អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​នាវា​មុជទឹក​រុស្ស៊ី​អាច​ចូល​ក្នុង​ដែនទឹក​ស៊ុយអែត​ដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប៉ុន្មាន​ថ្ងៃ​នេះ ស៊ុយអែត​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ស្វែងរក​វត្ថុ​ចម្លែក​ក្នុង​ដែន​ទឹក​របស់​ខ្លួន នៅក្នុង​សមុទ្រ​បាល់ទិក។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ពី​វត្តមាន​នាវា​មុជទឹក​រុស្ស៊ី នៅក្នុង​ដែនទឹក​ស៊ុយអែត ប៉ុន្តែ ទីក្រុង​ម៉ូស្គូ បាន​បដិសេធ​រួចជាស្រេច​ថា គ្មាន​នាវា​មុជទឹក​របស់ខ្លួន​របស់ខ្លួន នៅក្នុង​សមុទ្រ​បាល់ទិក​របស់​ស៊ុយអ៊ែត​ទេ។ ការសង្ស័យ​មាន​នាវាមុជទឹក​បរទេស​នៅក្នុង​ដែនទឹក​របស់ស៊ុយអែត​បាន​ធ្វើ​ឲ្យ​គេ​​នឹក​ទៅ​ដល់​សម័យ​សង្រ្គាម​ត្រជាក់ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​កាលណោះ អតីត​សហភាព​សូវៀត​ឧស្សាហ៍​បញ្ជូន​នាវា​មុជទឹក​របស់ខ្លួន ចូល​ទៅក្នុង​ដែនទឹក​របស់​ស៊ុយអែត។ យើងស្តាប់​បទអត្ថាធិប្បាយ​របស់​ឈាង បុប្ផា 

តាំងពី​ថ្ងៃ​សុក្រ ទី ១៧ នាវាចម្បាំង​ស៊ុយអែត​ស្វែងរកវត្ថុ​ចម្លែក​នៅក្នុង​ដែន​ទឹក​របស់ខ្លួន បន្ទាប់ពី​គេ​សង្ស័យថា មាន​នាវា​មុជទឹក​រុស្ស៊ី នៅក្នុង​ដែនទឹក​ស៊ុយអែត
តាំងពី​ថ្ងៃ​សុក្រ ទី ១៧ នាវាចម្បាំង​ស៊ុយអែត​ស្វែងរកវត្ថុ​ចម្លែក​នៅក្នុង​ដែន​ទឹក​របស់ខ្លួន បន្ទាប់ពី​គេ​សង្ស័យថា មាន​នាវា​មុជទឹក​រុស្ស៊ី នៅក្នុង​ដែនទឹក​ស៊ុយអែត © REUTERS/Fredrik Sandberg
ផ្សាយពាណិជ្ជកម្ម

នៅមិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ណាមួយ​ដែល​បង្ហាញ​ថា នាវា​មុជទឹក​របស់​រុស្ស៊ី​បាន​ចូល​ទៅក្នុង​ដែនទឹក​របស់​ស៊ុយអែត ក្នុងសមុទ្រ​បាល់ទិក​នៅឡើយទេ។ ប៉ុន្តែ ចាប់តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អាជ្ញាធរ​ស៊ុយអែត​បានបើក​ប្រតិបត្តិការ​ប្រើ​នាវា​ចម្បាំង​របស់ខ្លួន ដើម្បី​រុករក​វត្ថុចម្លែក ដែល​គេ​សង្ស័យ​ថា អាច​ជា​នាវា​មុជទឹក ឬ​ឧបករណ៍​យោធា ដែល​រុស្ស៊ី​អាច​បញ្ជូន​ទៅ​ក្នុង​ដែន​ទឹក​ស៊ុយអែត។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ស៊ុយអែត។ តាម​កាសែត​ដដែល កងទ័ព​ស៊ុយអែត​បាន​អះអាង ថា គេ​ចាប់​បាន​សំឡេង​ទាក់ទង​មួយ ជា​ភាសា​រុស្ស៊ី។ ហើយ​ចំជួន នៅ​ប៉ុន្មាន​ថ្ងៃ​នេះ កប៉ាល់​ទេសចរណ៍​រុស្ស៊ី​បាន​ចូល​ទៅក្នុង​ដែនទឹក​ស៊ុយអែត។ ដូច្នេះ គេ​សង្ស័យ​ថា កប៉ាល់​ទេសចរណ៍​រុស្ស៊ី​អាច​បន្លំ ចូល​ទៅ​ទម្លាក់​កូន​នាវា​មុជទឹក នៅ​ក្នុង​ដែនទឹក​ស៊ុយអែត។

 
រដ្ឋាភិបាល​ ស៊ុយអែត​បាន​សន្យា​ពន្យារ​ពេល​រុករក​ក្នុង​សប្តាហ៍​នេះ មុន​នឹង​ធ្វើការ​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ។ ដំណឹង​ស្តីពី​វត្តមាន​នាវា​មុជទឹក​បរទេស ក្នុង​ដែនទឹក​របស់ខ្លួន​បាន​ធ្វើ​ឲ្យ​ ស៊ុយអែត​ចាត់វិធានការ​ពង្រឹង​ផ្នែកការពារ​របស់ខ្លួន។ ឧប្បត្តិហេតុ​លើកនេះ កើតឡើង​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការកំណត់​ថវិកា​យោធា​របស់​រដ្ឋាភិបាល​ ស៊ុយអែត​ថ្មី។ ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ ស៊ុយអែត លោក​Stefan Lofven​បាន​ប្រកាស​រួចហើយ​ថា រដ្ឋាភិបាល​របស់លោក​នឹង​ប្រកាស​បង្កើន​ថវិកា​កងទ័ព នៅថ្ងៃ​ព្រហស្បតិ៍។

រដ្ឋាភិបាល​ ស៊ុយអែត​មិន​បាន​មើលស្រាល ប៉ុន្តែ ចាត់ទុក​វត្តមាន​របស់​ទ័ព​បរទេស ជាពិសេស​រុស្ស៊ី ក្នុង​ដែនទឹក​របស់ខ្លួន​ថា ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។ ស៊ុយអែត​មាន​ហេតុផល​ដែល​ត្រូវ​ព្រួយបារម្ភ​ពី​សន្តិសុខ​របស់ខ្លួន ពីព្រោះថា មូលដ្ឋាន​ទ័ព​រុស្ស៊ី នៅ​ទីក្រុង​កាលីនីនក្រាត ដែលនៅ​ដាច់​ចេញ​ពី​ទឹកដី​រុស្ស៊ី ប៉ុន្តែ ស្ថិតនៅ​ទល់មុខ​នឹង​ទឹកដី​ស៊ុយអែត​តែម្តង។

ចាប់តាំង​ពី​វិបត្តិ​អ៊ុយក្រែន​រុស្ស៊ី បាន​ផ្ទុះ ស៊ុយអែត និង​ប្រទេស​អតីត​សហភាព​សូវៀត​ជាច្រើន នៅសមុទ្រ​បាល់ទិក​បារម្ភ​ថា រុស្ស៊ី​នឹង​អាច​ទៅ​ឈ្លានពាន ពង្រីក​ដែន​ឥទ្ធិពល​របស់ខ្លួន នៅ​សមុទ្រ​បាល់ទិក​បន្តទៀត។ តាម​អ្នកវិភាគខ្លះ រុស្ស៊ី​អាច​បញ្ជូន​នាវា​មុជទឹក​របស់ខ្លួន ដើម្បី​ទៅសិក្សា​រៀបចំ​ទីតាំងយុទ្ធសាស្រ្ត ក្នុង​ករណី​ដែល​មានជម្លោះ​ប្រដាប់​អាវុធ​កើតឡើង នៅ​សមុទ្រ​បាល់ទិក។

ប៉ុន្តែ តាម​អ្នកវិភាគខ្លះទៀត បើសិន​ទីក្រុង​ស្តុកខូម​រកឃើញ​ថា ពិតជា​មាន​នាវាមុជទឹក​រុស្ស៊ី នៅក្នុង​ដែន​ទឹក​របស់ខ្លួន គេ​ក៏​នៅ តែ​មិន​អាច​ចោទ​ថា រុស្ស៊ី​មាន​គំនិត​ប្រុង​វាយប្រហារ​ទៅលើ​ស៊ុយអែត​នោះទេ។ វា​ជា​ការងាយស្រួល​បំផុត​សម្រាប់​ទីក្រុង​ម៉ូស្គូ បើសិន​គេចង់​វាយប្រហារ​យោធា​ទៅលើ​ស៊ុយអែត ដែល​មាន​វិស័យ​កងទ័ព​ទន់ខ្សោយនោះ។ ប៉ុន្តែ តាម​ជំនាញ រុស្ស៊ី​អាច​បញ្ជូន​នាវា​មុជទឹក​របស់ខ្លួន ទៅក្នុង​ដែន​ទឹក​របស់ ស៊ុយអែត គឺ​គ្រាន់​ដើម្បី​ធ្វើតេស្ត ចង់​ដឹង​​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ស៊ុយអែត។ ម៉ូស្គូ​ទំនង​មិន​ពេញចិត្ត​នឹង​ស៊ុយអ៊ែត​បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង មួយ​ឲ្យ​អង្គការ​អូតង់​មាន​សិទ្ធិ​​បញ្ជូន​យន្តហោះ​ចម្បាំង​ចូល​អន្តរាគមន៍ ក្នុង​ដែន​អាកាស​ ស៊ុយអែត។

សូមបញ្ជាក់ថា កាលពី ខែ​សីហា កន្លងទៅ ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់ ដែល​តាមពិត​មិន​មែន​ជា​សមាជិក​អង្គការ​អូតង់ បាន​ចុះ​ហត្ថលេខា​ជាមួយ​អង្គការ​សម្ព័ន្ធអាត្លង់ទិក អូតង់ ដើម្បី​បើកផ្លូវ​ឲ្យ​អូតង់​អាច​ប្រតិបត្តិការ​អន្តរាគមន៍​ក្នុង​ដែន​សមុទ្រ​បាល់ទិក។ ស៊ុយអែត និង​ហ្វាំងឡង់ បាន​ងាក​ទៅ​រក ជំនួយ​ពី អង្គការ​អូតង់ បន្ទាប់​ពី​ប្រទេស​ទំាងពីរ​ឧស្សាហ៍​ចាប់​បាន​សញ្ញាវត្តមាន​នាវាមុជទឹក ឬ យន្តហោះចម្បាំង រុស្ស៊ី ក្នុង​ដែនទឹក និងដែន​អាកាស​របស់ខ្លួន។

ដោយពិតទៅ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​កងទ័ព​ ស៊ុយអែត​ចាប់បាន​សញ្ញា​នាវា​មុជទឹក​រុស្ស៊ី​ក្នុង​ដែន​ទឹក​របស់ខ្លួន។ ស៊ុយអែត​ឧស្សាហ៍ មាន​ប្រវត្តិ​ដេញ​ប្រមាញ់​កប៉ាល់​រុស្ស៊ី ចេញ​ពី​ដែន​ទឹក​របស់ខ្លួន តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់។ នៅក្រោយ​ការដួលរលំ​សហភាព​សូវៀត ការរំលោភបំពាន​ទៅលើ​ដែន​ទឹក​ស៊ុយអែត​ពី​សំណាក់​រុស្ស៊ី នៅ​តែ​បន្តមាន។ ប៉ុន្តែ ក្នុងចន្លោះ​ឆ្នាំ ១៩៩២ និង​ឆ្នាំ ១៩៩៥​រដ្ឋាភិបាល​ស៊ុយអែត​ធ្លាប់​មាន​ការទើសទាល់ បន្ទាប់ពី​កងទ័ព​ជើងទឹក​ស៊ុយអែត​ ដែល​មិនសូវ​ទំនើប ទាន់សម័យ ចាប់​បាន​សំលេង​សត្វ ប៉ុន្តែ គិត​ថា ជា​សំលេង​ចេញ​ពី​នាវា​មុជទឹក​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ