អានតួអត្ថបទ
កូរ៉េខាងត្បូង

សាឡាង​លិច៖ ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​ទង្វើ​របស់​ក្រុមនាវិក​ប្រៀបបាន​នឹង "អំពើឃាតកម្ម"

នៅថ្ងៃ​ចន្ទ​នេះ លោកស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ថ្កោលទោស​​យ៉ាង​ខ្លាំងៗ ចំពោះ​ទង្វើ​របស់​អ្នកបើកបរ និង​អ្នក​បម្រើការ​លើ​សាឡាង​ដែល​លិច កាលពីសប្តាហ៍​មុន​ ដោយប្រៀបប្រដូច​ទង្វើ​អស់ទាំងនោះ​ថា​ជា​ “អំពើឃាតកម្ម”។ នៅថ្ងៃ​ចន្ទ​នេះ​ដែរ ​បុគ្គលិក​បម្រើការ​លើ​សាឡាង ចំនួន ៤រូ​ប​ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ហើយ​កិច្ចសន្ទនា​រវាង​នាវិក និង​អ្នក​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវសមុទ្រ ត្រូវបាន​គេ​ចេញផ្សាយ​ជាសាធារណៈ។

លោកស្រី​ប្រធានាធិបតី​ ប៉ាក់ គុនហេ នៅពេល​ចុះទៅមើល​ទីតាំង​លិចសាឡាង កាលពីថ្ងៃ​ទី១៧ មេសា ២០១៤
លោកស្រី​ប្រធានាធិបតី​ ប៉ាក់ គុនហេ នៅពេល​ចុះទៅមើល​ទីតាំង​លិចសាឡាង កាលពីថ្ងៃ​ទី១៧ មេសា ២០១៤ REUTERS/Yonhap
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​ជំនិតៗ នៅ​ថ្ងៃ​ចន្ទ​នេះ លោកស្រី​ប៉ាក់ គុនហេ បាន​លើកឡើង​ថា ព័ត៌មាន​ដែល​គេ​ទទួលបាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ប្រធានក្រុម​នាវិកសាឡាង​មានការ​យឺតយ៉ាវ​ក្នុងការ​ជម្លៀស​អ្នក​ដំណើរ​ចេញ​ នៅ​ពេល​សាឡាង​ចាប់ផ្តើម​លិច ហើយ​នៅ​ពេល​ដែល​ស្ថានភាព​កាន់តែ​ដុនដាប ប្រធានក្រុម​នាវិក​ និង​សហការីមួយចំនួន​បែរជា​បាន​​​នាំគ្នា​រត់ចោល​អ្នក​ដំណើរ យករួចជីវិតតែ​ខ្លួនឯង។

ការឆ្លើយឆ្លងគ្នា តាមវិទ្យុទាក់ទង រវាង​ក្រុមនាវិក​សាឡាង និង​អ្នក​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​សមុទ្រ ដែល​ត្រូវ​បាន​គេ​ចេញផ្សាយ​ជា​សាធារណៈ​ បង្ហាញ​ថា ក្រុមនាវិក​សាឡាង​បាន​ពន្យារពេល​​រហូតដល់​ទៅ ៤០នាទី ទើប​ចេញ​បញ្ជា​ឲ្យ​អ្នក​ដំណើរ​ភៀសខ្លួន​ចេញ​ពី​សាឡាង ហើយ​​​នៅពេលនោះ សាឡាង​បាន​ផ្អៀងខ្លាំង​ស្ទើរតែ​ក្រឡាប់​ទៅហើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជាច្រើន​មិន​អាច​ចេញ​ពី​សាឡាង​រួច។

លោកស្រី​ប៉ាក់ គុនហេ បាន​​លើកឡើង​ថា អ្នកដែល​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

គួរបញ្ជាក់ថា ប្រធានក្រុម​នាវិក ព្រមទាំង​អ្នក​បើក​បរ​សាឡាង​មួយរូប​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាល​ពីថ្ងៃ​សៅរ៍ ហើយ​នាវិក​ចំនួន ៤រូប​ផ្សេងទៀត ត្រូវ​បាន​ចាប់ខ្លួន នៅថ្ងៃ​ចន្ទ​នេះ។

ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​​​ក៏​ត្រូវ​ទទួលរង​នូវការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ ពី​សំណាក់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដោយ​ពួកគេ​​ទទួលរង​ការ​ចោទប្រកាន់​ថាមាន​ភាព​យឺតយ៉ាវ ក្នុង​​ការ​ចូល​ទៅ​ជួយ​សង្រ្គោះ​អ្នក​ដំណើរ ដែល​ជាប់​ក្នុង​សាឡាង។

គួរបញ្ជាក់ផងដែរ​ថា ការលិចសាឡាង កាល​ពីថ្ងៃ​ពុធ​សប្តាហ៍​មុន​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៤នាក់ ក៏ប៉ុន្តែ ចំនួន​នេះ​អាច​នឹង​កើនឡើង​យ៉ាង​ច្រើន​ទៀត ដោយសារ​តែ​រហូត​មក​ទល់​នឹង​ពេលនេះ នៅ​មាន​អ្នក​ដំណើរ​ចំនួន ២៣៨​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ