អានតួអត្ថបទ
ជប៉ុន-ឥណ្ឌា

ជប៉ុន-​ឥណ្ឌា​ បើក​ជំនួប​កំពូល​​ពង្រឹង​មិត្តភាព​ដើម្បី​ប្រឈម​នឹង​ចិន

​លោក​ នរិន្ទ្រ ម៉ូឌី នាយក​រដ្ឋមន្ត្រីឥណ្ឌា បាន​ផ្តើម​​​ទស្សនកិច្ច​​ក្រៅ​ប្រទេស​លើក​ទី​មួយ ​រយៈ​ពេល​៥​ថ្ងៃ ​ នៅ​ប្រទេស​ជប៉ុន តាំង​ពី​ថ្ងៃ​សៅរ៍​ទី ៣០​សីហាមក។ ក្រោយ​ពី​បាន​សម្តែង​ភាព​ល្អូកល្អើន​ ចាក់​ទឹក​មិនលិច​ដាក់​គ្នា​មក​ និង​ការ​ទទួល​ស្វាគមន៍​យ៉ាងពិសេស​​ពី​សំណាក់​ម្ចាស់​ផ្ទះ​មក នៅ​​ថ្ងៃ​នេះនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ​និង​សមភាគី​ជប៉ុន លោក​ស៊ីនហ្សូ​អាបេ បានពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​ នៅ​ក្នុង​ជំនួប​​ ជប៉ុន-ឥណ្ឌា នៅ​ទីក្រុង​តូក្យូ ដើម្បី​ពង្រឹង​​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ផង និង​រឹត​ចំណង​សម្ព័ន្ធភាព​តំបន់​ សម្រាប់​ប្រឈម​នឹង​ចិន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ និង​ឥណ្ឌា​ ក្នុង​ពិធី​បើក​ជំនួប​កំពូល​នៅ​ទីក្រុង​តូក្យូ ថ្ងៃ​ទី ១ កញ្ញា ២០១៤
នាយក​រដ្ឋមន្ត្រី​ជប៉ុន​ និង​ឥណ្ឌា​ ក្នុង​ពិធី​បើក​ជំនួប​កំពូល​នៅ​ទីក្រុង​តូក្យូ ថ្ងៃ​ទី ១ កញ្ញា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​​ផ្លូវការ​ឥណ្ឌា​-ជប៉ុន បានចាប់​ផ្តើម​ នៅ​ថ្ងៃ​ចន្ទ​ទី ១ កញ្ញា​នេះ  ! ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​សង្ឃឹម​និង​ស្រុះ​ស្រួល​គ្នា​ថា​នឹង​ប្រែក្លាយ​ចំណង​មិត្តភាព​​ល្អិត​ល្មួត​នេះ​ទៅ​ជាលទ្ធផល​ជាក់ស្តែង។

 

លើ​ផ្នែកការទូត ចិន​គឺ​ជា​តំណាង​ការ​គំរាមកំហែង​រួម និង​ជា​ភាគី​​ជម្លោះ​រួម​ ក្នុង​បញ្ហា​ដែនដី។ ក្នុង​ន័យ​នេះ បើ​តាម​សារព័ត៌មាន​ជប៉ុន​ តូក្យូ និង​ញូវដែលី គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​​រចនា​សម្ព័ន្ធ “ពីរបូកពីរ” សម្រាប់​​​ពិគ្រោះ​គ្នា​ ដោយ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ការពារជាតិ​ធ្វើ​ការ​រួម​គ្នា តាម​គំរូ​ដែល​ជប៉ុន​ធ្លាប់​ធ្វើ​ជា​មួយ​សហរដ្ឋ​អាមេរិក អូស្ត្រាលី រុស្ស៊ី​និង​បារាំង។ គំនិត​ផ្តួច​ផ្តើម​នេះ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន ដែល​តែង​ព្រួយ​បារម្ភ​រហូត​មក​​ចំពោះ​ការ​ស្ទុះ​ឡើង​​ខ្លាំង​ផ្នែក​អំណាច​យោធា​ចិន។

“ជប៉ុន​និង​ឥណ្ឌា ត្រូវ​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍន៍​តាមបែប​សន្តិនិយម មិន​មែន​បែប​ឈ្លានពាន​ដូច​សម័យ​សតវត្សរ៍​ទី ១៨​ ដណ្តើម​យក​ទឹក យក​ដី​ជាតិ​ផ្សេង​ឡើយ”! នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​មូឌី ដែល​សំដៅ​វាយប្រហារ​ចិន​បែប​បញ្ឆិត​បញ្ឆៀង និង​ដែល​បន្ថែម​ទៀត​ថា “​ប្រសិន​បើ​អាស៊ី​ត្រូវ​ធ្វើ​ជា​មេ​នៅ​សតវត្សរ៍​ទី​២១ គឺ​ជប៉ុន​និង​ឥណ្ឌា​ជា​អ្នក​ចង្អុល​ផ្លូវ!

លើ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិញ ដែល​ជា​កម្មវត្ថុ​ចម្បង​នៃ​ទស្សនកិច្ច​នៅ​ជប៉ុន​លើក​នេះ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​អាច​ត្រឡប់​ចូល​ស្រុក​វិញ​ជាមួយ​នឹង​កញ្ចប់​​ប្រាក់​កម្ចី​ការប្រាក់​ថោក ប្រមាណ​៣៦៤​លាន​អឺរ៉ូ សម្រាប់​ស្ថាបនា ​ផ្លូវ​ដែក ផ្លូវ​ថ្នល់​និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម។ កិច្ច​សន្យា​ជា​ច្រើន​ទៀត​អាច​នឹង​ត្រូវ​ព្រមព្រៀង​គ្នា ព្រោះ​ជប៉ុន​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​លើ​ពិភពលោក​ចង់​បង្កើន​វិនិយោគ​នៅ​ឥណ្ឌា​ឱ្យ​បាន​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។ ក្នុង​នោះ​ក្រុមហ៊ុន​ឯកទេស​អេឡិច​ត្រូនិច​ជប៉ុន គ្រោង​នឹង​ធ្វើ​វិនិយោគ​នៅ​ឥណ្ឌា​ក្នុង​ទឹក​ប្រាក់​ប្រមាណ​១០០​ពាន់​លាន​យ៉េន។ នេះ​មិន​និយាយ​អំពី​ការ​ផ្តល់​សន្ទុះ​ឡើង​វិញ​ដល់​ការ​ចរចា​នុយក្លេអ៊ែរ​ស៊ីវិល​ដែល​ជាប់​គាំង​តាំង​ពី​មហន្តរាយ​នៅហ្វូគូស្ហ៊ី​ម៉ា​ និង​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​លោហៈកម្រ​ ដែល​ឥណ្ឌា​អាច​​ជួយ​ជប៉ុន​កុំ​ឱ្យ​រំពឹង​តែ​លើ​ចិន​ខ្លាំង​ពេក​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ