​បាន​ធ្វើ​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាល​ចាស់ ដើម្បី​​ បិទ​បញ្ចប់​ការ​បះបោរ​​រាប់​ខែ​នៅ​ទីក្រុង​កក។ ​រាល់​ការ​​រិះគន់​ព្រះ​មហាក្សត្រ​ ភូមិបុល ដែល​បណ្តាជន​ថៃ​ទូទៅ​គោរព​ដូច​ព្រះ រាល់​​សុន្ទរកថា​មិន​ពិរោះ​ពិសារ សម្រាប់​ត្រចៀក​របប​សឹក នឹង​ត្រូវ​ផ្តន្ទាទោស បញ្ជូន​ទៅ​តុលាការ​ភ្លាម។​ គិត​ចាប់​​​ពីថ្ងៃ​ទី ២២​​ខែ​ឧសភា​​មក មានករណី​ជាប់​អង្កេត ​​​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​​ថ្មីទៀត ចំនួន​មិន​តិច​ជាង​ ១៣​ ករណីទេ។ ​​នេះ​បើ​តាម​របាយការណ៍​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ។

 
និស្សិត​ពី​នាក់ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ នៅ​ខែ​សីហា​នេះ ពី​បទ​បាន​សម្តែង​លោ្ខន​ មាន​លក្ខណៈ​ប្រមាថ​ព្រះ​មហាក្សត្រ។ របប​សឹក​មិន​ព្រម​ទទួល​យក​​ការ​ធានា​ណា​មួយ​​ ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេរីភាព​ឱ្យ​និស្សិត​ទាំង​ពីរ​អាច​នៅ​ក្រៅឃុំ​​បាន​ឡើយ។ ការ​ណ៍​នេះ​គឺ​ផ្ទុយ​ស្រឡះ​នឹង​អនុសាសន៍​នៃ​កត្តិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជនស៊ីវិល​និង​នយោបាយ​ ដែល​ថៃ​បាន​ផ្តល់​សច្ចាប័ន។

កាលពី​ចុង​ខែ​កក្កដា តន្ត្រីករ​ម្នាក់​អាយុ ២៨​ឆ្នាំ ត្រូវ​ជាប់​ទោស​ឃុំឃាំង​១៥​ឆ្នាំ​ ដោយ​ហេតុ​តែ​បាន​ប្រើ​ពាក្យ​សម្តី ដែល​​មាន​លក្ខណៈ​ជេរ​ប្រមាថ​របប​រាជានិយម។ ហើយ​កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​ដដែល តុលាការ​សាលា​ឧទ្ធរណ៍​បាន​ដាក់​ទោស​៥​ឆ្នាំ​ ប្រឆាំង​នឹង​អ្នក​ជំនួញ​ម្នាក់ ពី​បទប្រមាថ​រាជានិយម​ដូចគ្នា។

ជា​មួយ​នឹង​ការ​ចេញ​ផ្សាយ​របាយការណ៍​ព្រួយ​បារម្ភ​ ពី​ទីក្រុង​ហ្សឺណែវ អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Right Watch និង​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​រួម​គ្នា ឱ្យ​ថៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ព្រោះ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ពេក និង​ទោស​ដែល​ធ្ងន់បំផុត មាន​រយៈ​ពេល​យូរ​ជ្រុល។ បើ​តាម​អង្គការ​HRW ថៃ​​ចាំ​បាច់​ត្រូវ​ពិគ្រោះ​ពិភាក្សា​គ្នា​ ​ជា​ទូទៅ ដើម្បី​អាច​​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​​លឿន។

មុន​ពេល​មាន​រដ្ឋប្រហារ មាន​ការ​អំពាវនាវ​ច្រើន​និង​ស្ទើរ​ពី​គ្រប់ទិសទី ឱ្យ​ថៃ​ធ្វើ​កំណែទម្រង់​​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​ក្រុម​បញ្ញាវន្ត សកលវិទ្យាល័យ ដែល​បាន​​ទាមទារ​ ឱ្យ​មានការ​តស៊ូ​មតិ​ត្រង់ៗ​ លើ​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​ ត្រូវ​បាន​របប​សឹក​កោះ​ហៅ​និង​ចាប់​យក​ទៅ​ឃុំឃាំង​អស់​​ជា​ច្រើន​ថ្ងៃ​ ក្នុង​កន្លែង​អាថ៌​កំបាំង មុន​នឹង​ដោះលែង​មក​វិញ បន្ទាប់​ពី​ចុះ​ហត្ថលេខា​ឈប់​ធ្វើ​សកម្មភាព​ចាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ