ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 10 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 10 មេសា 2012

រដ្ឋាភិបាល​ស៊ីរី​លេង​ស្នៀត ដក​ថយ​ផង និង​វាយ​ប្រហារ​ផង

រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី Sergei Lavrov (ស្តាំ) និង​រដ្ឋមន្រ្តីការបរទេស​ស៊ីរី​លោក​ Walid al-Moualem នៅមុន​ពេ​ល​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ម៉ូស្គូ​ថ្ងៃ​អង្គារ​ទី ១០​មេសា ២០១២
រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី Sergei Lavrov (ស្តាំ) និង​រដ្ឋមន្រ្តីការបរទេស​ស៊ីរី​លោក​ Walid al-Moualem នៅមុន​ពេ​ល​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ម៉ូស្គូ​ថ្ងៃ​អង្គារ​ទី ១០​មេសា ២០១២
© REUTERS

ដោយ ឈាង បុប្ផា

ថ្ងៃអង្គារ​ទី ១០​មេសានេះ ជាថ្ងៃ​កំណត់​ដែល​​រដ្ឋាភិបាល​ស៊ីរី​​ត្រូវ​ដកកង​ទ័ព​របស់ខ្លួន​ចេញ​ឲ្យ​អស់​ពី​ទីក្រុង​នានា នៅប្រទេស​ស៊ីរី ដើម្បី​បញ្ឈប់​អំពើ​ហិង្សា ទៅតាម​ផែនការ​ស្នើឡើង​ដោយ​លោក​កូហ្វី អាណាន់​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃ​ទី ២ មេសា ​ប្រធានាធិបតី​ស៊ីរី លោក​Bachar al Assad បាន​សន្យា កំណត់​យក​ថ្ងៃ​អង្គារ ទី ១០​មេសា ធ្វើ​ជា​ថ្ងៃ​ដកកងទ័ព​ពី​ទីក្រុង។ រដ្ឋមន្រ្តី​ការបរទេស​ស៊ីរី​បាន​ធ្វើ​សន្និសីទ​កាសែត ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ នៅថ្ងៃ​អង្គារ​នេះ ថា រដ្ឋាភិបាល​ស៊ីរី​បាន​ដក​កងទ័ព​បណ្តើរៗ​ចេញ​ពី​ខេត្ត​មួយ​ចំនួន។

បទ​អន្តរាគមន៍​របស់​ឈាង បុប្ផា
 

10/04/2012 by ឈាង បុប្ផា

 

នៅថ្ងៃ​ចន្ទ ទី ៩ មេសា អំពើហិង្សា បាន​​សម្លាប់​មនុស្ស​ជិត​១០០​នាក់ នៅប្រទេស​ស៊ីរី។ ជនរងគ្រោះ​ភាគច្រើន​ជា​ជនស៊ីវិល។ តាម​ក្រុមអ្នកប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ នៅ​កន្លែង​កើតហេតុផ្ទាល់ គេមិន​​ឃើញ​រដ្ឋាភិបាល​ដក​អាវុធ​ធុនធ្ងន់ និង​រថក្រោះ​ចេញ​ពីទីក្រុង​ទេ។ នៅព្រឹកព្រលឹម ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ថ្ងៃ​កំណត់​ឈប់បាញ់ ទាហាន​រដ្ឋាភិបាល នៅ​តែ ប្រើរថក្រោះ​បាញ់ផ្លោង នៅខេត្ត​alep ដែល​ស្ថិតនៅ​ភាគខាងជើង​ស៊ីរី ក្បែរព្រំដែន​ជាមួយ​ប្រទេស​លីបង់។
 
ការបាញ់ប្រហារ​ទៅលើ​ក្រុមប្រឆាំង មាន​កាន់តែ​សន្ធឹក ចាប់តាំងពីថ្ងៃ​ទី ២​មេសា ជាថ្ងៃ​​ដែល​ លោក ប្រធានាធិបតី​ ​ Bachar al Assad​យល់ព្រម​ទទួល​យក​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់។ ជារួម ក្នុង​រយៈពេល ៨ថ្ងៃ គិត​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ១០ ដែល​ជា​ថ្ងៃ កំណត់​ដកកងទ័ព ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​សម្រុក​វាយប្រហារ ទៅលើ​ទីក្រុង​សំខាន់ៗ ដែល​សម្បូរ​ដោយ​ក្រុមប្រឆាំង។ ដោយ​លោក​ Bachar al Assad សង្ឃឹមថា ​ក្នុង​រយៈពេល ៨ថ្ងៃ ខ្លួន​នឹង​ទទួល​ជ័យជំនះ​លើ​ក្រុមប្រឆាំង​បះបោរ​ស៊ីរី។
 
កាលពីថ្ងៃ​ចន្ទម្សិលមិញ គឺ​នៅមួយ​ថ្ងៃ​មុន ថ្ងៃ​កំណត់​ដកកងទ័ព​ទៅតាម​ផែនការ​ស្នើ​ឡើង​ដោយ​លោក​កូហ្វី អាណាន់ របប​ស៊ីរី​បានទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​​លើ​ក្រុម​ប្រឆាំង។ រដ្ឋាភិបាល​ស៊ីរី​និយាយ​ថា ខ្លួន​ព្រម​ដកទ័ព ចេញពី​ទីក្រុងHoms ឬ​Hama​ដរាបណា​ក្រុមចលនា​ទាហាន​ស៊ីរី​សេរី ព្រម​សរសេរ​លាយល័ក្ខ​អក្សរ​ថា ខ្លួន​ព្រម​ទម្លាក់​អាវុធ ហើយ​ប្រទេស​កាតារ និង​អារ៉ាប៊ី សាអ៊ូឌីត​សន្យា​លែង​ផ្តល់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី​តទៅទៀត។
 
គួរដឹងថា កន្លងមក ចលនា​ទាហាន​ស៊ីរី​សេរី បាន​យល់ព្រម​តាម​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់ គឺ​គេ​បញ្ឈប់​បាញ់តបត​រដ្ឋាភិបាល ប៉ុន្តែ ក្រុមប្រឆាំង​បាន​បដិសេធ​ដាច់អហង្ការ​មិន​ចរចា​ជាមួយ​រដ្ឋាភិបាល ហើយ​ក៏មិនព្រម​ធ្វើ​លិខិត​ទៅតាម​ការទាមទារ​របស់​របប​ស៊ីរីដែរ។
 
នៅថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​នៅមួយ​ថ្ងៃ​មុន​ការកំណត់​ឈប់បាញ់ មាន​ដំណឹង​ថា មាន​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​រដ្ឋាភិបាល។ ចំណែក អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​លើកឡើង​ពីការសម្លាប់​រង្គាល និង​ផ្តាច់ពូជ​របស់​ទាហាន​រដ្ឋាភិបាល​លោក​ Bachar al Assad ទៅលើ​យុវជន​ដែល​ជា​ក្រុមប្រឆាំង។ រហូតមកដល់​ថ្ងៃនេះ មាន​មនុស្ស​ជាង ៩ពាន់​នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត នៅស៊ីរី។
 

លោក​កូហ្វី អាណាន់ ប្រេសិតរបស់​​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់​

បើលោកកូហ្វី អាណាន់​បរាជ័យ ស៊ីរី​នឹង​នៅត្រាំត្រែង ក្នុង​សង្រ្គាម​ស៊ីវិល
 
សហគមន៍​អន្តរជាតិ​ជ្រើសរើស​ការចរចា​ផ្នែកការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី ដោយ​បាន​ជ្រើសតាំង​លោក​កូហ្វី អាណាន់ ឲ្យ​ធ្វើ​ជាបេសកជន​របស់​អង្គការ​សហប្រជាជាតិ​និង​សម្ព័ន្ធ​អារ៉ាប់ ចូល​ទៅដោះស្រាយ​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​ស៊ីរី។ គេ​យក​នយោបាយ​ការទូត ដោយ​បដិសេធ​មិន​ប្រើកម្លាំងទ័ព។ អាមេរិក​ផ្ទាល់​បាន​បដិសេធ​ជម្រើស​អន្តរាគមន៍​ទ័ព​បរទេស ជាពិសេស​របស់​អូតង់ ទៅក្នុង​ទឹកដី​ស៊ីរី ដូច​ដែល​គេ​បាន​ធ្វើ​នៅក្នុង​បដិវត្តន៍​លីប៊ី។ ជម្រើសនេះ ដោយ​ពិតទៅ មិន​អាច​ធ្វើបានទៅទៀត ដោយសារ​តែ​មាន​រុស្ស៊ី ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​បានធ្វើ​វេតូ​ម្តង ជា​ពីរ​ដង។
 
រុស្ស៊ី និង​ចិន បាន​ប្រឆាំង​នឹង​អន្តរាគមន៍​បរទេស​ក្នុង​ប្រទេស​ស៊ីរី។ រុស្ស៊ី​មិន​ចង់​របូត​បាត់ ​ស៊ីរី​ដែល​ជា​អតិថិជន​ទិញ​អាវុធ និង​ជា​មិត្ត​តែមួយ ដែល​ខ្លួន​នៅសេសសល់ នៅតំបន់​ដើមបូព៌ាទេ។ ប៉ុន្តែ រុស្ស៊ី និង​ចិន ដែល​ទទួលការរិះគន់​ពីអ្នកនយោបាយក្នុង​ស្រុក និង​អន្តរជាតិ បាន​ដូរ​ជំហរ​បន្តិចវិញ ដោយ​ចេញមុខ​​គាំទ្រ​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់ និង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ គឺ​រដ្ឋាភិបាលស៊ីរី និង​ក្រុមប្រឆាំង​ចូល​ចរចា​ជាមួយ​គ្នា នៅក្រោយ​បទឈប់បាញ់ រយៈពេល ៤៨ម៉ោង គិតចាប់ពី​ថ្ងៃអង្គានេះ។ លោក​កូហ្វី អាណាន់ ពេលនេះ​កំពុង​ប្រឹងប្រែង​នៅនាទី​ចុងក្រោយ​ដើម្បី​ស្រោចស្រង់​ផែនការ​សន្តិភាព​របស់គាត់។ គឺ​បន្ទាប់ពី​រុស្ស៊ី​និង​ចិន លោក​នឹង​ទៅ​ប្រទេស​អ៊ីរ៉ង់ នៅថ្ងៃ​ស្អែក​ដើម្បី​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ ឲ្យ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ស៊ីរី ឲ្យ​បញ្ឈប់​អំពើហិង្សា។ អ៊ីរ៉ង់​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ស៊ីរី ត្រូវ​អាមេរិក​ចោទ​ថា ផ្តល់​អាវុធ​ទៅ​ឲ្យ​ស៊ីរី។
 
ប៉ុន្តែ បើ​លោកកូហ្វី អាណាន់​បរាជ័យ​មិន​អាចឲ្យ​រដ្ឋាភិបាល​ស៊ីរីបញ្ចប់​អំពើហិង្សាបានទេ ហើយ ប្រជាជន​ស៊ីវិល​នៅតែ​បន្តស្លាប់​រងគ្រោះក្នុង​អំពើហិង្សា នោះ សហគមន៍​អន្តរជាតិ​នឹង​រិះរក​មធ្យោបាយ​មួយ​ទៀត។ ពេលនោះ អន្តរាគមន៍​យោធា គឺ​ជា​ជម្រើស​ដែល​គេ​យកមក​គិត​ពិចារណា​ឡើងវិញ។ បណ្តាប្រទេស​អារ៉ាប់ ដូចជា​កាតារ និង​អារ៉ាប៊ី សាអ៊ូឌីត បាន​ប្រកាស​រួចហើយ​ថា នឹង​ជួយផ្តល់ អាវុធ និង​ហ្វឹកហ្វឺន​ទាហាន​របស់​​ក្រុមប្រឆាំង គឺ​ក្រុមទាហាន​ស៊ីរី​សេរី។
 
ប្រទេស​តួកគី​វិញ ដែល​ទើប​រងការបាញ់ផ្លោង​ពី​សំណាក់​ទាហាន​ស៊ីរី ក៏ប្រហែល​ជា​នឹង​ចូលរួម​ឲ្យ​គេ​បង្កើត​តំបន់​ការពារ​ពិសេស ក្នុង​ទឹកដី ខ្លួន និង​ជួយ​ក្រុមប្រឆាំង​ស៊ីរី ឲ្យ​បង្កើត​តំបន់​តស៊ូ​ប្រយុទ្ធ​មួយ ក្នុង​ទឹកដីស៊ីរី។ ជារួម បើផែនការ​លោក​កូហ្វី អាណាន់​បរាជ័យ នោះ​ប្រាកដណាស់ សង្រ្គាម​ស៊ីវិល​មួយ​នឹង​បន្ត​នៅរ៉ាំរ៉ៃ​ប្រទេស​ស៊ីរី។ អ្នកដែល​រងគ្រោះ​ជាងគេ គ្មាន​អ្នកណា​ក្រៅពី​ប្រជាជន​ស៊ីវិល ដែល​ពេលនេះកំពុង​​រត់គេច​ខ្លួន​ចេញ​ពី​តំបន់​វាយប្រហារ ទៅ​រស់​ជ្រក​ក្រោមតង់ជ័រ ក្នុង​ទឹកដី​តួកគី៕

 

tags: គណបក្សនយោបាយ - តួកគី - បដិវត្តន៍ - រុស្ស៊ី - សម្ព័ន្ធអារ៉ាប់ - ស៊ីរី - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close