កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 30 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 30 កក្កដា 2012

ដាក់ញត្តិ​ទៅ​ស្ថានទូត​ស្វែងរក​អន្តរាគមន៍​ដោះលែង​លោក​ម៉ម​សូណង់ដូ

ក្រុមអ្នកគាំទ្រ​នាំគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ
ក្រុមអ្នកគាំទ្រ​នាំគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ
RFI/Channa Siv

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​ សូណង់ដូ ក្នុងនាម​សមាគម​អ្នកប្រជាធិបតេយ្យ បានដាក់​ញត្តិ​ដាច់ដោយឡែក​​ពីគ្នា ទៅកាន់​ស្ថានទូត ចំនួន ៩ នៅ​កម្ពុជា​។ ញត្តិ​ទាំងនោះ ធ្វើឡើង ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត ដែល​រួម​ទាំង​ប្រទេស​មហាអំណាច ឲ្យមាន​ការដោះលែង​លោក​ម៉ម​ សូណង់ដូ ពី​ពន្ធនាគារ​ព្រៃ​ស​។ លោក​ម៉ម​សូណង់ដូ អាយុ ៧២ ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥​កក្កដា ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ មកដល់ពេលនេះ បាន​ធូរស្បើយ​បន្តិច​ពី​ជំងឺ​ផ្តាសាយ ប៉ុន្តែ​លោក​សម្រាន្ត​មិនសូវ​បាន​ឡើយ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 

30/07/2012

​សកម្មជនអ្នកគាំទ្រលោកម៉ម​ សូណង់ដូ បានហែញត្តិ​ដាក់​ទៅ​កាន់​ស្ថានទូតចំនួន ៩ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ញត្តិទាំងនោះ ធ្វើឡើង​ដោយ​ប្រធាន​សាខាសមាគម​អ្នកប្រជាធិបតេយ្យ ដែល​ស្ថិតនៅ ១២ ខេត្ត​។ កម្មវត្ថុ​នៃ​ញត្តិ ដែល​មាន​អត្ថន័យ​ដូចៗ​គ្នា​ទាំង​នោះ គឺ​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស ឲ្យជួយ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​។
 
​ញត្តិ​ទាំងនោះ ត្រូវបាន​ដាក់​ទៅ​កាន់​ស្ថានទូត ចំនួន ៩ នៅ​ភ្នំពេញ រួមមាន​៖ ស្ថានទូត​អាមេរិក អូស្ត្រាលី កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ថៃ និង​ស្ថានទូត​សិង្ហ​បុរី​។​
 
​លោកស្រី ហួត ផាន់​ណា​រី អគ្គលេខាធិការរង សមាគម​អ្នកប្រជាធិបតេយ្យ ដែល​មាន​លោក ម៉ម​ សូណង់ដូ ជា​ប្រធាន បានឲ្យដឹងថា សមាគម​ក៏បាន​ប្រមូល​ស្នាម​មេដៃ​របស់​មហាជន ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៣​កក្កដា ឆ្នាំ​២០១២ មកដល់ពេលនេះ សមាគម​ប្រមូល​បាន​ជាង ៤​ម៉ឺន​នាក់​។ ស្នាម​មេដៃ​មហាជន​ទាំងនោះ ធ្វើឡើង​ក្នុង​ញត្តិ ដើម្បី​ស្នើសុំ​ការដោះលែង​លោក​ម៉ម​ សូណង់ដូ ហើយ​សមាគម​នឹង​ដាក់​ទៅ​កាន់​រដ្ឋាភិបាល និង​ស្ថានទូត​នានា នាពេលខាងមុខ​។​
 
​លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​បាន​វិលត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក បាន​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ តុលាការ​បាន​សម្រេច​ឃុំខ្លួន​លោក​ម៉ម​ សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​
 
​ការចោទប្រកាន់​លើ​លោក​ម៉ម ​សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី ដែល​អាជ្ញាធរ​រដ្ឋាភិបាល ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។​
 
​លោកស្រី ហួត ផាន់​ណា​រី អគ្គលេខាធិការរង​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​ទើបនឹង​ចេញពី​សួរសុខទុក្ខ​លោក​ម៉ម ​សូណង់ដូ បានឲ្យដឹងថា មកដល់​ថ្ងៃ​ចន្ទ​នេះ លោក​ម៉ម​ សូណង់ដូ បាន​ធូរស្បើយ​ពី​ជំងឺ​ផ្តាសាយធំ​បន្តិច​ហើយ ប៉ុន្តែ​លោក​ម៉ម ​សូណង់ដូ ដែល​មាន​អាយុ ៧២ឆ្នាំ​ហើយ​នោះ សម្រាន្ត​​មិនសូវ​បាន​ទេ ដោយ​ក្នុង​មួយ​យប់ៗ គាត់​សម្រាន្ត​បាន​តែ ២ ទៅ ៣​ម៉ោង​ប៉ុណ្ណោះ៕​

tags: កម្ពុជា - ជម្លោះដីធ្លី - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close