នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំ ដោយមិនមានចេញសេចក្តីថ្លែងការណ៍រួម ដែលជារឿងមិនធ្លាប់មាន នៅក្នុងប្រវត្តិ ៤៥ឆ្នាំ របស់អាស៊ាន។ ភាពប្រេះឆាគ្នានេះ កើតឡើងដោយសារតែជម្លោះនៅសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន។ ជម្លោះ ដែលមិនត្រឹមតែជាឧបសគ្គក្នុងទំនាក់ទំនងអាស៊ាន-ចិនប៉ុណ្ណោះទេ សូម្បីតែទំនាក់ទំនងរវាងសមាជិកអាស៊ានគ្នាឯង ក៏កំពុងតែប្រឈមមុខនឹងការបាក់បែកដ៏គួរឲ្យបារម្ភដែរ។
នៅក្នុងចំណោមសមាជិកទាំង ១០ របស់អាស៊ាន មានប្រទេស ចំនួន ៤ គឺ វៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និងព្រុយណេ ដែលកំពុងមានជម្លោះជាមួយចិន ក្នុងការដណ្តើមកោះ នៅក្នុងសមុទ្រចិនខាងត្បូង។
ប្រទេសទាំង ៤នេះ តែងតែទាមទារចង់ឲ្យយកបញ្ហាសមុទ្រចិនខាងត្បូងនេះ ទៅដោះស្រាយ ក្នុងក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ចិន ពីព្រោះថា អាស៊ាន ១០ប្រទេស អាចទប់ទល់ជាមួយមហាយក្សចិនបានស្រួលជាងចរចាដាច់ដោយឡែកពីគ្នា។
កាលពីឆ្នាំ២០០២ ក្រមប្រតិបត្តិ (Code of Conduct) សមុទ្រចិនខាងត្បូង ត្រូវបានចុះហត្ថលេខា នៅទីក្រុងភ្នំពេញ រវាងអាស៊ាន និងចិន ដើម្បីជំរុញឲ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី ចៀសវាងការប៉ះទង្គិចគ្នាដោយអំពើហិង្សា។ ១០ឆ្នាំក្រោយមក អាស៊ានគ្រោងបង្កើតសេចក្តីព្រាងក្រមប្រតិបត្តិថ្មីមួយទៀត ដែលមានកម្លាំងផ្លូវច្បាប់ខ្លាំងជាងមុន ហើយប្រទេសសមាជិកអាស៊ានបានព្រមព្រៀងគ្នា កាលពីដើមសប្តាហ៍នេះ ថានឹងយកសេចក្តីព្រាងក្រមប្រតិបត្តិថ្មីនេះ ទៅចរចាជាមួយចិន។
ក៏ប៉ុន្តែ ភាពចម្រូងចម្រាសនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន រហូតដល់មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន នៅថ្ងៃសុក្រនេះ បង្ហាញថា អាស៊ានពិបាកនឹងរកជំហររួមគ្នា ជុំវិញជម្លោះសមុទ្រចិនខាងត្បូង។ ហើយនេះ គឺជាដំណឹងល្អមួយ សម្រាប់ចិន ពីព្រោះ តាំងពីដើមមក ចិនតែងតែទាមទារឲ្យដោះស្រាយជម្លោះនេះ ក្នុងក្របខ័ណ្ឌទ្វេភាគី រវាងចិន និងប្រទេសជាប់ជម្លោះនីមួយៗ ដាច់ដោយឡែកពីគ្នា ដោយមិនឲ្យពាក់ព័ន្ធជាមួយអាស៊ាន ឬយន្តការអន្តរជាតិណាមួយផ្សេងទៀត។
ការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងថ្មីក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ ចិនបានព្រមព្រៀងជាគោលការណ៍ថានឹងចរចា ជុំវិញក្រមប្រតិបត្តិថ្មី ដែលស្នើឡើងដោយអាស៊ាន ហើយការចរចានេះអាចនឹងចាប់ធ្វើ នៅខែកញ្ញាខាងមុខ។ ក៏ប៉ុន្តែ បើទោះជាចិនពិតជាសុខចិត្តចរចាមែន ក៏គេមិនរំពឹងថា នឹងអាចចេញជាលទ្ធផលអ្វីធំដុំនោះដែរ ពីព្រោះ បើចិនមើលទៅឃើញថាអាស៊ានមិនអាចរួមគ្នាជាធ្លុងមួយក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះទេ ចិននឹងមិនឃើញមានសម្ពាធអ្វី ដែលតម្រូវឲ្យចិនទទួលយកក្រមប្រតិបត្តិថ្មីនេះទេ។
អ្វីដែលកាន់តែគ្រោះថ្នាក់ធំទៅទៀត សម្រាប់អនាគតអាស៊ាន គឺនៅត្រង់ថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ មិនមែនត្រឹមតែជាបញ្ហារវាងអាស៊ាន និងចិនប៉ុណ្ណោះទេ វាអាចនឹងក្លាយទៅជាបញ្ហាចម្រូងចម្រាស ដែលនាំឲ្យមានការបែកបាក់ផ្ទៃក្នុង រវាងសមាជិកអាស៊ានគ្នាឯង ហើយអាចបង្កជាឧបសគ្គដល់កិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងវិស័យផ្សេងទៀត។
វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង គឺជាកត្តាមួយទៀត ដែលអាចជំរុញឲ្យមានការបែកបាក់គ្នាកាន់តែខ្លាំង ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ជម្លោះសមុទ្រចិនខាងត្បូង កំពុងតែជំរុញឲ្យប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជា ហ្វ៊ីលីពីន និងវៀតណាម ជាដើម ព្យាយាមរឹតបន្តឹងទំនាក់ទំនងកាន់តែខ្លាំងជាមួយអាមេរិក ដើម្បីទប់ទល់ជាមួយចិន។ នៅទីបំផុត អាស៊ានអាចនឹងត្រូវប្រឈមមុខនឹងការពុះចែកជាពីរ រវាងម្ខាងក្រុមប្រទេសស្និទ្ធនឹងអាមេរិក ហើយម្ខាងទៀត ប្រទេសស្និទ្ធនឹងចិន។
ជាក់ស្តែង យើងឃើញថា ចំពោះបរាជ័យរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងការចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃសុក្រនេះ ហ្វ៊ីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានចោទប្រកាន់ ដោយប្រើពាក្យសម្តីធ្ងន់ៗ ទៅលើកម្ពុជា ដែលជាប្រធានអាស៊ាន ហើយដែលគេមើលឃើញជាទូទៅថាជាសម្ព័ន្ធមិត្តរបស់ចិន ថាជាអ្នករាំងខ្ទប់មិនឲ្យសេចក្តីថ្លែងការណ៍នេះចេញរួច។ ក្រៅពីនេះ គេឃើញមានមន្រ្តីការទូតអាស៊ានខ្លះទៀត ដែលនិយាយដោយមិនបញ្ចេញឈ្មោះ ចោទកម្ពុជាថាបានធ្វើតម្រូវចិត្តចិន។
កម្ពុជាត្រូវបានគេមើលឃើញជាទូទៅថា ទទួលឥទ្ធិពលខ្លាំងបំផុតពីចិន ដែលផ្តល់ដល់កម្ពុជា ទាំងការគាំទ្រផ្នែកនយោបាយ និងជំនួយផ្នែកហិរញ្ញវត្ថុ។ ដូច្នេះ បើទោះជាភាពពិតជាក់ស្តែង កម្ពុជាមិនទទួលបញ្ជា ឬមិនទទួលសម្ពាធអ្វីពីចិនក៏ដោយ កម្ពុជាពិបាកនឹងចៀសផុត ពីការចោទប្រកាន់ថាជាកូនអុករបស់ចិន។ ហើយនេះគឺជាឧបសគ្គដ៏ធំបំផុត សម្រាប់កម្ពុជា ក្នុងការដើរតួជាអ្នកសម្របសម្រួល ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ