ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 29 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 29 កក្កដា 2012

កងទ័ព​របស់​លោក​អាសាដ​ចាប់ផ្តើម​វាយលុក​ចូល​សម្បុក​ពួក​ឧទ្ទាម​នៅ​ក្រុង Alep

ទាហាន​ឧទ្ទាម​ស៊ីរី​នៅក្នុង​ទីក្រុង Alep កាល​ពីថ្ងៃ​ទី២៥ កក្កដា ២០១២
ទាហាន​ឧទ្ទាម​ស៊ីរី​នៅក្នុង​ទីក្រុង Alep កាល​ពីថ្ងៃ​ទី២៥ កក្កដា ២០១២
AFP PHOTO / BULENT KILIC

ដោយ សេង ឌីណា

កងទ័ព​ស៊ីរី​បាន​បើកការវាយប្រហារ​ទៅលើ​សម្បុក​របស់​ក្រុម​ឧទ្ទាម នៅ​ទីក្រុង Alep កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​​ការវាយប្រយុទ្ធគ្នា​រវាង​ភាគី​ទាំងពីរ​នៅតែ​បន្ត​រហូត​មកទល់​ថ្ងៃ​អាទិត្យ​នេះ។ ក្នុងពេល​ជាមួយគ្នា​នេះ ប្រមុខដឹកនាំ​ក្រុមប្រឆាំង​ស៊ីរី​បាន​អំពាវនាវ​សុំ​ជំនួយ​ជា​គ្រឿង​សព្វាវុធ​ពី​បរទេស ចំណែក​ឯ​រដ្ឋមន្រ្តី​ការបរទេស​នៃ​រដ្ឋាភិបាល​លោក​អាសាដ​វិញ កំពុង​តែ​ជួបចរចា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

29/07/2012

ទីក្រុង Alep ​ដែល​ជា​ក្រុង​ដ៏ធំ​ទីពីរ​របស់​ស៊ីរី បន្ទាប់​ពី​រដ្ឋធានីដាម៉ាស់ ត្រូវ​បាន​កម្លាំង​ឧទ្ទាម​ដណ្តើម​កាន់កាប់​បាន​មួយ​ផ្នែក​ធំ ចាប់តាំង​ពី​ថ្ងៃ​ទី២០ កក្កដា​មក។ Alep គឺ​ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏សំខាន់​បំផុត ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ​តួកគី ដែល​ជាច្រក​ដ៏សំ​ខាន់ សម្រាប់​ការ​នាំ​ជំនួយ និង​គ្រឿង​សព្វាវុធ ពីបរទេស​ចូល​មក​ផ្តល់​ឲ្យ​កងកម្លាំង​ឧទ្ទាម។ ហេតុដូច្នេះ​ហើយ​បានជា នៅពេលនេះ ទាហាន​របស់​លោក​អាសាដ​កំពុង​តែ​ព្យាយាម​វាយ​ដណ្តើម​យក​ក្រុង​យុទ្ធសាស្រ្ត​​នេះ​មក​កាន់កាប់​វិញ។
 
ក្រោយ​ពី​បាន​ឡោមព័ទ្ធ និង​​​បាញ់​ផ្លោង​លើ​ទីតាំង​ឧទ្ទាម​អស់រយៈពេល​ជាច្រើន​ថ្ងៃ ទាហានថ្មើជើង​​ និង​កងរថក្រោះ របស់​លោក​អាសាដ​បាន​បើក​ការវាយលុក​ចូល​ក្នុង​ក្រុង​ Alep កាល​ពីល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​បន្ត​មក​ដល់​​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ផ្អាក​មួយរយៈ នៅពេល​យប់។
 
នៅថ្ងៃ​នេះ ប្រមុខដឹកនាំ​ក្រុមប្រឆាំង​បាន​ប្រកាស​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​លោក​ខាងលិច​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ (No Fly Zone) នៅប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី ហើយ​សុំ​ឲ្យ​ប្រទេស​​ជាមិត្ត​ស៊ីរី ផ្តល់​គ្រឿង​សព្វាវុធ​ធុនធ្ងន់ និង​ទំនើបៗ ដើម្បី​ទប់ទល់នឹង​រថក្រោះ និង​យន្តហោះ​របស់​ទាហាន​លោក​អាសាដ។ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​បាន​លើកឡើង​ថា នៅ​ពេលនេះ កងកម្លាំង​ឧទ្ទាម​​មានតែ​អាវុធ​ធុនស្រាល និង​ចាស់ៗ ដើម្បី​ប្រយុទ្ធ​តទល់នឹង​ទាហាន​របស់​លោក​អាសាដ​ ដែល​មាន​អាវុធ​ទំនើបៗ។
 
នៅថ្ងៃ​ជាមួយគ្នា​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួងការបរទេស​ស៊ីរី​​កំពុង​ជួប​ជជែក​ជាមួយ​មន្រ្តី​អ៊ីរ៉ង់ នៅ​ក្នុង​ទីក្រុង​តេហរ៉ង់ ហើយ​គ្រោង​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ នៅ​ល្ងាច​នេះ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់។ ប្រធានបទ​នៃ​ជំនួប​នេះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យដឹង​នោះទេ។
 
គួរ​បញ្ជាក់ថា អ៊ីរ៉ង់​គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​លោក​អាសាដ។ មាន​របាយការណ៍​ខ្លះ​ថែមទាំង​អះអាង​ទៀតផង​ថា អ៊ីរ៉ង់​បាន​បញ្ជូន​ទាហាន​ឲ្យ​ទៅ​ជួយ​លោក​អាសាដ ដើម្បី​ទប់ទល់​នឹង​កម្លាំង​ឧទ្ទាម។ កាលពីថ្ងៃ​អង្គារ​កន្លងទៅនេះ អគ្គបញ្ជាការ​រង​កងទ័ព​អ៊ីរ៉ង់​បាន​ប្រកាសថា អ៊ីរ៉ង់​នឹង​មិន​បណ្តោយ​ឲ្យ​មាន​អន្តរាគមន៍​ពី​ក្រៅ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីរី​នោះទេ ហើយ​ថែមទាំង​បាន​ដៅចំឈ្មោះ​ប្រទេស​មួយ​ចំនួន ដែល​អ៊ីរ៉ង់​ចាត់ទុក​ថាជា​សត្រូវ​របស់​ស៊ីរី គឺ​មាន​អាមេរិក តួកគី កាតា អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ប្រទេស​ផ្សេងទៀត​ដែល​គាំទ្រ​ក្រុមប្រឆាំង ដែល​អ៊ីរ៉ង់ និង​លោក​អាសាដ​ចាត់ទុក​ថា​ជា​ក្រុម​ភេរវជន។
 
អ្នក​សង្កេតការណ៍​ជាទូទៅ​មើល​ឃើញ​ថា នៅ​ពីខាង​ក្រោយ​ជម្លោះ​រវាង​ក្រុមឧទ្ទាម និង​រដ្ឋាភិបាល​របស់​លោក​អាសាដ​នៅពេលនេះ គឺ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ប្រយោល​ ​រវាង​មហាអំណាច​តំបន់​ពីរ គឺ​អ៊ីរ៉ង់ (តំណាង​ឲ្យ​អ្ន​កកាន់​សាសនា​អ៊ីស្លាម​ និកាយ Chiite) និង​អារ៉ាប៊ី​សាអ៊ូឌីត (តំណាង​ឲ្យ​អ្ន​កកាន់​សាសនា​អ៊ីស្លាម​ និកាយ Sunnite)៕

tags: ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close