អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 06 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 06 តុលា 2012

អត្រាអ្នកអត់ការងារធ្វើ​បាន​ធ្លាក់​ចុះ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អូបាម៉ា

អត្រាអ្នកអត់ការងារធ្វើ​បាន​ធ្លាក់​ចុះ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អូបាម៉ា
អត្រាអ្នកអត់ការងារធ្វើ​បាន​ធ្លាក់​ចុះ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អូបាម៉ា
REUTERS/Jessica Rinaldi/Files

ដោយ គួច គន្ធារ៉ា

កាល​ពី​ថ្ងៃ​សុក្រ ទី៥ តុលា​ ម្សិលមិញ ក្រសួង​ការងារ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ថយចុះ​នៃ​ចំនួន​អ្នកអត់ការងារធ្វើ។ យោង​តាម​តួលេខផ្លូវការ អត្រា​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​បាន​ធ្លាក់​ចុះ​ពី ៨,១% មក​នៅ​ត្រឹម ៧,៨%។ នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ក្រោយ​ពី​វេទិកា​ជជែក​ដេញដោល​គ្នា​ជាមួយ​គូប្រជែង​របស់​គាត់ គឺ​លោក​មីត រ៉ូមនី​កាល​ពី ២ថ្ងៃ​កន្លង​ទៅ។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

06/10/2012 by គួច គន្ធារ៉ា

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ត្រូវ​ការ​ដំណឹង​ល្អ​មួយ​នេះ​ដើម្បី​ស្រោចស្រង់​ប្រជាប្រិយភាព​ខ្លួន​ឯង ដែល​បាន​ធ្លាក់​ចុះ​បន្តិច នៅ​ក្នុង​វេទិកា​តស៊ូមតិ​ជាមួយ​គូប្រជែង​របស់​គាត់ គឺ​លោក​មីត​រ៉ូមនី​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​កាល​ពី​ថ្ងៃពុធ ទី៣ តុលា។
 
នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ មាន​ការងារ​ចំនួន ១១៤ ០០០ការងារ​ត្រូវ​បាន​បង្កើត​ឡើង និង​អាត្រា​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​បាន​ថយចុះ​ចំនួន ០,៣% ពោល​គឺ​ថយចុះ​ពី ៨,១% មក​នៅ​ត្រឹម ៧,៨% នៃ​ចំនួន​ពលរដ្ឋ​អាមេរិកំាង​​សកម្ម។ អត្រា​នៃ​ចំនួន​អ្នកអត់ការងារធ្វើ ៧,៨% គឺ​ជា​អត្រា​មួយ​ដូច​គ្នា​បេះបិទ​នឹង​អត្រា​កាល​ពី​ឆ្នំា ២០០៩ ពោល​ចំ​ពេល​ដែល​លោក​បារ៉ាក់ អូបាម៉ា​ទើប​ចូល​កាន់​តំណែង​ប្រធានាធិបតី។
 
អ្វី​ជា​ការ​កត់​សម្គាល់ ការ​ថយចុះ​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​អូបាម៉ា​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​មួយ​អាណត្តិ​ថ្មី​ទៀត។ ថ្លែង​នៅ​ក្នុង​រដ្ឋ Virginie លោក​អូបាម៉ា​មិន​បាន​ភ្លេច​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ដំណឹង​ល្អ​នេះ​ទេ។ ដំណឹង​ល្អ​ដែល​លោក​ប្រធានាធិបតី​បាន​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​របស់​ប្រជាពលរដ្ឋ​អាមេរិកំាង​ក្រោម​រដ្ឋបាល​របស់​លោក។ គឺ​ជា​មូលហេតុ​មួយ​ដែល​លោក​អូបាម៉ា​ចង់​ប្រាប់​ពលរដ្ឋ​អាមេរិកំាង​ពី​បំណង​របស់​លោក​ដែល​ចង់​បន្ត​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី២។
 
ងាក​ទៅ​មើល​គូប្រជែង​របស់​លោក​អូបាម៉ា​ឯណោះ​វិញ ថ្លែង​នៅ​ក្នុង​រដ្ឋ Virginie ដូច​គ្នា លោក មីត រ៉ូមនី​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​បាន​ធ្វើ​អត្ថាធិប្បាយ​ផ្ទុយ​គ្នា​នឹង​លោក​អូបាម៉ា​ទាក់ទង​នឹង​តួលេខ​ថយចុះ​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​ដែល​ប្រកាស​ដោយ​ក្រសួង​ការងារ។ យោង​តាម​លោក មីត​រ៉ូមនី មូលហេតុ​ដែល​ជម្រុញ​ឲ្យ​អាត្រា​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​ធ្លាក់​ចុះ​ក្នុង​ឆ្នំា​នេះ គឺ​មក​ពី​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បាន​បញ្ឈប់​ការ​ស្វែង​រក​ការងារ​ធ្វើ។ សម្រាប់​លោក​មីត រ៉ូមនី ប្រសិន​បើ​គេ​បូក​បញ្ចូល​មនុស្ស​ដែល​បញ្ឈប់​ការ​ស្វែង​រក​ការងារ​ធ្វើ​ទំាង​អស់​នោះ អត្រា​នៃ​ចំនួន​អ្នកអត់ការងារធ្វើ​នៅ​អាមេរិក​មាន​ជិត ១១% ឯណោះ។
 
តែ​យ៉ាង​​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ តួលេខ​ផ្លូវការ​បាន​បញ្ជាក់​ពី​ការ​ថយចុះ​នៃ​ចំនួន​អ្នកអត់ការងារធ្វើ ដែល​នេះ ពិត​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​លោក​អូបាម៉ា​ក្នុង​ការ​ដំណ្តើម​កៅអី​ប្រធានាធិបតី​មួយ​អាណត្តិ​ថ្មី​ទៀត​នៅ​សេតវិមាន៕

tags: សហរដ្ឋអាមេរិក - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close