អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

ជំនួប​ចរចា​រវាង​តាលីបង់ និង​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតារ

នៅ​ថ្ងៃ​អាទិត្យ ទី២៩ មករា​ម្សិលមិញ ក្រុម​ឧទ្ទាម​តាលីបង់​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ផ្តើម​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កាតារ។ កិច្ចចរចា​ដែល​គ្មាន​វត្តមាន​ភាគី​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ទេ។ ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន​ដែល​កំពុង​ព្យាយាម​បើក​កិច្ចចរចា​ជាមួយ​ពួក​តាលីបង់​ដាច់​ដោយឡែក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ជំនួប​ចរចា​រវាង​តាលីបង់ និង​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតារ
ជំនួប​ចរចា​រវាង​តាលីបង់ និង​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតារ GettyImages/Warrick Page
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ទាក់ទង​នឹង​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​ពួក​ឧទ្ទាម​តាលីបង់ និង​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតារ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិកំាង New York Times នៅ​ថ្ងៃអាទិត្យ ទី២៩ មករា​​ម្សិលមិញ។ បន្ទាប់​មក ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ជាផ្លូវការ​ដោយ លោក Mawlavi Qalamuddin អតីត​ថ្នាក់ដឹកនំាជាន់​ខ្ពស់​តាលីបង់ និង​បច្ចុប្បន្ន ជា​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ដើម្បី​សន្តិភាព​អាហ្វហ្កានីស្ថាន ដែល​បាន​តែងតំាង​ដោយ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​លំអិត​បន្ថែម​ជុំវិញ​ជំនួប​រវាង​ពួក​តាលីបង់ និង​សហរដ្ឋអាមេរិក​ពេល​នេះ ព្រោះ​ថា ជា​ជំនួប​មួយ​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​យ៉ាង​សម្ងាត់​បំផុត ដោយ​គេ​មិន​ដឹង​ថា តើ​កិច្ចចរចា​នោះ​មាន​រយៈពេល​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​នាទី តើ​ភាគី​ម្ខាងៗ មាន​គ្នា​ប៉ុន្មាន​នាក់ និង​អ្នក​ដែល​ចូល​រួម​នោះ មាន​ឋានៈ​កម្រិត​ណា។ បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវការ ខាង​តាលីបង់​អាច​នឹង​មាន​គ្នា​ពី ៤ ទៅ​៨នាក់ ហើយ​ក្រុម​គេ គឺ​ជា​ក្រុម​តាលីបង់​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ លោក Qalamuddin បាន​អះអាង​ថា គេ​នៅ​​មិន​ទាន់​អាច​និយាយ​ជា​កិច្ចចរចា​សន្តិភាព​បាន​ទេ ព្រោះ​ថា តំាង​ពី​មុន​កិច្ចចរចា​ចាប់​ផ្តើម ភាគី​ទំាង​ពីរ​បាន​ដាក់​លក្ខខណ្ឌ​របស់​គេ​រៀង​ៗខ្លួន។ ខាង​ក្រុម​តាលីបង់​បាន​ស្នើ​ឲ្យ​អាមេរិក​ដោះលែង​អ្នកទោស​របស់​គេ​ទំាង​អស់​ដែល​អាមេរិក​បាន​ចាប់​ឃុំ​នៅ​ពន្ធនាគារ Guantanamo ស្ថិត​ក្នុង​ប្រទេស​គុយបា។ នៅ​ខាង​អាមេរិក​វិញ ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្នើ​ឲ្យ​ពួក​ឧទ្ទាម​បញ្ឈប់​រាល់​អំពើហិង្សា​ទំាង​អស់​របស់​ខ្លួន។ បើ​យោង​តាម​ពួក​តាលីបង់ ជំនួប​របស់​គេ​ជាមួយ​អាមេរិក ជា​ជំនួប​ដើម្បី​ស្វែង​យល់​គ្នា ក្នុង​គោលដៅ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក។

អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ចង់​បើក​កិច្ចចរចា​ជាមួយ​ពួក​តាលីបង់​នៅ​អារ៉ាប៊ីសាអូឌីត

ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​មិន​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​រវាង​ពួក​តាលីបង់ និង​អាមេរិក​នា​ពេល​នេះ​ទេ។ ហេតុផល​ទីមួយ មក​ពី​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ចង់​រៀបចំ​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់​ដាច់​ដោយឡែក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ហេតុផល​ទីពីរ មក​ពី​ក្រុម​តាលីបង់​ត្រូវ​បាន​​ចែក​ជា​ពីរ​ក្រុម គឺ​ក្រុម​ដែល​បដិសេធ​ជជែក​ផ្ទាល់​ជាមួយ​អាមេរិក និង​ក្រុម​ដែល​យល់​ព្រម​អង្គុយ​ចរចា​ជាមួយ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ។ យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​កិច្ចចរចា​ត្រូវ​ធ្វើ​​ឡើង​ជាមួយ​អ្នកណា​ក៏​ដោយ ក៏​គោលដៅ​មាន​តែ​មួយ​ដូច​គ្នា គឺ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន។ អាហ្វហ្កានីស្ថាន​ដែល​កំពុង​បន្ត​រុំារ៉ៃ​ដោយ​សង្រ្គាម​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​តំាង​ពី ១០ឆ្នំា​កន្លង​មក។

ជម្រើស​ចុង​ក្រោយ គឺ​ចាប់​ដៃ​ជាមួយ​ពួក​តាលីបង់

តំាង​ពី​របប​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​កម្លំាង​អន្តរជាតិ ដឹក​មុខ​ដោយ​អាមេរិក​វាយ​រំលំ​នា​​ដំណាច់​ឆ្នំា ២០០១ មក ពួក​តាលីបង់​ត្រូវ​បាន​បែក​ខ្ញែក រត់​ខ្ចាត់ខ្ចាយ។ ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​ក្រុម​តាលីបង់​នៅ​តែ​មាន។ ពួក​តាលីបង់​បាន​ក្លាយ​ខ្លួន​ជា​ទ័ពព្រៃ និង​បើក​ការ​វាយឆ្មក់​ទៅ​លើ​កម្លំាង​អន្តរជាតិ និង​កម្លំាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន។ តំាង​ពី ១០ឆ្នំា​កន្លង​ទៅ ពិសេស​តំាង​ពី​ឆ្នំា ២០០៥ មក ឥទ្ធិពល​របស់​ពួក​តាលីបង់​បាន​ផ្តើម​មាន​កាន់​តែ​ខ្លំាង។ ពួក​គេ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម នៅ​ពេល​ណា​ក៏​បាន និង​នៅ​ទីណា​ក៏​បាន រហូត​ដល់​ចំ​កណ្តាល​បេះដូង​ទីក្រុង​កាប៊ូល​ផង​ក៏​មាន។ ឥទ្ធិពល​ដែល​ហាក់​ដូច​ជា​គ្មាន​កម្លំាង​ណា​អាច​ទប់ទល់​បាន​ទេ ទំាង​កម្លំាង​អូតង់ ក៏​ដូច​ជា​កម្លំាង​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï។ លោក Karzaï ដែល​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​លើស​ពី​ព្រំដែន​ទីក្រុង​កាប៊ូល​នោះ​ទេ។ ចំណែក​ប្រតិបត្តិការ​របស់​កម្លំាង​អូតង់​បែរ​ជា​បាន​សម្លាប់​ជនស៊ីវិល ច្រើន​ជាង​ពួក​ឧទ្ទាម​តាលីបង់​ទៅ​វិញ។

កុំ​ថា​ឡើយ​តែ​កម្លំាង​បរទេស​ដែល​ពិបាក​នឹង​ស្គាល់​ថា នរណា​ជា​ទាហាន​អាហ្វហ្កានីស្ថាន​ និង​នរណា​ជា​ពួក​តាលីបង់ សូម្បី​តែ​ទាហាន​អាហ្វហ្កានីស្ថាន​ខ្លួន​ឯង​ក៏​ពិបាក​នឹង​បែងចែក​រវាង​មុខមាត់ និង​រាងរៅ​របស់​ពួក​តាលីបង់​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ទ័ពព្រៃ ក៏​មិន​មែន​ជា​រឿង​ងាយ ពិសេស​កម្លំាង​បរទេស​ដែល​មិន​ស្គាល់​​ទីតំាង​នៃ​ការ​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម ដូច​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​សម្បូរ​​ទៅ​ដោយ​ព្រៃ ភ្នំ។ ដូច្នេះ ជម្រើស​ដែល​ល្អ ក្នុង​ការ​បិទបញ្ចប់​សង្រ្គាម​រុំារ៉ៃ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន គឺ​ការ​ចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ