រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ជនសង្ស័យបាញ់កម្មករនៅបាវិត គឺអភិបាលក្រុងបាវិត
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនសង្ស័យដែលបានបាញ់ស្ត្រីកម្មកររបួសធ្ងន់៣នាក់ក្នុងព្រឹត្តិការណ៍កម្មករកាត់ដេរតវ៉ាកាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១២ គឺជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ ប៉ុន្តែជនសង្ស័យជាអភិបាលក្រុងជាប់ព្រំដែនវៀតណាមនោះ មិនត្រូវបានចាប់ខ្លួនទេ ខណៈដែលសំណុំរឿងបាញ់ស្ត្រីកម្មករនៅបាវិត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងរួចរាល់ហើយ។
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបយ៉ាងខ្លីទៅកាន់ក្រុមអ្នកកាសែត ដែលបានចោមរោមចោទសួរលោកអំពីករណីបាញ់ស្ត្រីកម្មករ របួស ៣ នាក់ នៅបាវិត កាលពីថ្ងៃទី២០កុម្ភៈ។
លោកសខេង បានមានប្រសាសន៍ថា ការសម្រេចឃាត់ខ្លួន ឬមិនឃាត់ខ្លួនអ្នកបាញ់កម្មករនោះ មិនមែនក្រសួងមហាផ្ទៃទេ។ វាជាសមត្ថកិច្ចរបស់តុលាការ។
ចំពោះសំណួរអ្នកកាសែតសួរថា តើអ្នកបាញ់កម្មករនោះ ជាអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ឬយ៉ាងណា? លោក ស ខេង បានឆ្លើយតបយ៉ាងខ្លីថា “ហ្នឹងហើយ តែគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានលើកឡើងថា ការចំណាយពេល ១សប្តាហ៍ ចំពោះការធ្វើរបាយការណ៍ស៊ើបអង្កេតពីអត្ថសញ្ញាណជនសង្ស័យ បាញ់ស្ត្រីកម្មករ គឺមិនយូរទេ ពីព្រោះការងារនេះ ប៉ូលិសត្រូវធ្វើតាមជំនាញមួយ ដែលច្បាស់លាស់ ដោយមិនអាចធ្វើប្រថុយប្រថានទេ។
មកដល់ថ្ងៃនេះ សំណុំរឿងបាញ់ស្ត្រីកម្មករ នៅពេលតវ៉ាក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅទីក្រុងបាវិត ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងរួចរាល់ហើយ។
ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង បានប្រាប់អ្នកកាសែតថា កំពុងតែពិនិត្យមើលរបាយការណ៍របស់ប៉ូលិស ក្រសួងមហាផ្ទៃ តែមិនទាន់ចោទប្រកាន់ ឬក៏ចេញដីកាចាប់ខ្លួនអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលមានឈ្មោះ ជាប់ចោទក្នុងសំណុំរឿងបាញ់កម្មករ ឲ្យរបួស ៣ នាក់នោះឡើយ។
ស្ត្រីកម្មករម្នាក់ ក្នុងចំណោមស្ត្រី ៣ នាក់ ដែលរងរបួសដោយគ្រាប់កាំភ្លើង កំពុងដេកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នៅភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញ ត្រូវបានមន្ត្រីមកពីសាលាក្រុងបាវិតមួយក្រុម ចូលជួបសួរសុខទុក្ខ និងឲ្យក្រុមគ្រួសារ និងស្ត្រីរងគ្រោះ ផ្តិតមេដៃលើលិខិតមួយច្បាប់ ហើយមន្ត្រីទាំងនោះ ប្រាប់កុំឲ្យប្តឹងផ្តល់លើករណីនោះ។
ស្ត្រីកម្មកររងគ្រោះ បានទទួលលុយពីរលានរៀលស្មើប្រមាណ៥០០ ដុល្លារអាមេរិក ដែលគេប្រាប់ថា ជាអំណោយរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអ្នកតំណាងរាស្ត្រខេត្តស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ (3)
ឈឺក្បាលណាស់
អត់យល់ វាជាអំពើមនុស្សឃាតដោយចេតនា របស់មន្រ្តីនោះ បើទោះបីជាអ្នករងគ្រោះមិនប្តឹង ក៏តុលាការ ត្រូវចាត់វិធានការណ៍ដែរ មិនអាចអោយរួចខ្លួនបានទេ។ តែបើដូច ដែលគេថាលុយនោះវាជាលុយរបស់ជំទាវអនមែន នោះមិនបាច់និយាយទេ មានន័យថា គាត់ជាអ្នកដែលការពារឃាតករ។ អីចឹងសូមសួរថា លោកជំទាវជាអ្នកសមគំនិតឬយ៉ាងណា?
សង្គមយើងកំពុងតែរញេរញ៉ៃហើយ គ្មានយល់ច្បាប់ទំលាប់ទេ។
ថ្ងៃនេះគេបាញ់មិនស្លាប់ ចុះបើថ្ងៃក្រោយគេបាញ់ងាប់ អីចឹង គេអោយលុយថែមតែ 500 ទៅ1000 ដុល្លា អីចឹងមានន័យថារឿងនេះចប់ឬយ៉ាងណា?
I think even if the victim
I think even if the victim will not file the lawsuit against the suspect, the suspect is still prosecuted since it is a criminal offence. So, the court should take action based on criminal procedure to prosecute the offender regardless whether the victim files the lawsuit or not.
ខ្ញុំឯកភាពទៅតាមមតិខាងលើ
ខ្ញុំឯកភាពទៅតាមមតិខាងលើ ពីព្រោះវាផ្អែកទៅលើច្បាប់ទាំងស្រង់។ ហើយឆ្ងល់ណាស់ថា ហេតុអីបានជាក្រុមមន្រ្តីមកពីក្រុងបាវិត មិនយល់ដឹងបន្តិចសោះអំពីច្បាប់ព្រហ្មទណ្ឌបែបនេះ ទើបទៅអោយជនរងគ្រោះមិនដាក់ពាក្យប្តឹងទៅវិញ???
ប្រតិកម្មជុំវិញអត្ថបទនេះ