កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 25 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 25 កុម្ភៈ 2012

សង្គមស៊ីវិល​ទាមទារ​ឲ្យ​ចាប់ខ្លួន​អ្នកបាញ់​កម្មករ​ក្នុង​ខេត្ត​ស្វាយរៀង

កម្មការិនី​រង​របួស​ដោយ​ការបាញ់បង្ក្រាប
កម្មការិនី​រង​របួស​ដោយ​ការបាញ់បង្ក្រាប
© លាងដឺលុច

ដោយ ប៉ែន បូណា

ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ​អ្នក​តវ៉ា​ឲ្យ​រង​របួស​៣​នាក់​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ក្នុង​ខេត្ត​ស្វាយរៀង​នៅតែ​ជា​ប្រធានបទ​ក្តៅ​មួយ​នៅ​ឡើយ។ ​ក្រុម​សង្គម​ស៊ីវិល​បាន​ស្រែក​ទាមទារ​ជា​បន្តបន្ទាប់​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជនដៃដល់​ដែល​បាន​បាញ់​ទៅលើ​ក្រុម​កម្មករ​កម្មការិនី​យក​មក​ផ្តន្ទាទោស។ ក្រោយ​ការ​បាញ់​ប្រហារ​នេះ​ការ​ទាមទារ​របស់​កម្មករ​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​ រីឯ​ក្រុម​កម្មករ​ក៏​បាន​ចូល​ធ្វើការ​វិញ​ហើយ​ដែរ​ ប៉ុន្តែ ​អ្នក​រងរបួស​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ខណៈ​ដែល​ជនដៃដល់​នៅ​មាន​សេរីភាព។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
 

25/02/2012 by ប៉ែន បូណា

ក្រៅ​ពី​អង្គការ​ និង​សមាគម​ការពារ​សិទ្ធិមនុស្ស ​និង​សហជីព​កម្មករ​ ឥឡូវ​នេះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ទៀត​ឈ្មោះ​បណ្តាញ​បុរស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជនប្រដាប់អាវុធ​ដែល​បាន​បាញ់​ទៅ​លើ​កម្មករ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ដែរ។ ​បណ្តាញ​បុរស​កម្ពុជា​ដែល​គេ​អះអាង​ថា​មាន​សមាជិក​ជាង​១០០០​នាក់​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បង្ហាញ​ជំហរ​រឹងប៉ឹង​ចំពោះ​ការ​ដាក់​ទោស​ដល់​ជនល្មើស​ទៅ​តាម​ផ្លូវ​ច្បាប់។ ​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ​បាន​កត់​សម្គាល់​ថា ​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​នីតិរដ្ឋ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​​យុត្តិធម៌​ចុះ​ទន់​ខ្សោយ។
 
គួរ​រម្លឹក​ថា ​កូដកម្ម​របស់​កម្មករ​រោងចក្រ​ស្បែក​ជើង​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង។ ​នៅ​ខណៈ​ដែល​ការ​ទាមទារ​របស់​កម្មករ​គ្មាន​ដំណោះស្រាយ ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​នោះ ​សមត្ថកិច្ច​បាន​បាញ់​កាំភ្លើង​ជាច្រើន​គ្រាប់​ឡើង​ទៅ​លើ​ដើម្បី​បំបែក​ហ្វូង​កម្មករ។ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ​ក៏​មាន​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ផងដែរ​ដែល​បណ្តាល​ឲ្យ​កម្មការិនី​៣​នាក់​រង​របួស​ធ្ងន់​ដោយសារ​គ្រាប់​កាំភ្លើង។ ​ក្រោយ​កើត​ហេតុ ​គេ​មិន​អាច​រក​មុខ​អ្នក​បាញ់​ឃើញ​នៅ​ឡើយ​ទេ​ដោយ​អ្នក​ខ្លះ​ចោទ​ថា​សមត្ថកិច្ច​ជា​អ្នក​បាញ់ ​និង​អ្នក​ខ្លះ​ទៀត​ថា​ជា​កង​សន្តិសុខ​របស់​ក្រុមហ៊ុន។
 
យ៉ាងណា​ក៏ដោយ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ គេ​បាន​កំណត់​អត្តសញ្ញាណ​ជនដៃដល់​បាន​ហើយ។ ​លោក​ស ខេង​ ក៏​បាន​អំពាវនាវ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ទាំងអស់​បញ្ឈប់​ការ​ប្រើប្រាស់​អាវុធ​ដើម្បី​ដោះស្រាយ​បញ្ហា។ ​ទោះជា​យ៉ាង​នេះ​ក្តី​ រហូត​មក​ទល់​ពេល​នេះ ​ជន​ដៃដល់​នៅ​តែ​មិនទាន់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ឡើយ។​ចំណែក​ឯ​ក្រុម​កម្មករ​វិញ​បាន​ចូល​ធ្វើការ​វិញ​ជា​ធម្មតា​អស់​ហើយ​លើកលែង​តែ​អ្នក​រង​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ ​ រីឯ​ការ​ទាមទារ​ផ្សេងៗ​របស់​កម្មករ​ក៏ត្រូវ​បាន​ដោះស្រាយ​អស់​ហើយ​ដែរ។
 
ការ​ខកខាន​មិន​បាន​ចាប់ខ្លួន​ជន​ដៃដល់​បាន​បង្កើត​ឲ្យ​មាន​ក្តី​បារម្ភ​ជាទូទៅ​ និងជាមូលហេតុ​ដែល​អង្គការ​សង្គម​ស៊ីវិលបន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នាំ​ខ្លួន​ជន​ដៃដល់​ទៅ​តុលាការ។ កាល​ពី​ថ្មីៗ​នេះ ជន​ដៃដល់​ពីរនាក់​ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រឿង​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

tags: កម្ពុជា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close