អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​សិស្ស​ល្អ​ប្រលង​ជាប់​ផ្នែក​វិញ្ញាសា​ធនាគារ Stress Test

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​មាន​ វិបត្តិ​ធនាគារ នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០០៩ ​ដែល​បាន​ជំរុញ​ឱ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ហៀ​ដល់​អឺរ៉ុប​ នៅ​​ឆ្នាំ​២០១១​ តំបន់​អឺរ៉ូ​ជួប​គ្រោះ​​​វិបត្តិ​ប្រាក់​បំណុលបន្ថែម​មួយ​ជាន់​ទៀត​ ទំនុក​ចិត្ត​លើ​ធនាគារ​អឺរ៉ុប​បាន​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ឡើងៗ។ ដើម្បី​បញ្ចប់​ភាព​មន្ទិល​ និង​ស្តារ​កិត្តិយស​ ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​នឹង​ក្លាយ​ជា​ស្ថាប័ន​ត្រួតត្រា​ប្រព័ន្ធ​ធនាគារ​អឺរ៉ុប​រួម​ ចាប់​ពី​ថ្ងៃ​ទី ៤ វិច្ឆិកា ២០១៤​តទៅ​ បា​នរៀប​ចំ​ធ្វើ​តេស្ត​​មួយ​ឈ្មោះ​ថា Stress test ​ល្បង​​សមត្ថភាព​​ធន់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ឬ​ហិរញ្ញវត្ថុ​របស់​ធនាគារ​​ទាំង​១៣០នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ដោយ​ទើប​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​អាទិត្យ​ទី ២៦ តុលា។ តើ​អ្វី​ទៅ​ជា​វិញ្ញាសា​តេស្ត​សាកល្បងstress test ? ប្រទេស​ណាខ្លះ​ជាប់ ណា​ខ្លះ​ធ្លាក់ ? តើ​ធនាគារកណ្តាល​អឺរ៉ុប​ចាត់​វិធានការ​បែប​ណា ចំពោះ​ធនាគារ​ដែល​មិន​ឆ្លើយ​តប​ទៅ​លក្ខខណ្ឌ​ចង់​បាន ?

ធនាគារ​កណ្តាល​អឺរ៉ុប​ នៅ​Francfort ប្រទេស​អាល្លឺម៉ង់
ធនាគារ​កណ្តាល​អឺរ៉ុប​ នៅ​Francfort ប្រទេស​អាល្លឺម៉ង់ AFP/Daniel Roland
ផ្សាយពាណិជ្ជកម្ម

Stress test ជា​វិញ្ញាសា ដែល​ធនាគារ​ធំៗចំនួន ១៣០ ​របស់​ប្រទេស​​ចាយ​ប្រាក់​អឺរ៉ូ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ ព្រោះ​ជា​ដំណាក់​កាល​ដ៏​សំខាន់​បំផុត​​នៃការ​បង្កើត​​សហភាព​ធនាគារ​ និង​យន្តការ​​ត្រួត​ពិនិត្យ​រួម​ដែល​​អឺរ៉ុបចង់​បាន។ មុន​នឹង​ទទួល​ភារៈ​​ជា​​អ្នក​ត្រួត​ត្រា​ពី​លើ​ធនាគារ​ទាំង​អស់​របស់​តំបន់​អឺរ៉ុប​  ចាប់​ពី​ថ្ងៃទី ៤ វិច្ឆិកា​ទៅ ធនាគារ​កណ្តាល​អឺរ៉ុប ត្រូវ​តែ​រក​ឃើញ​ទំនុក​ចិត្ត​​ថ្មី ទើប​បាន​សម្រេច​ធ្វើ​តេស្ត​មើល​ធនធាន​ដើម និង​វាយ​តម្លៃ​​ហានិភ័យ​ព្រមទាំង​​សមត្ថភាពរបស់​​គ្រប់ធនាគារនៃ​​ប្រទេស​ជា​សមាជិក​ទាំង​អស់​ ថា​មានភាព​ធន់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ឬ​ហិរញ្ញវត្ថុ​ជា​យថាហេតុ​ប៉ុណ្ណា តាំង​ពី​ខែ​តុលា ២០១៣​មក។ សូម្បី​តែ​ធនាគារ​អង់គ្លេស ស៊ុយអែត ឬ​ប៉ូឡូញ ក៏​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នេះ​ដែរ។ កម្មវត្ថុ​នៃ​ប្រតិបត្តិការ​ផ្ទៀង​ផ្ទាត់​តុល្យការ​​ធនាគារ​នេះ មាន​បី ៖ តម្លាភាព ធ្វើ​ឱ្យ​មាន​តុល្យការ​ស្អាត​ស្អំ និង​ស្តារ​ទំនុក​ចិត្ត​ឱ្យ​ធនាគារ​នៃ​តំបន់​អឺរ៉ូ។ ​

នៅក្នុង​ចំណោម​ធនាគារ​ទាំង​១៣០ ដែល​មាន​តុល្យការ​សរុប ជាង ៣០ពាន់​លាន​អឺរ៉ូ ឬ​ធនាគារ​ធំ​ជាង​បី​ដំបូង​របស់​ប្រទេស តំណាង​ឱ្យ​៨៥%​នៃ​ប្រព័ន្ធ​ធនាគារ​តំបន់​អឺរ៉ូ មាន​តែ​២៥​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា មាន​ជាអាទិ៍ ធនាគារ​អ៊ីតាលី ៩ ក្រិក​បី ស៊ីប​បី ព័រទុយហ្កាល់ និងក៏​មាន​ដែរ​ធនាគារ​មួយ​របស់​អាល្លឺម៉ង់។ ជា​សរុប ធនាគារ​កណ្តាល​អឺរ៉ុប​វាយ​តម្លៃ​ថា ធនាគារ​មាន​បញ្ហាទាំង​អស់ ត្រូវ​ការ​បន្ថែម​ដើម​ទុន​២៥​ពាន់​លានអឺរ៉ូ ។

នៅ​ប្រទេស​បារាំង​ ធនាគារ​ធំៗ​ទាំង​១៣ ដែល​តំណាង​ឱ្យ​៩៥%​នៃ​ធនធាន​ធនាគារ​ទាំង​មូល​ មាន​ទាំង​គុណភាព​ និង​សមត្ថភាព​ អាច​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ខ្លាំង​បាន​ ប្រសើរ​លើស​ដៃគូ មួយ​ចំនួន​ផង។ ធនាគារ​កណ្តាលអឺរ៉ុប បាន​លើក​សេណារីយោ​ដ៏​អាក្រក់​បំផុត​មក​ដាក់​ឱ្យ​បារាំង ដោយ​គិត​ថា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ២០១៤-១៥ បារាំង​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ ហើយ​នៅ​ពេញ​មួយ​ឆ្នាំ​២០១៦ បារាំង​មាន​បរិត្តផរណា អត្រា​អ្នក​អត់​ការងារ​ធ្វើ​ឡើង​ដល់ ១២,២% ក្នុង​ឆ្នាំ​២០១៦។ អត្រា​ការប្រាក់​រយៈ​ពេល​១០​ឆ្នាំ​បាន​ឡើង​មួយ​ជា​បី ពី ១,២%​នៅ​ឆ្នាំ​នេះ ទៅ ៣,៨%​នៅ​ឆ្នាំ​២០១៦។ តម្លៃ​អចលនទ្រព្យ​​ដាំ​ក្បាល​ចុះ​អស់​៣០%​។ ក្នុង​សេណារីយោដ៏​អាក្រក់​​បែប​នេះ ធនាគារ​មួយ​ភាគ​ធំ​ត្រូវ​បិទ​ទ្វារ​ ឬ​ដាក់​បញ្ចាំ​ ប៉ុន្តែ​ធនាគារបារាំង​នៅ​អាច​ទប់​ទល់​ ​បាន​ទៀត ! មាន​តែ​ធនាគារ​មួយ​ប៉ុណ្ណោះ ដែល​ធន់​មិន​បាន តែ​ការ​បន្ថែម​ដើម​ទុន​​កាលពី​ចុង​ឆ្នាំ​២០១៣ បាន​ស្តារ​មុខ​​រួច។ មិន​តែប៉ុណ្ណោះ ប្រសិន​បើ​មាន​ករណី​ត្រូវ​វាយតម្លៃ​ប្រាក់​ទុន​ឡើង​វិញ​ដំឡើង​ឱ្យ​ដល់ ៨%​ដូច​ការ​ចង់​បាន​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ធនាគារ​បារាំង​មាន​​ដល់​ទៅ​១១,៤៩​% ពោល​គឺ​ស្ថិត​នៅ​ខ្ពស់​ជាង​កំរិត​អប្បបរិមា​ឆ្ងាយ​ណាស់។

បារាំង​បាន​ឆ្លង​កាត់​វិញ្ញាសា​ ដោយ​ជោគជ័យ ចុះ​សួរ​ថា បើ​ធនាគារ​មួយ​មិន​អាច​​ឆ្លង​កាត់​Stress test ​របស់​ធនាគារ​កណ្តាលអឺរ៉ុប​បាន តើ​មាន​ផល​វិបាក​យ៉ាងណា ? ទីមួយ​គឺ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ភ្លាម ទីផ្សារ​ភាគហ៊ុន​ធនាគារ​ឬ​ប្រទេស​នោះ អាច​ធ្លាក់​ចុះ។ ធនាគារ​ជាប់​ឈ្មោះ​អាក្រក់ មាន​ពេល​ពីរ​សប្តាហ៍​​សម្រាប់​លើក​គម្រោង​ជូន​ធនាគារ​កណ្តាល​អឺរ៉ុប អំពី​ផែនការ​ចាក់​បញ្ចូល​បន្ថែម​ដើម​ទុន​ និង​មាន​ពេល​៦​ខែ​សម្រាប់​បំពេញផែនការ​នោះ។ ហើយ​ប្រសិន​បើ​តម្រូវការ​ទុន​ផ្ទាល់​មិន​អាច​បង្គ្រប់​​ទីផ្សារ​បា​ន​ទេ នោះ​នឹង​មាន​វិបត្តិ ម្ចាស់​ភាគ​ហ៊ុន​ត្រូវ​ចូល​រួម​ចំណែកដែរ។ ហើយ​ប្រសិន​ឈាន​ដល់​ថ្នាក់​ត្រូវ​ការ​ជំនួយ​សាធារណៈ​ទៀត ធនាគារ​នោះ​ត្រូវ​ស្នើ​សុំ​​ការ​ព្រមព្រៀង​ពី​សហភាព​អឺរ៉ុប ដែល​មាន​វិធាន​តឹង​តែង​ណាស់ មិន​ចេះ​តែ​យល់​ព្រម​ឱ្យ​​​រដ្ឋ​ចូល​ជួយ​​ធនាគារ​ដោយ​ងាយៗ​ឡើយ។ ប៉ុន្តែ​នេះ​ជា​ដំណើរ​ការ​វែង​ឆ្ងាយ​ទៀត ពេលវេលា​ដែល​អឺរ៉ុប​ត្រូវ​ស្វែង​រក​មូលនិធិ​សម្រាប់​ដំណោះស្រាយថ្នាក់​​អឺរ៉ុប​ មិន​ទាន់​មក​ដល់​ទេ ទាល់​តែ​ឆ្នាំ​២០១៦​ទើប​មូលនិធិ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទំហំ ៥៥​ពាន់​លាន​អឺរ៉ូ​ នឹង​ចូល​ជា​ធរមាន និង​ដោយ​បន្តិច​ម្តងៗ។

យ៉ាងណា​ក៏​ដោយ​ ការ​ធ្វើ​តេស្ត​សាកល្បង​មើល​សមត្ថភាព​របស់​ធនាគារ​​នៅ​ពេល​នេះ បាន​ផ្តល់​ទំនុក​ចិត្ត​ខ្លាំង​ដល់​ធនាគារ​កណ្តាល​អឺរ៉ុប​ ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នកត្រួត​ត្រា​​ផ្ទាល់​ធនាគារ​ទាំង​១៣០​នៅ​ក្នុង​តំបន់ ព្រោះ​ការ​ត្រួត​ពិនិត្យ​នេះ​ដៅ​មើល​តុល្យការ​របស់​ធនាគារយ៉ាង​​ល្អិត​ល្អន់។ ធនាគារ​កណ្តាល​អឺរូប​បាន​​ចំណាយ​ទាំងធនធាន​មនុស្ស ទាំង​​ហិរញ្ញវត្ថុ​យ៉ាង​សន្ធឹក​សន្ធាប់​ ក្នុង​បំណង​តែ​មួយ គឺ​ទាញ​ឱ្យ​ខាង​តែ​បាន​ព័ត៌មាន​លម្អិត។ លើស​ពី​នេះ​ទៅ​ទៀត ធនាគារ​កណ្តាល​អឺរ៉ុប គ្រោង​នឹង​ធ្វើ​តេស្ត​បែបនេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បីជួយ​ធនាគារ​ឱ្យ​ឈរ​នឹង​ល្អ និង​​ធ្វើ​យ៉ាង​ណា​បញ្ចៀស​កំហុស​អតីត​កាល (វិបត្តិ​ហិរញ្ញវត្ថុ​ ឬ​វិបត្តិ​ធនាគារ​ក្ស័យ​ធន​ដូច​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០០៩) ឱ្យ​បាន​។ មាន​តុល្យការច្បាស់​លាស់​នៅនឹង​ដៃ​ ជា​គោលការណ៍​គឺ​អាច​ជួយ​សម្រួល​ស្ថានការ​ណ៍​បាន​ច្រើន មិន​ថា​ក្នុង​លក្ខណៈ​​​ត្រៀម​រៀប​ចំ​ខាត​ ឬ​ការ​​រុះ​រើ​រចនា​សម្ព័ន្ធឡើង​វិញ​​ ឬ​ការក្ស័យធន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ