អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​សហភាព​អឺរ៉ុប-អាហ្វ្រិក​ ​ប្រឈម​នឹង​​វត្តមាន​សេដ្ឋកិច្ច​ដ៏​សកម្ម​របស់​អាស៊ី​ នៅ​ទ្វីបអាហ្វ្រិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រុងព្រុចសែល ​ថ្ងៃ​ពុធ​​នេះ​រហូត​ដល់​​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ មានរៀបចំ​ជំនួប​កំពូល​រវាង​សហភាព​អឺរ៉ុប​និង​អាហ្វ្រិក ដែល​មាន​វត្តមាន​ចូលរួម​របស់​មេដឹកនាំ​​អឺរ៉ុប​និង​អាហ្វ្រិក​ជិត​៨០នាក់ ក្នុង​នោះ​ក៏មាន​ប្រធានាធិបតី​បារាំង លោក​ហូឡង់, ប្រធានាធិបតី​រដ្ឋាភិបាល​អន្តរកាល​​​អាហ្វ្រិក​កណ្តាល​ លោកស្រី សាំបា ប៉ាន់ហ្សា, ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​វ៉ាន់ រុំពុយ និង​អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ ​បាន គីមូន​ផងដែរ។ ទិសដៅ​នៃ​ជំនួប​នេះ ជាចំបង​គឺផ្តោត​​លើ​បញ្ហា​អន្តោប្រវេសន៍ សន្តិសុខ និង​ភាព​ជាដៃគូ​សេដ្ឋកិច្ច។ ​ក្នុង​ពេល​ចាប់​ផ្តើម​ជំនួប​ នៅ​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​អឺរ៉ុប​និង​អាហ្វ្រិក​បាន​នាំគ្នា​ពិភាក្សា​​រក​ដំណោះស្រាយ​​វិបត្តិ​ហិង្សា​សម្រាប់​​​អាហ្វ្រិក​កណ្តាល។

ប្រធានាធិបតី​រវ៉ាន់ដា លោក ប៉ូល កាហ្កាមេ (ឆ្វេង) អគ្គលេខា​ធិការ​អ.ស.ប លោក​ បាន គីមូន និង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក វីល្លីយ៉ាំ ហេក នៅ​ក្រុងព្រុចសែល ថ្ងៃ​ពុធ​២មេសា ឆ្នាំ២០១៤។
ប្រធានាធិបតី​រវ៉ាន់ដា លោក ប៉ូល កាហ្កាមេ (ឆ្វេង) អគ្គលេខា​ធិការ​អ.ស.ប លោក​ បាន គីមូន និង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក វីល្លីយ៉ាំ ហេក នៅ​ក្រុងព្រុចសែល ថ្ងៃ​ពុធ​២មេសា ឆ្នាំ២០១៤។ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

បារាំង​ចេញមុខ​ចូលរួម​​រៀបចំការបើក​​ជំនួបពិភាក្សា​​​​​​​ស្តីពី​​​​​អាហ្វ្រិក​កណ្តាល​ ថ្ងៃពុធ​នេះ​ នៅ​​ក្រុង​ព្រុចសែល​ ​​​​

អាហ្វ្រិកកណ្តាល​ធ្លាប់​ស្ថិត​ក្នុង​ដែនអាណានិគម​របស់​បារាំង។ ​បារាំង​មិន​ព្រងើយ​បោះបង់​អាហ្វ្រិក​​កណ្តាល​ដែល​កំពុង​មាន​បញ្ហា​នោះទេ។ ​​ជិត​៥ខែ​មកនេះ​​ ក្នុង​ដំណោះ​ស្រាយ​ជួយ​ការពារ​​សន្តិសុខ​អាហ្វ្រិកកណ្តាល​ គេឃើញ​មាន​តែ​ប្រទេស​បារាំង​ប៉ុណ្ណោះ​​ ជា​ប្រទេស​អឺរ៉ុប​​តែមួយគត់​ដែល​ហ៊ាន​បញ្ជូន​ទាហាន​​ទៅ​អាហ្វ្រិក​កណ្តាល។ ទាហាន​បារាំង​នៅទីនោះ មាន​២០០០នាក់។ ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងៗ​ទៀត ធ្លាប់​បាន​សន្យា​ថា​ ​បញ្ជូន​ទ័ព​ទៅដែរ ប៉ុន្តែ​​​​ឃើញ​តែ​សន្យា​មិនដែល​​ឃើញ​អ្វីជាក់ស្តែង​នោះទេ ទើប​តែ​ម្សិលមិញ​នេះ ពោល​គឺ​​មួយថ្ងៃ​មុន​ជំនួប​អឺរ៉ុប​-អាហ្វ្រិក ថ្ងៃពុធ​​នេះ​​ប៉ុណ្ណោះ ទើប​គេឃើញ​សហភាពអឺរ៉ុប​កម្រើក​ខ្លួន ​ប្រកាស​​​​ធ្វើ​បេសកកម្ម​យោធា​ខ្លួន​ជាផ្លូវការ​ ​ជួយអាហ្វ្រិកកណ្តាល។ ​មុន​ការប្រកាស​​បេសកកម្ម​យោធា​នេះ មានតែ​កងទ័ព​បារាំង​ទេ​ដែល​មានវត្តមាន​នៅអាហ្វ្រិកកណ្តាល​ជួយ​កងកម្លាំង​​ចម្រុះ​អាហ្វ្រិក​​ ទប់ស្កាត់​​​អំពើ​ហិង្សា​​ ​ការ​​ឆក់ប្លន់ ក្នុង​ស្រុក​។ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ សភា​បារាំង​បាន​សម្រេច​​អោយ​យោធា​បារាំង​បន្ត​ប្រតិបត្តិការ​​ការពារ​សន្តិសុខ​​អាហ្វ្រិក​កណ្តាល​ ទោះជា​មាន​ការរិះគន់ថា បារាំង​ផុងខ្លួន​ចាយវាយ​ថវិកា​ជាតិ​ ​ជួយ​អាហ្វ្រិក​កណ្តាល​ តែ​ម្នាក់ឯង​ក៏ដោយ​ចុះ។

បារាំង​ជាប្រទេស​អឺរ៉ុប​ដែល​ស្គាល់​ស្ថានការណ៍​​អាហ្វ្រិក​កណ្តាល​​ច្បាស់លាស់ ប្រៀប​ទៅនឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។បារាំង​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​ផ្តល់​យោបល់ រឺក៏ការ​សម្រេច​ផ្សេងៗ ជួយ​អាហ្វ្រិក​កណ្តាល​។ ការដែលបារាំង​ស្គាល់​ស្ថានភាព​នៅ​អាហ្វ្រិក​កណ្តាល​បែបនេះ ក៏​អាច​ជួយអោយ​បារាំង​​មាន​អាទិភាព​​ក្នុង​ការ​ផ្តល់​យោបល់​​ទាក់ទង​​ការពិភាក្សាបញ្ហា​​​ប្រទេស​អាហ្វ្រិក​​​ផ្សេងៗ​ទៀត​ដែរ។ ​

ទន្ទឹមនេះដែរ ​ការពិភាក្សា​ក្នុង​ជំនួប​កំពូល​ថ្ងៃ​នេះ ក៏ផ្តោត​លើ​ភាព​ជាដៃគូ​​សេដ្ឋកិច្ច​រវាង​អឺរ៉ុប​និង​អាហ្វ្រិក​ផងដែរ ដូច្នេះ បារាំង​​ក៏ប្រហែល​ជា​ចង់​ទទួល​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​​​នៅ​អាហ្វ្រិក​ ជួយដល់​ជាតិ​ខ្លួន​ផងដែរ។ ​ការ​ដែល​ក្រុងប៉ារីស​ព្យាយាម​បង្ហាញ​វត្តមាន​​ខ្លួន​​នៅ​អាហ្វ្រិក​កណ្តាល កន្លងមក​ ឥឡូវនេះ ​គឺធ្វើអោយបារាំង​ក្លាយជា​ប្រទេស​មាន​ទឹក​មាត់ប្រៃ​ក្នុង​កិច្ច​ពិភាក្សា​​​រវាង​អឺរ៉ុប​ជាមួយ​អាហ្វ្រិក នោះ​​គឺ​មិនឥតប្រយោជន៍​ទេ។

គួរបញ្ជាក់​ដែរពីស្ថានភាព​អាហ្វ្រិកកណ្តាល។​ អំពើ​​ហិង្សា​​អាហ្វ្រិកកណ្តាល​កើតឡើង​មួយឆ្នាំ​មកហើយ គឺ​តាំងពី​ពេល​ក្រុមឧទ្ទាម​សេឡេកា​ធ្វើ​រដ្ឋប្រហារ​ទំលាក់​​​ប្រធានាធិបតី​Fraçois Bozizé។ ការ​កាប់សម្លាប់ ឆក់ប្លន់ ហិង្សា​រវាង​អ្នកកាន់​គ្រិស្តសាសនា ប្រឆាំង​អ្នក​កាន់សាសនា​អ៊ីស្លាម បាន​កើតមាន​រាល់ថ្ងៃ។ មនុស្ស​រាប់ពាន់​នាក់​បានបាត់បង់​ជីវិត​ក្នុង​អំពើហិង្សា ហើយ​រាប់សែននាក់​បាន​រត់​ភៀសខ្លួន។ បញ្ហា​ដែល​ត្រូវ​លើក​យកមក​ជជែក​ក្នុង​​ជំនួប​ថ្ងៃ​ពុធ​នេះដែរ គឺបញ្ហា​ដែល​ទាហានប្រទេស​ឆាដ​​​នៃ​​កងកម្លាំង​អាហ្វ្រិក​ចម្រុះមីស្កា ​​បាន​ជាប់ពាក់ព័ន្ធ​នឹង​​អំពើហិង្សា​នៅ​ក្រុង​បង់ហ្គី។ កាលពី​ថ្ងៃ​សៅរ៍​ ទាហាន​ឆាដ​​បានបាញ់​​លើ​​ហ្វូង​មនុស្ស​ធ្វើអោយ​​មនុស្ស​​ស្លាប់​២៤នាក់។ អញ្ចឹង​សហគមន៍​អន្តរជាតិ​កាន់តែបារម្ភ​ខ្លាំង ដូច្នេះ ទិសដៅ​​ក្នុង​ជំនួប​ថ្ងៃពុធ​នេះ គឺ​ធ្វើយ៉ាងណារកដំណោះស្រាយ​​បញ្ឍប់​​​ការ​កាប់សម្លាប់​មនុស្ស​នៅ​អាហ្វ្រិក​កណ្តាល។

 
សហភាពអឺរ៉ុប​មិន​ព្រលែង​អាហ្វ្រិក​ចេញ​ពី​ដៃ​​ទេ ​

នៅចំពោះ​មុខ​​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​​រវាង​សហភាពអឺរ៉ុបនិង​អាហ្វ្រិក អាហ្វ្រិក​ក៏​មាន​ដៃគូ​​សេដ្ឋកិច្ច​ជា​អាស៊ី​ផងដែរ ពិសេស​គឺចិន។ ​ទ្វីបអាហ្វ្រិក​មិនមែន​ត្រូវការ​តែ​ការជួយ​ការពារ​សន្តិសុខ​ប៉ុណ្ណោះទេ តែ​ក៏ត្រូវការភាព​ជាដៃគូ​សេដ្ឋកិច្ច​ជាមួយ​គ្រប់​បណ្តា​ប្រទេស គ្រប់​ទ្វីប​លើ​ពិភពលោក​​​​ផងដែរ ពោលគឺ​ធ្វើយ៉ាងណា​ដើម្បី​អោយសេដ្ឋកិច្ច​មាន​លំនឹង។ កុំថាឡើយ​តែ​អាស៊ីជាដៃគូ​ប្រជែង​និងអឺរ៉ុប នៅអាហ្វ្រិក អាហ្វ្រិក​ខ្លួនឯងផ្ទាល់​ក៏ជាដៃគូប្រជែង​របស់​អឺរ៉ុប នៅ​អាស៊ី​ផងដែរ ព្រោះថា ទឹកដី​អាហ្វ្រិក​ក៏​សំបូរ​វត្ថុ​ធាតុដើម​​ច្រើន​ដូចជា​អឺរ៉ុប​ដែរ។

ដោយឡែក​ ​អាហ្វ្រិក​ជា​ព្រំដែន​ចុងក្រោយ​ ក្នុង​ដំណើរ​អភិវឌ្ឈន៍ពិភពលោក។ ក្នុង​ចំណោម​ប្រទេស​ចំនួន​៩ ដែល​ជួបកំនើន ប្រទេស​ចំនួន​៥ជាប្រទេស​អាហ្វ្រិក ដូច្នេះ ប្រទេស​មហា​អំណាច​​ដូច​ជាចិន ឥណ្ឌា រឺក៏​ជប៉ុន ដឹងច្បាស់​យូរហើយ ហើយ​កំពុង​​​ចូលខ្លួន​​ជា​ដៃគូសេដ្ឋកិច្ច​ជាមួយ​អាហ្វ្រិកកាន់តែ​ខ្លាំងក្លា ដើម្បីទទួល​បាន​ផល​ចំណេញ​នៅទីនោះ។ ជាក់ស្តែង ជាង​១០ឆ្នាំ​មកនេះ ​ចិន​បាន​ធ្វើអោយ​បារាំង​​បាត់បង់​ទីផ្សារ​​​​ខ្លួន​នៅ​អាហ្វ្រិក ដល់​ទៅ​ពាក់​កណ្តាល។ ​នៅចំពោះមុខ​វត្តមាន​ដ៏សកម្ម​របស់​បណ្តា​ប្រទេស​អាស៊ី នៅ​អាហ្វ្រិក ​កន្លងមក អាមេរិក​​​ក៏​បាន​ភ្ញាក់ខ្លួន ​​និង​​ត្រៀមធ្វើ​គ្រប់បែបយ៉ាង​ ​ដើម្បី​ធ្វើជាដៃគូ​ល្អ​របស់​អាហ្វ្រិក។ 

នៅ​​មុខប្រទេស​ដៃគូ​ទាំង​នេះ ​​ អឺរ៉ុប​ជា​ដៃគូ​សេដ្ឋកិច្ច​ចំបង​របស់​អាហ្វ្រិក​គួរអោយ​កត់សម្គាល់​ជាងគេ។ ព្រោះថា ក្នុង​ប្រវត្តិសាស្ត្រ​ ​ប្រទេស​​អឺរ៉ុប​មួយចំនួន ​ធ្លាប់បាន​ដាក់អាណានិគម​នៅ​អាហ្វ្រិក។ ដូច្នេះ អឺរ៉ុប​មិន​បោះបង់​អាហ្វ្រិក​ទេ។ ​ជំនួប​ថ្ងៃ​ពុធនេះ មានទិសដៅ​ជម្រុញ​អោយ​មាន​កិច្ចព្រមព្រៀង​ផ្តោះប្តូរពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប​និង​អាហ្វ្រិក។ សហភាព​អឺរ៉ុប​សន្យា​ថា​នឹង​លុបចោល​​រាល់​តម្លៃ​ពន្ធគយ នៅពេល​ដែល​កិច្ចព្រមព្រៀង​​ដៃគូសេដ្ឋកិច្ច​ជាមួយ​អាហ្វ្រិក​ចូលជាធរមាន។

ប៉ុន្តែ ក្នុងភាព​សហការណ៍​ជាដៃគូ​ជាមួយអាហ្វ្រិក​ ​រហូត​មកដល់ពេលនេះ ​បណ្តា​ប្រទេស​អឺរ៉ុប​​​តែង​បដិសេធ​មិនព្រម​អោយ​គណៈកម្មការ​អឺរ៉ុប​អនុវត្ត​​​​​សេចក្តីសម្រេច​ផ្សេងៗ ដែល​​សម្រេច​ឡើង​ក្នុង​​​ជំនួប​កំពូល​ជាមួយអាហ្វ្រិក​កន្លងមក​​នោះទេ។ បញ្ហា​ដែល​អឺរ៉ុប​នៅ​បារម្ភ​ខ្លាំង​ គឺ​បញ្ហា​ជនភៀសខ្លួន​​អន្តោប្រវេសន៍​អាហ្វ្រិក ​ដែល​ហូរចូលម​ក​អឺរ៉ុប ​មក​រកការងារធ្វើ​នៅ​អឺរ៉ុប ​ធ្វើអោយ​ប្រជាជនក្នុងស្រុក​​​​​​​​ប្រឈម​នឹង​ភាព​​គ្មានការងារ​កាន់​តែ​ខ្ពស់ រឺក៏​អាច​​ធ្វើអោយ​ប្រជាជនអឺរ៉ុប​​​បាត់បង់​ការងារធ្វើ។ ប្រជាជន​នៅ​អាហ្វ្រិក​​នឹង​ឡើង​ចំនួន​ដល់​ពាន់លាន​នាក់ ហើយ​នឹង​កើន​ទ្វេដង​ទៀត នៅ​ឆ្នាំ​២០៥០។ បញ្ហា​អាហ្វ្រិក បើ​យើង​មើល​​អោយដល់​រឹសគល់​​ គឺ​បង្កឡើងដោយ​សារ​តែ​ការគ្រប់គ្រង​មិនល្អ អំពើ​ពុករលួយ​​ក្នុង​ស្រុក ការដណ្តើម​អំណាច​គ្នា ធ្វើអោយ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម។ ​ដូច្នេះ ទាល់តែ​អឺរ៉ុប​លូកដៃចូលកិច្ចការ​​ផ្ទៃក្នុង​​អាហ្វ្រិក​ ​ទើប​អាច​ជួយ​ដោះស្រាយបាន។ ប៉ុន្តែ អាហ្វ្រិក​មិន​ចូលចិត្ត​របៀបរបប​នៃ​ការលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​ខ្លួន​នោះទេ។ ដូច្នេះ ​សហភាព​អឺរ៉ុប​ត្រូវធ្វើយ៉ាងណា​ មិនលូកដៃ​កិច្ចការ​អាហ្វ្រិក តែ​នៅ​តែ​រក្សាភាព​ជាដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្មតាមរយៈ​សកម្មភាព​ផ្សេងៗ ព្រោះ​យ៉ាងហោចណាស់​ក៏​វាអាច​ចូលរួម​ជួយដោះស្រាយ​បញ្ហា​អាហ្វ្រិក​បាន​មួយចំណែក​ដែរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ