សៅរ៍ 25 កុម្ភៈ 2012
ដំណោះស្រាយ​វិវាទដីធ្លី និង​បញ្ហា​កម្មករ​កាត់ដេរ ជា​រឿង​ស្លាប់​រស់ !
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ
©វណ្ណារ៉ា
ដោយ ប៉ែន បូណា

រយៈពេល​ចុងក្រោយ​នេះ ​ទំនាស់​ដីធ្លី​ហាក់ដូច​ជា​កាន់តែ​មាន​សភាព​ស្រួចស្រាល់​ជាង​មុន​ជា​លំដាប់។ ​កសិករ​ដែល​បាត់បង់​ដីធ្លី​បាន​បង្កើន​សកម្មភាព​តវ៉ា​របស់​ខ្លួន​រឹតតែ​ខ្លាំង​ក្លា​ជាង​មុន​ដោយ​ពួកគេ​ហ៊ាន​ចេញ​មុខ​តតាំង​ជាមួយ​អាជ្ញាធរ​ ឬ​នាំគ្នា​បិទ​ផ្លូវ​ជាតិ​សំខាន់ៗ​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​បញ្ហា។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​ក៏​កាន់តែ​បាន​បង្កើន​ការទាមទារ​របស់​ខ្លួន​ខ្លាំង​ជាងមុន​ដែរ​ដែល​ធ្វើ​ឲ្យ​អំពើ​ហិង្សា​បាន​កើត​ឡើង​ជា​ញឹកញាប់។ ​ទោះបី​ជា​វា​មិន​មែន​ជា​បញ្ហា​ទូទៅ ​ប៉ុន្តែ ​បើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​មែនទែន​ បញ្ហា​ទាំង​ពីរ​បាន​កើត​ចេញ​ពី​ស្រទាប់​កសិករ​ និង​កម្មករ​ដែល​ជា​ស្រទាប់​អ្នក​ក្រីក្រ។ ​នេះ​ជា​សញ្ញា​នៃ​គ្រោះថ្នាក់​ដែល​គេ​មិន​អាច​បណ្តែត​បណ្តោយ​បាន​ឡើយ។

ទំនាស់​ដីធ្លី​មិនមែន​ជារឿង​ថ្មី​ទេ​ រីឯ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​រោងចក្រ​កាត់ដេរ​ក៏​រឹត​តែ​មិន​មែន​ជារឿង​ថ្មី​ទៅ​ទៀត។ ​ម្យ៉ាង​ទៀត​ បើ​មើល​មួយ​ភ្លែត ​បញ្ហា​ហាក់​បាន​ធូរ​ស្បើយ​ទៅ​វិញ​ហើយ​បើ​ធៀប​ទៅ​នឹង​កាល​ពី​អំឡុង​មួយ​ទសវត្សរ៍​មុន។ ​ក៏ប៉ុន្តែ ​បញ្ហា​ដែល​អូស​បន្លាយ​រ៉ាំរ៉ៃ​គ្មាន​ដំណោះ​ស្រាយ​ក៏​បាន​ពូត​ផ្តុំ​គ្នា​បង្កើត​បាន​ជា​មហារីក​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ។ ​ក្រុម​អ្នក​តាមដាន​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​បាន​មើល​ឃើញ​និន្នាការ​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ​គួរ​ឲ្យ​ព្រួយ​បារម្ភ​រយៈពេល​ចុងក្រោយ​នេះ។​ កសិករ​ដែល​មាន​ទំនាស់​ដីធ្លី​ដោះស្រាយ​មិន​ចេញ​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ដីធ្លី​របស់​ពួកគេ។
 
ដំបូង​ឡើយ​ ការ​ប្រឆាំង​តវ៉ា​បាន​ធ្វើ​ឡើង​នៅ​នឹង​កន្លែង ​តែ​ក្រោយមក ​ពួកគេ​លើក​គ្នា​ទៅ​តវ៉ា​ដល់​សាលា​ខេត្ត​ឬ​ដល់​តុលាការ​ខេត្ត ក្រុង​ឬ​ក៏​លើក​គ្នា​មក​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​នៅ​ភ្នំពេញ​។ ​ចុងក្រោយ​នេះ​ ការ​បិទផ្លូវជាតិ​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​គឺជា​មធ្យោបាយ​ពេញ​និយម​ថ្មី​មួយ។ ​ថ្មី​ជាង​នេះ​ទៅ​ទៀត​ គឺ​ការ​ចាប់​មន្ត្រី​ប៉ូលិស ​ទាហាន​ដែល​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ធ្វើជា​ចំណាប់​ខ្មាំង​ដូច​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​រតនគិរី​ក្នុង​សប្តាហ៍​នេះ​ជា​ឧទាហរណ៍​ស្រាប់។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ទំនាស់​ដីធ្លី​ដែល​ដោះស្រាយ​មិន​ចេញ​កាន់តែ​ធ្វើ​ឲ្យ​កសិករ​អស់​សង្ឃឹម​និង​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​កាន់តែ​ខ្លាំង​ឡើងៗ​ជាលំដាប់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ កម្រិត​នៃ​ប្រតិកម្ម​របស់​កម្មករ​ក៏​បាន​កើន​កម្តៅ​ជាង​មុន​ដែរ។ ​ជាក់ស្តែង ​អំពើ​ហិង្សា​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​និង​ខេត្ត​កំពង់ចាម​នៅ​ក្នុង​សប្តាហ៍​នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង។
 
អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ បញ្ហា​បាន​កើត​ឡើង​ចេញ​ពី​ស្រទាប់​កសិករ ​និង​កម្មករ​ដែល​ជា​ស្រទាប់​អ្នកក្រីក្រ​ជាងគេ​នៅ​ក្នុង​សង្គម។ ​ចូរ​កុំភ្លេច​ថា​ កសិករ​រស់​ដោយសារ​ដី​ រីឯ​កម្មករ​វិញ​គឺ​រស់​​ដោយសារ​ប្រាក់​ខែ​ដ៏​ស្តួចស្តើង​ដែល​បាន​មក​ពី​បរិយាកាស​ការងារ​ដ៏តាន​តឹង​។ ​ដូច្នេះ ​នៅ​ពេល​ដែល​កសិករ​បាត់ដី ​និង​នៅ​ពេល​ដែល​កម្មករ​ទ្រាំ​នឹង​លក្ខខណ្ឌ​ការងារ​លែង​បាន​ ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​ដី​នោះឡើយ​បើ​ទោះ​ជា​ត្រូវ​ប្រើ​មធ្យោបាយ​អាក្រក់​យ៉ាង​ណា​ក៏ដោយ។ ព្រឹត្តិការណ៍​នៅ​សំឡូត​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ១៩៦៧ ក៏​អាច​ជា​បទពិសោធន៍​មួយ​ដែរ។
 
ពិត​ហើយ​ថា ​ការ​អភិវឌ្ឍន៍​ប្រទេស​ជារឿង​សំខាន់​មួយ​ជាពិសេស​ប្រទេស​ដែល​ទើប​តែ​ងើប​ចេញ​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា។ ​ប៉ុន្តែ ​ការ​ថែរក្សា​សន្តិសុខ​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​បរិបទ​ដែល​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​បាន​ទទួល​រង​ការគ្រាំគ្រា​ខាង​ស្មារតី​យ៉ាង​ដំណំ​រួច​ទៅ​ហើយ​កាលពី​សម័យ​ខ្មែរក្រហម។ ​បច្ចុប្បន្ន​នេះ​ ពាក្យ​ថា​អភិវឌ្ឍន៍​បាន​ក្លាយជា​«បិសាច»​បន្លាច​កសិករ​ជាច្រើន ​ក៏​ដូចជា​សហគមន៍​អ្នកក្រីក្រ​ក្នុង​ទីក្រុង​មួយចំនួន​ដែរ​។
 
រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង​២​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​ជាង​៣០​គ្រួសារ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល។ ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​វិញ​ក៏​មាន​កម្មករ​ជាង​៣០​ម៉ឺន​នាក់​កំពុង​បំពេញ​ការងារ​ដែរ​ដែល​ក្នុង​ចំណោម​ពួកគេ ​ភាគច្រើន​លើសលប់​គឺ​ជា​កូន​អ្នក​ជនបទ​ពោលជាគឺ​កូន​កសិករ​នេះ​ឯង។ ដូច្នេះ​ បញ្ហា​ដីធ្លី​ ក៏​ដូច​ជា​បញ្ហា​នៅ​ក្នុង​រោងចក្រ​ដែរ​ គឺ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ។
 
ក្នុង​ន័យ​នេះ ​ដំណោះស្រាយ​បញ្ហា​ដីធ្លី ​និង​វិវាទ​ការងារ​របស់​កម្មករ​រោងចក្រ​គឺ​ជា​បញ្ហា​ស្លាប់​រស់​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ខាង​តែ​បាន។ ​ដំណោះស្រាយ​បញ្ហា​ទាំងពីរ​នេះ​ហាក់​ដូចជា​យឺត​ពេល​បន្តិច​ ប៉ុន្តែ ​ក៏​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ ​ហើយ​ការ​ដោះស្រាយ​បញ្ហា​នេះ​ទៀតសោត​ក៏​មិន​ហួស​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ដែរ។ ​ផ្ទុយ​ទៅ​វិញ​ការ​បណ្តែត​បណ្តោយ​គឺជា​កំហុស​ឆ្គង​ដ៏​ធំធេង​មួយ​ដែល​ផលវិបាក​របស់​វា​ក៏​ពិបាក​នឹង​ប៉ាន់​ស្មាន​ដែរ៕

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close