អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទូរស័ព្ទ អ៊ីនធ័រនែត គ្រឿង​ញៀន​ថ្មី​របស់​យុវវ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​អ្នក​មាន​ទំនោរ​ ​លំហែ​អារម្មណ៍​ទៅ​រក​ទូរស័ព្ទ​ឬ ? អ្នក​ពិបាក​បែក​ពី​វាឬ​? តើ​អ្នក​កំពុង​ ​ប្រើ​ និង​កំពុង​ឆែក​ទូរស័ព្ទ​ ដោយ​គ្មានហេតុផល​ច្បាស់​លាស់​សោះ​មែនទេ ? ប្រសិន​បើ​អ្នក​មាន​ចម្លើយ​ស្រប​នឹង​សំណួរ​ទាំង​បី​ខាង​លើ​នេះ នោះ​មាន​ន័យ​ថា​អ្នក​មាន​គ្រោះ​ធ្លាក់​ក្នុង​ភាព​ញៀន​ប្រើ​ទូរស័ព្ទ​​ហើយ ! ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន សូម​រកជំនួយ​បំបែក​ទម្លាប់​នេះ​ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ ! ការ​ញៀន​ទូរស័ព្ទ ញៀន​អ៊ីនធ័រណែត ការ​រស់​រំពឹង​លើ​តែ​smatphone កំពុង​​ក្លាយ​ជា​ជំងឺមួយ​ ដែល​ធ្វើ​ការ​​រាតត្បាត​កាន់​ខ្លាំង​ឡើងៗ​ លើ​ក្មេង​ជំទង់ និង​​យុវជន​ ព្រម​ទាំង​មនុស្ស​សម័យ​ថ្មី។

កំពុង​តែ​ដើរ​ ក៏​ត្រូវ​ការ​បើក​មើល​ទូរស័ព្ទ​ដែរ
កំពុង​តែ​ដើរ​ ក៏​ត្រូវ​ការ​បើក​មើល​ទូរស័ព្ទ​ដែរ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​សិង្ហបុរី ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​​ផ្សេង​ទៀត កាន់​តែ​ច្រើន​ឡើងៗ​ ដែល​គ្រូពេទ្យ​ចិត្តសាស្ត្រ​ ទាមទារ​ឱ្យ​ចាត់បញ្ចូល​ និង​ទទួល​ស្គាល់​ ការ​ញៀន​ស្មាតហ្វូន​ (ញៀន​ទូរស័ព្ទ) ថា​ជា​ចំណែក​មួយ​នៃ​ជំងឺ​ផ្លូវ​ចិត្ត។ សិង្ហបុរី កូរ៉េខាង​ត្បូង ចិន និង​តៃវ៉ាន់ ជា​ក្រុមប្រទេសនៅ​អាស៊ី​​ដែល​បញ្ហា​ជំនក់វក់វី​នឹង​​ស្មាតហ្វូន កំពុង​ចោទ​ជា​បញ្ហា​ខ្លាំង។

 
បើ​តាម​របាយការណ៍​កាលពី​ឆ្នាំ​២០១៣ សិង្ហបុរី និង​ហុងកុង ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ខាង​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​មាន​ទូរស័ព្ទ​ដៃ។ ៨៤%​នៃ​ប្រជាជន​សិង្ហបុរី​៥​លាន​បួន​សែន​នាក់ មាន​យ៉ាង​ហោច​ណាស់​ទូរស័ព្ទ​ដៃ​ទំនើប​ជំនាន់​ថ្មី​អាច​ភ្ជាប់​អ៊ិនធឺណែត​បាន​មួយ​គ្រឿង​ក្នុង​ដៃ ទល់​នឹង​៦៥%​ប៉ុណ្ណោះ​នៅ​សហរដ្ឋ​អាមេរិក។ ហើយ​អ្វី ជា​ការ​កត់​សម្គាល់​ខ្លាំង គឺ​យុវវ័យ​​​សិង្ហបុរី​ ចំណាយ​ពេល​ជា​មធ្យម​ ៣៨​នាទី​ នៅ​មុខ​ទំព័រ​ហ្វេសប៊ូក ពោល​គឺ​ពីរ​ដង​ច្រើន​ជាង​ជន​ជាតិ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​​របស់​ស្ថាប័ន​Experian។

ក្រុម​គ្រូពេទ្យ​ចិត្តសាស្ត្រ​នៃ​មជ្ឈមណ្ឌល​សុខាភិបាល Gleneagles ចង់​ឱ្យ​ពិភពលោក ចាត់​បញ្ចូល​ភាព​ងប់​វក់​​នឹង​អ៊ីនធឺណែត ជា​​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្តមួយ។ ហេតុ​អ្វី ? តើ​មាន​ការ​ពន្យល់​បំភ្លឺ​យ៉ាង​ដូចម្តេច ? ព្រោះ​ក្រុម​គ្រូពេទ្យ​​ផ្នែក​ចិត្តសាស្ត្រ​សង្កេត​ឃើញ​ថា នៅ​ពេល​អ្នក​ជំងឺ​ម្នាក់​មក​ជួប​គ្រូពេទ្យ​ឯកទេស ដើម្បី​​ពិគ្រោះ​ជំងឺ​ស្ត្រេស ជំងឺ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត។ ប៉ុន្តែ​តាមការពិត​ទៅនោះ យន្តការ​នៃ​ការ​ត្រដរ​រស់​របស់​អ្នក​ជំងឺ​ទាំង​នោះ គឺ​ត្រូវ​ការ​ភ្ជាប់ខ្លួន​នឹង​អ៊ីនធឺណែត​ ត្រូវ​ការ​ខណិចក្នុង​ប្រព័ន្ធ​សង្គម​សោះ។

ដោយ​មិន​និយាយ​អំពីករណី​ងុប​ជ្រុល​របស់​យុវជន​យុវនារី​ខ្លះ ដែល​រហូត​ភ្លេចបាយ​ភ្លេច​ទឹក ភ្លេច​កាត់​សក់​កោរពុក​មាត់ ភ្លេច​ចេញ​មក​រក​សង្គម លែង​ស្គាល់​ពិភព​មនុស្ស​ជាក់ស្តែង​ និង​ទាល់​តែ​រក​​អ្នក​​ឯកទេស​ជួយ​តម្រង់​ទិស​ឱ្យ​ដើរ​ចេញ​ពី​ភាព​ញៀន ដូច​ករណី​ញៀន​អាភៀន ញៀន​សុរានោះ ទាល់តែ​លេប​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត សូម្បី​តែ​ក្មេង​ដែល​ចូល​ចិត្ត​និង​ឧស្សាហ៍​លេង​ទូរស័ព្ទ​តាម​បែបធម្មតា ជា​មនុស្ស​និង​គ្រួសារទាន់​សម័យ​នោះ បើ​លោក​អ្នក​ជា​ឪពុកម្តាយ​ផ្តាច់​អ៊ីនធឺណែត ដក​ហូត​ទូរស័ព្ទ នោះ​ក្មេង​នឹង​បាត់​លំនឹង មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ស្រែក​ថា​អផ្សុក​ ធុនទ្រាន់​ភ្លាម​មួយ​រំពេច ! ប្រសិន​បើ​លោក​អ្នក​ជួប​ករណី​ដូច្នេះ សូម​រួសរាន់​កាត់​បន្ថយ​ និង​គ្រប់គ្រង​ការ​ប្រើ​ទូរស័ព្ទ​និង​អ៊ីនធឺណែត​ តាម​ការ​គួរភ្លាម ដើម្បីកុំ​ឱ្យ​ធ្លាក់​ក្នុង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​នេះ​ទាន់។

សម្រាប់​ក្រុម​គ្រូពេទ្យ​ចិត្តសាស្ត្រសិង្ហបុរី រោគ​សញ្ញា​ញៀន​ទូរស័ព្ទ និង​អ៊ីនធឺណែត កំពុង​វិវឌ្ឍន៍​យ៉ាង​លឿន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពី​មុន​គេ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​ញៀន​ល្បែង​វីដេអូ ឥលូវ​ដល់​ពេល​​ត្រូវ​ព្យាបាល​ជំងឺ​ជក់​ហ្វេសប៊ូក​ វក់​ក្នុង​ប្រព័ន្ធ​សង្គម និង​ហ្គេម​តាម​អ៊ីនធឺណែត។ មិន​ខ្វះ​ទេ ឧទាហរណ៍​ជាក់​ស្តែង ដែល​ក្មេង​វក់​ខ្លាំង​នឹង​ហ្គេម​ក្នុង​អ៊ីនធឺណែត សម្លាប់​ខ្លួន​ ឬ​ធ្វើ​អាក្រក់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃនោះ ព្រោះ​ដោយ​សារ​អ្វី ? ដោយសារ​តែ​ពួក​គេ​មិន​អាច​បែងចែង​បាន​ពី​អ្វី​ដែល​ល្បែង​ក្នុង​អ៊ីនធឺណែត អ្វី​ជា​ជីវិត​មនុស្ស​ពិត​។

ការ​ចាត់​អាការៈ​វក់​ញៀន​នឹង​ស្មាតហ្វូន ឬអ៊ីនធឺណែត ថា​ជា​ជំងឺ មិន​មាន​ចុះ​កត់​ត្រា​ក្នុង​សៀវភៅ​បញ្ជី​ឈ្មោះ​ជំងឺ​ផ្លូវចិត្ត​ទេ ទោះ​បី​ជា​សៀវភៅ​ទើប​ចេញ​ថ្មី​ចុង​ក្រោយ​ជាង​គេ​បំផុត​ក៏​ដោយ ប៉ុន្តែ​អាការៈ​ជំងឺ​មួយ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​កំណត់​សម្គាល់​នៅក្នុង​​ឯកសារ​ភ្ជាប់​ថា​ជា​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​ឱ្យ​បាន​​ស៊ីជម្រៅ។

រោគ​សញ្ញា​នៃ​ការញៀន​ ​ មាន​ដូច​ជា គ្មាន​សមត្ថភាព​ហាមឃាត់​ខ្លួន​មិន​ឱ្យ​ទៅ​បើក​ទៅ​ឆែក មើល​​ស្មាតហ្វូន ភ្ជាប់​អ៊ីនធឺណែត អផ្សុក​ខ្វល់​ខ្វាយ​ពេល​គ្មាន​ទូរស័ព្ទ​នៅ​នឹង​ដៃ បាត់​បង់​ប្រសិទ្ធិភាព​ផ្នែក​ការងារ និង​សិក្សា​ ត្រូវ​ការ​និង​ចង់​ជានិច្ច​បើក​មើល​ទូរស័ព្ទ។ នេះ​បើ​តាមការ​គូស​បញ្ជាក់​ដោយ​ត្រួស​ៗ​របស់​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ទូរគមនាគមន៍​នៃ​សកលវិទ្យាល័យ​បច្ចេកវិទ្យាNayang ដែល​បាន​ដាស់​តឿន​រំលឹក​ដល់​អ្នក​ជា​ឪពុក​ម្តាយ​ទាំង​អស់​ឱ្យ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឆាប់ផ្តល់​លទ្ធភាព​ដល់​កូន​ក្នុង​ការ​រត់​តាម​​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​ពេក។ ​កាន់តែ​ក្មេង កាន់​តែ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​សភាព​ញៀន និង​ជាពិសេស​កុមារ​ ដែល​ឆាប់​ភ្ជាប់​ខ្លួន​នឹង​ស្មាតហ្វូន/អ៊ីនធឺណែត/ហ្កេម អាច​ងាយ​នឹង​ជួប​គ្រោះ​ផ្តាច់​ខ្លួន​ពី​សង្គម រស់​នៅ​ឯកា។ សូម​អ្នក​ជា​ឪពុក​ម្តាយ កុំ​ស្វែង​រក​ដំណោះស្រាយ​បែប​ងាយៗ ដោយ​ឱ្យ​កូន​លេង​ហ្កេម លេង​ទូរស័ព្ទ​ ដើម្បី​បាត់​យំ ដើម្បី​កុំ​កូន​រពឹសពេក​ឱ្យ​សោះ។ ព្រោះ​ជំងឺ​មួយ​នេះ​ គ្មាន​ខុស​អ្វីពី​ជំងឺ​ជក់​មើល​ទូរទស្សន៍​ ដូច​សម័យ​មួយ​ទសវត្សរ៍​មុន​ទេ គឺ​មាន​តែ​ធ្ងន់ធ្ងរ​បន្ថែម (ទូរទស្សន៍​មាន​​តែ​នៅ​ក្នុង​ផ្ទះ ឯ​ស្មាតហ្វូន អាផែត​ យើង​អាច​យក​ទៅ​តាម​បាន​គ្រប់​ពេល​វេលា និង​ទិសទី)។

លើ​ផ្នែក​សុខភាព​ផ្លូវ​កាយ​វិញ ដោយ​មិន​និយាយ​អំពី​គ្រោះ​ថ្នាក់​ពាក់ព័ន្ធ​នឹង​ខួរក្បាល អេក្រង់ ទូរស័ព្ទ អ៊ីនធឺណែត កំពុង​តែ​លុក​លុយ​បំផ្លាញ​សុខភាព​យុវវ័យ​យ៉ាង​ខ្លាំង ព្រោះ​ដោយ​សារ​​ត្រូវ​ចំណាយ​ពេល​ជា​មួយ​​ស្មាតហ្វូន មនុស្ស​សម័យ​ថ្មី បញ្ចេញ​សកម្មភាព​និង​ធ្វើ​ចលនា​កាន់​តែ​តិច​ឡើងៗ ជាពិសេស​យុវជន​យុវនារី ចន្លោះ​ពី ១៨​ទៅ ២៤។ ក្នុង​វ័យ​នេះ យុវជន​គួរ​តែ​ស្វាហាប់ អាច​បញ្ចេញ​កម្លាំង​បាន​យ៉ាង​ខ្លាំងក្លា តែ​ការ​សិក្សា​បែរ​ជាបង្ហាញ​ថា​ ពួក​គេ​មាន​សមត្ថភាព​បញ្ចេញ​សកម្មភាព​ផ្លូវ​កាយ​ស្មើ​នឹង​មនុស្ស​ខ្ទង់ ៦៥-៧០​ឆ្នាំ​ទៅ​វិញ។ ព្រោះ​អ្វី​ ? ព្រោះ​តែទូរស័ព្ទ ស្មាតហ្វូន កុំ​ព្យូទ័រ អេក្រង់​ និង​ទូរទស្សន៍ ...

​​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​កើត​ជំងឺ​អ៊ីនធឺណែត មាន​ជា​អាទិ៍​ជំងឺ Text-neck និង I-neck។ តើ​ជំងឺ​ពីរ​នេះ​ជា​អ្វី ? និង​មាន​អាការៈ​យ៉ាងដូចម្តេច ? Text-neck និង I-neck ជា​ពាក្យ​ជា​ភាសាងអង់គ្លេស ចេញ​មក​ពី​ប្រទេស​អង់គ្លេស ដើម្បី​បញ្ជាក់​អំពី​អាការៈ​ឈឺ​-​ក Neck មាន​ន័យ​ថាក។ Text-neck ឬ I-neck ត្រូវ​បាន​យក​មក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​សំដៅ​លើ​អាការៈ​ឈឺ​ចុក​ចាប់​នៅ​ម្តុំ​ក និង​ម្តុំ​ជុំ​វិញ​ទាក់ទង​នឹង​ក​ ដែល​បណ្តាល​មក​ពី​ការ​ជក់​ និង​វក់​នៅ​មុខ​កញ្ចក់​កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អង្គុយ​ច្រើន​ អង្គុយ​មិន​ត្រូវ​ជំហរ​ល្អរហូត​​​បង្ក​ឱ្យ​មាន​ការ​ចុក​ស្រពន់ នៅ​​​​កញ្ចឹង​ក។ ជា​ទូទៅ​ គេកត់​សម្គាល់​ឃើញ​ថា រាល់​ពេល​លោក​អ្នក​អង្គុយ​លេង​ទូរស័ព្ទ​ ឬ​អង្គុយ​មុខ​កុំព្យូទ័រ មុខ​អេក្រង់ អ្នក​មាន​ទំនោរ​អោន​ក្បាល​ទៅ​មុខ ចង្ការ​ចង្អុល​ទ្រូង ភ្នែក​សំយ៉ុង​ចុះ​ ព្រោះ​អេក្រង់​នៅ​ទាប​ជាង​ភ្នែក ដូច្នេះ​ក ស្ថិត​ក្នុង​ស្ថានភាព​កោង​ មិន​ត្រង់ទ្រ​ក្បាល ជា​ហេតុធ្វើ​ឱ្យ​រួយ​កញ្ចឹង​ក។

កញ្ចឹង​ក ក​ ស្ថិត​ក្នុង​ជំហរ​មិន​ត្រឹម​ត្រូវ នៅ​ពេលយូរៗ​ទៅ នឹង​ធ្វើ​ឱ្យ​មាន​សម្ពាធ ឬ​សាច់​ដុំ​រួញ ហើយ​មិន​តែ​ប៉ុណ្ណោះ នឹង​ធ្វើ​ឆ្អឹង​ខ្នង​នៅ​តំបន់​ក​ វៀច។ ក្បាល​របស់​មនុស្ស​ម្នាក់ៗ មាន​ទម្ងន់​ជាមធ្យម​ពី ៤,៥ ទៅ​៥,៥​គីឡូក្រាម ទាំង​ក ទាំង​ស្មា មិន​អាច​ទ្រ​ទម្ងន់​នេះ​បាន​យូរ​រាប់​ម៉ោង​បាន​ឡើយ។ មាន​ន័យ​ថា សាច់ដុំ​កញ្ចឹង​ក មិន​អាច​ទ្រាំ​នឹង​ជំហរ​ក្បាល​អោន​ទៅ​មុខ ភ្នែក​សំយ៉ុង​ដើម្បី​សរសេរ​-អាន​ឬ​មើល​កុន​ក្នុង​កញ្ចក់​អេក្រង់​ទូរស័ព្ទ​បាន​យូរ​ម៉ោង​ទេ។

មិន​មែន​តែ​ជំហរ​របស់​កញ្ចឹង​ក​មួយ​ទេ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​នាំ​ឱ្យ​កើត​អាការៈ​ឈឺ​ចុក​ចាប់​រួយ​សាច់​ដុំ​​កើត​ជំងឺ​ Text-neckនោះ ជំហរ​របស់​ដៃ កែងដៃ ដើម​ដៃ ប្រអប់​ដៃ និង​ម្រាម​ដៃ​ក៏​មាន​ចំណែក​ដែរ។ នៅ​ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន ម្រាម​ដៃ​គឺ​ជា​​ចំណុច​នៃ​បម្រែបម្រួល​ថាមពល និង​មាន​ឥទ្ធិពល​លើ​សរីរាង្គកាយ​ខ្លួន​ប្រាណ​មនុស្ស​ទាំង​មូល។ ពេ​ល​អ្នក​ចុច​ទូរស័ព្ទ​ អ្នក​ច្រើន​តែ​ប្រើ​ម្រាម​តែ​មួយ​ពីរ​ប៉ុណ្ណោះ​ ដោយ​ផ្ងាបាត​ដៃ​​ឡើង​លើ ដែល​ជា​ជំហរ​ប្រក្រតី​បែប​ធម្មជាតិ​ទេ ដូច្នេះ​ពេល​ភ្ញាក់​ពី​ដំណេក​ឡើង​អ្នក​អាច​មាន​អាការៈ​ចុក​ម្រាម​ដៃ ​និង​ជាប់​តឹង​ស្មា សាច់​ដុំ​នៅ​កញ្ចឹង​កនោះ។

ម្យ៉ាង​វិញ​ទៀត សូម​ចង​ចាំ​ថា​នៅ​ពេល​យើង​លេង​ទូរស័ព្ទ​ដៃ ឆែក​អ៊ីមែល យើង​អាច​ដាក់​សម្ពាធ​លើ​មុខ លើភ្នែក។ សាច់​ដុំ​មុខ និង​ភ្នែក ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​លលាដ៍​ក្បាល និង​រហូត​ដល់​ផ្នែក​ក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​មានសាច់​ដុំ​មុខ​កន្ទ្រាក់​​ច្រើន​ដង​និង​ដដែលៗពេក​ក្នុង​មួយ​ថ្ងៃនោះ​យើង​អាច​នឹង​មាន​អាការៈ​ឈឺក្បាល​ ណែនធ្ងន់​​ក្បាល​ ពិបាក​ដំណេក វិល​មុខ ឬ​ស្រវាំង​ភ្នែក។

ដូច្នេះ​សូម​កុំ​រង់​ចាំ​ដល់​ពេល​ជាប់​ក ចាំ​រក​ថ្នាំ ! ក្រោយ​ពី​ប្រើ​ទូរស័ព្ទ​ដៃ​ អាយផែត​រួច សូម​ធ្វើ​ចលនា​ក បត់​ងាក​បង្វិល​ក ពន្លារ​សាច់​ដុំ​ក​ឱ្យ​ស្រប​នឹង​ស្ថានភាព​ដើម​។ នៅ​ពេល​លើក​ប្រើ ត្រូវ​លើក​ដាក់​ឱ្យ​ស្មើ​មុខ។ បើ​នៅ​ការិយាល័យ​ធ្វើ​ការ​សូម​​អង្គុយឱ្យ​ត្រឹម​ត្រូវ ចំ​ពី​មុខ​កុំព្យូទ័រ ជើង​ដាក់​កែង​ឱ្យ​ទល់​ដី កុំ​គង​គ្នា ខ្នង​ត្រង់ ទម្លាក់​ដើម​ដៃ​លើ​តុ​ និង​ពិសេស​កញ្ចឹង​ក​ត្រង់។ ក្នុង​គ្រប់​ករណី ចូរ​ឧស្សាហ៍​សម្រាក​​ដក​ខ្លួន​ចេញ​ពី​ទូរស័ព្ទ​ ចេញ​ពី​អេក្រង់ ដើម្បី​ធ្វើ​ចលនា ពន្លារ​សាច់​ដុំ។ ចំពោះ​ក្មេង​និង​កុមារ ដែល​ក្បាល​មាន​ទំហំ​ធំ​បើប្រៀប​ទៅ​នឹង​កំពស់​និង​ទម្ងន់​ខ្លួន​ ជាង​មនុស្ស​ចាស់​នោះ​ សូមធ្វើ​ការ​ប្រុង​ប្រយ័ត្ន​បាន​ខ្លាំង​ជាង​មនុស្ស​ពេញ​វ័យ។ និយាយ​ជា​រួម សូម​ស្តាប់​ទំនួញ​ថ្ងូរ​របស់​ខ្លួន​ប្រាណ ដែល​តែង​តែ​ផ្ញើ​មក​ជូន​អ្នក មិន​មែន​មាន​តែ​ទូរស័ព្ទ​​មួយ​ប៉ុណ្ណោះ​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ