អានតួអត្ថបទ
ស៊ុយអែត

ប្រឈមនឹង​វិបត្តិ​អ៊ុយក្រែន​ ស៊ុយអែត​ប្រកាស​ពង្រឹង​ផ្នែក​ការពារជាតិ​

នៅថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ស៊ុយអែត​បាន​ប្រកាស​ថា នឹង​ដំឡើង​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ផ្នែក​ការពារ​ជាតិ​បន្ថែម​ទៀត​ សម្រាប់​រយៈពេល​១០ឆ្នាំ​ទៅមុខ។ ស៊ុយអែត​ចង់​ទិញ​យន្តហោះ​ប្រដេញ​ និង​នាវាមុជទឹក​ច្រើនគ្រឿង​ថែមទៀត ព្រមទាំងគ្រោង​ពង្រឹង​វត្តមាន​យោធា​ខ្លួន​នៅ​សមុទ្រ​បាល់ទិក​ផងដែរ។ ​ការ​ពង្រឹង​ផ្នែក​ការពារជាតិ​នេះ ជា​វិធានការ​ប្រឈម​នឹង​វិបត្តិ​អ៊ុយក្រែន ដែល​មាន​រុស្ស៊ី​ជាអ្នកចេញមុខ​ចេញ​មាត់ដោះស្រាយ​នោះ ព្រោះថា ​ស៊ុយអែត​ខ្លាចការ​គម្រាម​ពី​​​រុស្ស៊ី​។

យន្តហោះប្រដេញ​ ប្រភេទ​ អេហ្វ ១៥
យន្តហោះប្រដេញ​ ប្រភេទ​ អេហ្វ ១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អភិរក្ស​និយម​ស៊ុយអែត​បាន​ប្រកាស​នៅថ្ងៃ​អង្គារ​នេះថា នឹង​ដំឡើង​ថវិកា​ផ្នែកការពារ​ជាតិ​ អោយបាន​​ខ្ពស់​ថែមទៀត សម្រាប់​១០ឆ្នាំ​ទៅមុខ ពោល​គឺ​អោយ​បាន​​៥ពាន់៥រយ​លាន​កួរ៉ូន ​ត្រូវ​នឹង​៦០៤លាន​អឺរ៉ូ បន្ថែម​ទៀត​ ចាប់​ពី​ពេលនេះ រហូត​ដល់​ឆ្នាំ​២០២៤។ តួលេខ​ថវិកា​ដែល​ត្រូវ​ដំឡើង​នេះ គឺ​ខ្ពស់​ហួស​ពី​​ការ​រំពឹងទុក​ កន្លងមក។

ថវិកា​ផ្នែកការពារ​ជាតិ​ស៊ុយអែត​ ឆ្នាំ​២០១៤នេះ មាន​ប្រមាណ​ជា​៤៧ពាន់លាន​កួរ៉ូន។ ការ​ប្រកាស​នេះ ជាវិធានការ​ត្រៀមការពារ​ជាតិ​​ ប្រឈម​នឹង​រុស្ស៊ី ដែល​កំពុង​តែ​ស្វែង​ចូលរួម​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​ជាមួយ​​​អាមេរិក និងសហភាព​អឺរ៉ុប​នោះ។ រដ្ឋាភិបាល​ស៊ុយអែត​​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​​របស់​ខ្លួន ពី​វត្តមាន​រុស្ស៊ី​នៅតាម​ផ្នែក​មួយ​ចំនួន​​​នៃ​រដ្ឋ​បូរណភាព ដែល​ជាការគំរាម​កំហែង​សម្រាប់​ស៊ុយអែត។

​ស៊ុយអែត​​ចង់​​ពង្រឹង​វិស័យ​ការពារ​ជាតិ​ខ្លួន នៅ​សមុទ្រ​បាល់ទិក និង​កោះ​ហ្កុតឡិន ភាគ​ខាងជើង​​សមុទ្រ​បាល់ទិក។​ រដ្ឋាភិបាល​ស៊ុយអែត​ចង់​​បន្ថែម​​​យន្តហោះ​ចំបាំង​​ប្រភេទ Jas ៣៩E អោយ​បាន​​ពី​៦០ទៅ​៧០គ្រឿង​​ថែម​ទៀត ហើយ​ក៏ចង់​ទិញ​បន្ថែម​នូវ​នាវា​មុជទឹក​២គ្រឿង​​ ព្រមទាំង​​​ធ្វើអោយ​នាវាមុជទឹក​៣គ្រឿង​ដែល​ខ្លួន​មាន​​ ទទួល​បាន​ភាព​ទំនើប​ថែមទៀត​ផងដែរ។ នៅ​តំបន់​បាល់ទិក​នេះ អង្គការ​អូតង់​ក៏​បាន​ពង្រឹង​ការពារ​សន្តិសុខ​ប្រទេស​សមាជិកខ្លួន នៅ​អឺរ៉ុប​ខាងកើត​ដែរ។ ដោយឡែក ​ស៊ុយអែត​មិន​មែន​ជា​សមាជិក​អង្គការអូតង់​នោះទេ។

​​​រដ្ឋាភិបាល​ស៊ុយអែត ​បាន​ប្រកាស​ដែរ​ថា ​នឹង​​​​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី។ គួររំលឹក​​ រុស្ស៊ី​តំណាង​អោយ​ការគំរាមកំហែង​សម្រាប់​ស៊ុយអែត។ ​សកម្មភាព​រុស្ស៊ី​ទាក់ទង​នឹង​អ៊ុយក្រែន​ នៅពេល​នេះ រឹត​តែ​ធ្វើអោយ​ស៊ុយអែត​​​បារម្ភ​ភ័យ​ថែមទៀត។

ចាប់​ពី​ពេល​សង្គ្រាមត្រជាក់​ត្រូវបាន​បញ្ចប់​មក​​ រដ្ឋាភិបាល​ក្រុង​ស្តុកកូម ​តែង​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​យោធា​ រហូត​ធ្វើអោយ​មាន​ការ​សង្ស័យ​​ថា សមត្ថភាព​យោធា​​ជាតិ​ទន់ខ្សោយ។ កាលពី​ឆ្នាំមុន អគ្គមេបញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ស៊ុយអែត​មួយរូប​ធ្លាប់​​បាន​លើកឡើង​ថា ប្រសិន​មាន​ការ​វាយប្រហារ​ពី​រុស្ស៊ី ស៊ុយអែត​​អាច​​ទប់ទល់​រុស្ស៊ី​បាន​តែ​មួយសប្តាហ៍​ប៉ុណ្ណោះ។

ការ​ប្រកាស​ពង្រឹង​ផ្នែក​ការពារ​ជាតិ​របស់​រដ្ឋាភិបាលកាន់អំណាច​ ធ្វើឡើង​ពេល​ស៊ុយអែត​ជិត​បោះឆ្នោតជាតិ នៅ​ខែ​កញ្ញា​ខាងមុខ។ បក្ស​សង្គមនិយមប្រជាធិបតេយ្យ ជាបក្ស​ប្រឆាំង​ក៏បាន​ប្រកាស​​ក្នុង​នយោបាយ​ឃោសនា​បោះឆ្នោត​ដែរ​ថា នឹង​ពង្រឹង​សមត្ថភាព​យោធា​ជាតិ​​អោយ​បាន​ខ្លាំងក្លា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ