អានតួអត្ថបទ
អាមេរិក

ព្យុះ​ទឹកកក​សំលាប់​មនុស្ស​ ៧ នាក់​នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក

ព្យុះ​ទឹកកក​ដ៏​ខ្លាំង​មួយ​កំពុង​បក់​បោក​នៅ​រដ្ឋ​ New York និង​បណ្តា​រដ្ឋ​ជិតខាង​ស្ថិត​នៅ​ភាគឦសាន​​សហរដ្ឋ​អាមេរិក។​ គិត​មក​ដល់​ពេល​នេះ ទឹកកកសំឡី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ កំពស់​ ១៥០ សង់​ទី​ម៉ែត្រ​គ្របដណ្តប់​លើ​ដី​ និង​បាន​ធ្វើឲ្យ មនុស្ស​យ៉ាងហោច ៧ នាក់​បាន​ស្លាប់​បាត់បង់​អាយុ​ជីវិត ក្នុង​គ្រោះ​មហន្តរាយ​នេះ។ បច្ចុប្បន្ន​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ New York កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។  

ព្យុះទឹកកក នៅ​រដ្ឋ​ញូវយ៉ក កាលពីថ្ងៃ​ទី ១៨​វិច្ឆិកា ២០១៤
ព្យុះទឹកកក នៅ​រដ្ឋ​ញូវយ៉ក កាលពីថ្ងៃ​ទី ១៨​វិច្ឆិកា ២០១៤ ©REUTERS/Lindsay DeDario
ផ្សាយពាណិជ្ជកម្ម

ព្យុះ ទឹកកក​សំឡី​នេះ​បាន​ធ្លាក់​ខ្លាំង​ជាង​គេ​នៅ​តំបន់​ជុំវិញ​ទីក្រុង​ Buffalo រដ្ឋ​ New York  ដោយ​ក្នុង​រយៈ​ពេល​តែ​ ២៤​ ម៉ោង​ប៉ុណ្ណោះ​ កំពស់​ទឹកកក​បាន​កើន​ឡើង​ដល់​ ១៥០ សង់​ទី​ម៉ែត្រ។ មាន​រថយន្ត​ប្រមាណ ១៥០​គ្រឿង​បាន​ជាប់​គាំង​ជា​ច្រើន​ម៉ោង​ពុំ​អាច​ទៅ​មុខ​រួច​នៅ​លើ​ផ្លូវ​កំណាត់​ជាតិ​លេខ ៩០ ស្ថិត​នៅ​តាម​បណ្តោយ​បឹង​ Érié និង​បឹង​ Ontario ​ក្បែរ​ព្រំ​ដែន​ប្រទេស​កាណាដា។ ​ដោយសារ​បរិមាណ​ ​ទឹកកក សំឡី ​ធ្លាក់​ច្រើន​ពេក​ ផ្លូវ​ជាតិ​ប្រវែង​ ២២៥ គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​បិទ​ចោល​ទាំង​ស្រុង​មិន​អោយ​ធ្វើ​ចរាចរណ៍។​ លោក​ Andrew Cuomo អភិបាល​រដ្ឋ​ New York ​បាន​សំរេច​ប្រកាស​ដាក់​តំបន់​មួយ​ចំនួន​ស្ថិត​ក្នុង​ភាពប្រកាស​អាសន្ន ​ដោយ​យោង​ហេតុ​ផល​ថា​ មាន​មនុស្ស​ប្រមាណ​ ១ ​ម៉ឺន​នាក់​ពុំ​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​ផ្ទះ។

 
នៅ​ពេល​នេះ​ កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ប្រជាជន​នៅ​តាម​ផ្លូវ​ និង​តាម​គេហដ្ឋាន។ សាលារៀន​ និង​ហាង​ទំនិញ​មួយ​ចំនួន​ធំ​នៅ​តំបន់​នោះ​ត្រូវ​បាន​បិទ​ទ្វារ។ ចំណែក​ បុគ្គលិក​រដ្ឋការ​ដែល​គ្មាន​ភារកិច្ច​ចាំបាច់​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ធ្វើ​ដំណើរ​មក​កន្លែង​ការងារ។​ នៅ​ព្រលាន​យន្តហោះ​ទីក្រុង​ Buffalo ​ជើង​ហោះហើរ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ និង​ប្រកាស​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​ Flightaware.com

បើ​តាម​ការ​ព្យាករណ៍​របស់​អាជ្ញាធរ​បាន​អោយ​ដឹង​ថា​ ព្រិល​ទឹកកក​អាច​នឹង​បន្ត​ធ្លាក់​រហូត​ដល់​កំពស់​ ១៨០ សង់​ទីម៉ែត្រ​នៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ ជា​ពិសេស​ភាគ​ខាង​ត្បូង​ទីក្រុង​ Buffalo។​ ហើយ​ ព្យុះ​ព្រិល​ទឹកកក​ក្នុង​កំរឹត​ពី​ ៣០ ទៅ ៦០ សង់ទីម៉ែត្រ​នឹង​បន្ត​ធ្លាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ។ គិត​មកដល់​ពេល​នេះ​ តុល្យការ​នៃ​គ្រោះ​មហន្តរាយ​នេះ​បាន​បណ្តាល​អោយ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧ នាក់​ស្លាប់​ ក្នុង​នោះ​មាន​ ៤ នាក់​ស្លាប់​ដោយសារ​គាំង​បេះដូង ពេល​កំពុងឈូសឆាយ​ទឹកកក។​ ចំណែក​ជន​រងគ្រោះ​ផ្សេង​ទៀត​បាន​បាត់បង់​​អាយុ​ជីវិត​ដោយ​សារ​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ​ ក្នុង​នោះ​មាន​នៅ​រដ្ឋ​ New Hampshire ​និង រដ្ឋ​ Michigan។

យោង​តាម​សំដី​របស់​អភិបាល​រដ្ឋ​ New York ដដែល យោង​ទៅ​លើ​បរិមាណ​ទឹកកក​ធ្លាក់​ គេ​ត្រូវការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ពី​ ៤ ទៅ​ ៥ ថ្ងៃ​ដើម្បី​ឈូសឆាយ​ទឹកកក​ចេញ​ពី​ផ្លូវ។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​ស្ថានភាព​មិន​ធម្មតា​ដែល​ព្យុះទឹកកក​បាន​បោកបក់​យ៉ាង​កំណាច​បែប​នេះ​នៅ​រដ្ឋ​ New York។​ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ កំរិត​ស៊ីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សារ កាល​ពី​មិ្សលមិញ ​នៅតាម​គ្រប់​រដ្ឋ​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក។​ នេះ​ជា​បាតុភូត​ចំលែក​មួយ​ដែល​សហរដ្ឋ​អាមេរិក​ពុំ​ដែល​ជួប​សោះ​ក្នុង​រយៈ​ពេល​ ៣៨ ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ