ប៉ូលិសកូរ៉េខាងត្បូងរារាំងមិនឲ្យសកម្មជនបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង

នៅថ្ងៃចន្ទនេះ ប៉ូលិសកូរ៉េខាងត្បូងបានរារាំងសកម្មជនមិនឲ្យបង្ហោះប៉េងប៉ោង ដែលមានខិត្តប័ណ្ណប្រឆាំងនឹងរបបដឹកនាំកូរ៉េខាងជើង ក្រោយពីកូរ៉េខាងជើងបានព្រមានប្រើកម្លាំងទ័ពវាយប្រហារលើទីតាំងបង្ហោះសារ។ ការរារាំងមិនឲ្យបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនេះ គឺជារឿងដ៏កម្រនឹងឃើញមាន នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី លី ម្យ៉ុងបាក់ ហើយក្រុមសកម្មជនបានរិះគន់លោកលី ម្យ៉ុងបាក់ថាជាមនុស្សកំសាក ខ្លាចការគំរាមរបស់កូរ៉េខាងជើង។
គម្រោងបង្ហោះខិត្តប័ណ្ណឃោសនាប្រឆាំងនឹងរបបកុម្មុយនិស្តក្រុងព្យុងយ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយសកម្មជន ដែលជាជនភៀសខ្លួនពីកូរ៉េខាងជើង ហើយកំពុងរស់នៅជ្រកកោន ក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេគ្រោងបង្ហោះប៉េងប៉ោង ផ្ទុកខិត្តប័ណ្ណប្រមាណជា ២០ម៉ឺនសន្លឹក ដែលមានអត្ថន័យបរិហារអំពីរបបដឹកនាំផ្តាច់ការបន្តត្រកូលរបស់កូរ៉េខាងជើង ហើយអំពាវនាវឲ្យប្រជាជនកូរ៉េខាងជើងងើបឡើងប្រឆាំងនឹងរបបផ្តាច់ការនេះ។ ខិត្តប័ណ្ណទាំងនេះក៏មានសរសេរអំពីចលនាបះបោររបស់ប្រជាជននៅតាមបណ្តាប្រទេសអារ៉ាប់ផងដែរ។
តាមគម្រោងខិត្តប័ណ្ណទាំងនេះត្រូវបង្ហោះចេញពីភូមិមួយជាប់នឹងព្រំដែន។ ក៏ប៉ុន្តែ នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ប៉ូលិសកូរ៉េខាងត្បូងបានដាក់របាំងបិទផ្លូវ នៅចម្ងាយប្រមាណជា ៤គីឡូម៉ែត្រពីទីតាំងបង្ហោះ ដើម្បីរារាំងសកម្មជនប្រឆាំងកូរ៉េខាងជើង។
មន្រ្តីប៉ូលិសកូរ៉េខាងត្បូងបានអះអាងថា ការរារាំងមិនឲ្យបង្ហោះខិត្តប័ណ្ណនេះត្រូវបានធ្វើឡើង ដោយមានការបារម្ភអំពីសន្តិសុខ ដោយសារតែ កាលពីថ្ងៃសុក្រ កូរ៉េខាងជើងបានប្រកាសគំរាមថា ឲ្យតែមានខិត្តប័ណ្ណណាមួយហោះឆ្លងព្រំដែន ចូលទៅខាងទឹកដីកូរ៉េខាងជើង កងទ័ពកូរ៉េខាងជើងនឹងបើកការវាយប្រហារទៅលើទីតាំងបង្ហោះខិត្តប័ណ្ណនេះភ្លាម។
គួរបញ្ជាក់ថា កន្លងមក ការបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនេះធ្លាប់ត្រូវបានធ្វើជាច្រើនលើករួចមកហើយ។ កូរ៉េខាងជើងក៏តែងតែបញ្ចេញប្រតិកម្ម ថ្កោលទោសចំពោះទង្វើនេះដែរ ក៏ប៉ុន្តែ មិនដែលគំរាមច្បាស់ៗថានឹងបើកការវាយប្រហារទៅលើទីតាំងបង្ហោះខិត្តប័ណ្ណ ដូចជា ពេលនេះទេ។
ពីខាងកូរ៉េខាងត្បូងវិញ រដ្ឋាភិបាលក៏តែងតែបានព្យាយាមរារាំងមិនឲ្យបង្ហោះខិត្តប័ណ្ណនេះដែរ នាពេលកន្លងមក ក៏ប៉ុន្តែ ការរារាំងរហូតដល់ទៅ ដាក់ពង្រាយកម្លាំងប៉ូលិស បិទផ្លូវមិនឲ្យសកម្មជនចូលទៅក្បែរព្រំដែនដូចថ្ងៃនេះ គឺជារឿងដែលកម្រនឹងឃើញមាន។ ជាពិសេស វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ដែលកូរ៉េខាងត្បូងចាត់វិធានការតឹងរ៉ឹងបែបនេះ នៅក្រោមអាណត្តិរបស់លោកលី ម្យ៉ុងបាក់ ដែលតែងតែប្រកាន់យកជំហរតឹងរ៉ឹងចំពោះកូរ៉េខាងជើង។
សកម្មជន ដែលជាអ្នករៀបចំការបង្ហោះខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងនៅថ្ងៃនេះ បានរិះគន់លោកលី ម្យ៉ុងបាក់ថា ជាមេដឹកនាំដ៏កំសាក ដែលចាញ់ការគំរាមរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយឲ្យដឹងថា នៅក្រោយពីមានការគំរាមរបស់កូរ៉េខាងជើង កងទ័ពកូរ៉េខាងត្បូងត្រូវបានដាក់ឲ្យស្ថិតក្នុងលក្ខណៈប្រុងជើងការកម្រិតខ្ពស់ ហើយកងរថក្រោះ និងកងកាំភ្លើងធំមួយចំនួន ក៏ត្រូវបានកូរ៉េខាងត្បូងដាក់ពង្រាយបន្ថែមទៅកាន់តំបន់ព្រំដែនដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ