អានតួអត្ថបទ
ស៊ីរី-អង្គការរដ្ឋអ៊ីស្លាម

ស៊ីរី៖កងទ័ពអាកាសបានបាញ់បំផ្លាញយន្តហោះចំបាំងពីរគ្រឿង​ដែល​រិបអូស​ដោយ​ក្រុម​ជីហាត​

កងទ័ព​ជើង​អាកាស​ស៊ីរី ទើប​បាន​បាញ់​បំផ្លាញ​យន្តហោះ​ចំបាំង​ពីរ​គ្រឿង​ក្នុង​ចំណោម​យន្តហោះ​៣​ដែល​បាន​ធ្លាក់​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម-នេះ​ជា​សេចក្តី​ជូន​ដំណឹង​របស់​​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស៊ីរី លោក Omran al-Zohbi។

យន្តហោះចម្បាំងធុង  MIG-23
យន្តហោះចម្បាំងធុង MIG-23 Creative commons/Piotr Butowski
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ហើយ គេ​និយាយ​ច្រើន​តែ​ពី​រឿង​យន្តហោះ​ចម្បាំង​ធុន​មិច​(MIGS)៣​គ្រឿង​ដែល​​អង្គការ​រដ្ឋអ៊ីស្លាម​​ រិប​អូស​បាន​នៅ​អាកាសយានដ្ឋាន​កងទ័ព​ជើង​អាកាស​ស៊ីរី។ អាកាសយានដ្ឋាន​ដែល​ឥឡូវ​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត​ AlepនិងRaqa ។ គឺ​ជា​យន្តហោះ​ចំបាំង​ធុន MIGS ដែល​ក្រុម​អ៊ីស្លាម​ជីហាត បាន​ដាក់​ឲ្យ​ដំណើរការ​ហោះហើរ​ដូច​បំណង។

 
ម្យ៉ាងទៀត ​ អង្គការ​សង្កេតការណ៍​សិទ្ធ​មនុស្ស​នៅ​ស៊ីរី​(OSDH) កាលពី​ថ្ងៃ​សុក្រ​ទី​១៧​តុលា​មុន បាន​​អះអាង​ថា​ខ្លួន បាន​ទទួល​សក្ខីភាព​ជា​ច្រើន​បញ្ជាក់​ប្រាប់​ពី​វត្តមាន​យន្តហោះ​ចំបាំង​​មួយ​ចំនួន​ដែល​គេ​មិន​ស្គាល់ បាន​ហោះហើរ​ក្នុង​កំពស់​ដ៏​ទាប​បំផុត​ចេញ​ពី​មូលដ្ឋាន អាកាសចរណ៍​នៅ Al Djarrah ជិត​ក្រុង Alep។

ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​ពុំទាន់​ឃើញ​មាន​រូបភាព​ណា​មួយ​​ពី​យន្តហោះ​ទាំង​នោះ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ពួក​អ៊ីស្លាម​ជីហាត​ឡើយ។ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ គឺ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ខ្លួន​ឯង​តែ​ម្តង​ដែល​ចេញ​មុខ​អះអាង​ថា » អង្គការ​ក្រុម​ភេរវជន ពិត​ជា​មាន​យន្តហោះ​នោះ​មែន​និង​បាន​ដាក់​ឲ្យ​មាន​ដំណើរការ​ផង »។​ ស្របគ្នានេះ ក្រុង​ដាម៉ាស​បានបញ្ជាក់បន្ថែមទៀតថា កងទ័ព​ស៊ីរី ទើប​បាន​បំផ្លាញ​យន្តហោះ​ចំនួន​ពីរ​គ្រឿង​ក្នុង​ចំណោម​៣​គ្រឿង​​ដែល​ខ្លួន​តាម​ស្វែង​រក។​

យន្តហោះ​ធុន(MIGS)​ទាំង​នោះ ត្រូវ​បាន​គេ​បាញ់​បំផ្លាញ​ចោល​នៅ​ខណៈ​ដែល​វា​ចុះ​ចត​នៅ​លើ​ផ្លូវ​យន្តហោះ-នេះ​បើ​យោង​តាម​ប្រភព​ផ្លូវការ​ស៊ីរី ។គឺ​ជា​ព័ត៌មាន​មួយ​ដែល​គេ​ពុំ​អាច​​​​​បញ្ជាក់​ថា​ជា​ព័ត៌មាន​ពិត​ឬ​ក៏​អត់​នោះ​ទេ​នៅ​ក្នុង​ដំណាក់ការ​នេះ។ កងទ័ព​ស៊ីរី​របស់​លោក​អាសាត ទោះបីជា​កម្លំាង​ទឹក​ចិត្ត ​បាន​ធ្លាក់​ចុះ​ទន់​ខ្សោយ​ក្តី ក៏​នៅ​តែ​មាន​ជំហរ​សមត្ថភាព​ដឹក​នាំ​ការ​វាយ​ប្រហារ​តាម​ជើង​អាកាស​យ៉ាង​សម្បើម​អស្ចារ្យ​ដែរ។

ទន្ទឹមនេះ អង្គការ​សង្កេតការណ៍​សិទ្ធ​មនុស្ស​នៅ​ស៊ីរី បាន​រំលឹក​ប្រាប់​កាលពី​ថ្ងៃ​អង្គារ៍​មុន​ថា- គ្រាន់តែ​រយៈពេល​៣៦​ម៉ោង​ប៉ុណ្ណោះ កងទ័ព​អាកាស​ស៊ីរី បាន​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ប្រឆាំង​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ជាង​២០០​លើក ​ជាពិសេស នៅ​ខេត្ត​ជា​ច្រើន​ដូច​ជា នៅ​ Hama, Deraa, D’Idleb, Alep និង​ Jybeutran ក៏​ព្រម​ទាំង​នៅ​ខេត្ត Deir Ezzor​ទៀត​ផង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ