កូរ៉េខាងត្បូងធ្វើសមយុទ្ធក្បែរព្រំដែនទោះបីមានការគំរាមពីកូរ៉េខាងជើង

នៅថ្ងៃចន្ទនេះ កងម៉ារីនរបស់កូរ៉េខាងត្បូងបានបើកធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង។ កាលពីម្សិលមិញ កូរ៉េខាងជើងបានគំរាមថានឹងបាញ់តបតវិញ ប្រសិនបើមានគ្រាប់ផ្លោងណាមួយរបស់កូរ៉េខាងត្បូងធ្លាក់ចូលក្នុងទឹកដីរបស់កូរ៉េខាងជើង។
សមយុទ្ធរបស់កងម៉ារីនកូរ៉េខាងត្បូងបានប្រព្រឹត្តទៅរយៈពេល ប្រមាណជាពីរម៉ោង នៅព្រឹកថ្ងៃចន្ទនេះ ទោះបីជាមានការគំរាមពីសំណាក់កូរ៉េខាងជើង កាលពីម្សិលមិញ។
កូរ៉េខាងជើងតែងតែចាត់ទុករាល់សមយុទ្ធរបស់កូរ៉េខាងត្បូងថា ជាការសមជើង ដើម្បីត្រៀមវាយលុកឈ្លានពានចូលក្នុងកូរ៉េខាងជើង។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានហៅសមយុទ្ធរបស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃចន្ទនេះថា ជាចេតនាបង្កហេតុមួយ ហើយព្រមានថា នឹងធ្វើការបាញ់តបតវិញប្រសិនបើមានគ្រាប់ផ្លោងណាមួយធ្លាក់ក្នុងទឹកដីរបស់ខ្លួន។ កូរ៉េខាងជើងក៏បានរំឭកផងដែរដល់កូរ៉េខាងត្បូង អំពីហេតុការណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ ដែលកាលណោះ កងទ័ពកូរ៉េខាងជើងបានបាញ់ផ្លោងលើកោះមួយរបស់កូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។
មន្រ្តីកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងពេលធ្វើសមយុទ្ធ នៅព្រឹកមិញនេះ ជនស៊ីវិលប្រមាណ ១ ៤០០នាក់ ដែលរស់នៅលើកោះជាប់ព្រំដែនជាមួយកូរ៉េខាងជើង ត្រូវបានគេជម្លៀសទៅជ្រកក្នុងជម្រកការពារគ្រាប់ផ្លោង។ កងទ័ពកូរ៉េខាងត្បូងទាំងអស់ត្រូវបានដាក់ក្នុងស្ថានភាពប្រុងជើងការ ក៏ប៉ុន្តែ នៅក្នុងទឹកដីកូរ៉េខាងជើង គេមិនបានសង្កេតឃើញមានចលនាទ័ពខុសពីធម្មតានោះទេ។
គួរបញ្ជាក់ឡើងវិញថា ចាប់តាំងពីក្រោយសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ រហូតមកទល់ពេលនេះ កូរ៉េខាងទាំងពីរនៅមិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនេះ នៅឡើយទេ។
អ្នកជំនាញខាងកិច្ចការកូរ៉េខ្លះយល់ថា កូរ៉េខាងត្បូងមិនគួរធ្វើសមយុទ្ធ នៅក្នុងពេលនេះទេ ពីព្រោះថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ចាប់តាំងពីក្រោយមរណភាពរបស់លោកគីម ជុងអ៊ីលមក។ គេបារម្ភថា លោកគីម ជុងអ៊ុន ដែលជាមេដឹកនាំថ្មីរបស់កូរ៉េខាងជើងអាចនឹងធ្វើការតបតទៅនឹងរាល់សកម្មភាពយោធារបស់កូរ៉េខាងត្បូង ដើម្បីបង្ហាញឲ្យគេឃើញថា គាត់មិនមែនជាមេដឹកនាំទន់ជ្រាយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ