អាជ្ញាធររឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន
អាជ្ញាធរកម្ពុជា បានដាក់វិធានការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ដោយចាត់តាំងកម្លាំងប៉ូលិសទាហានជាង១ម៉ឺននាក់ដើម្បីការពារសុវត្ថិភាពដល់មេដឹកនាំកំពូលៗ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។ នៅតាមទីសាធារណៈវិញ អាជ្ញាធរក្រុងភ្នំពេញ បានប្រមូលជនអនាថា ចេញពីផ្លូវសាធារណៈ។ អាជ្ញាធរ ក៏បានព្រមានចាប់ខ្លួនក្រុមអ្នកធ្វើបាតុកម្ម តវ៉ារឿងដីធ្លី ដែលគ្រោងនឹងសុំអន្តរាគមន៍ពីលោកអូបាម៉ាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៨
កម្ពុជាបានត្រៀមកម្លាំងប៉ូលិសទាហានជាង ១ ម៉ឺននាក់ដើម្បីការពារសន្តិសុខ សុវត្ថិភាពដល់មេដឹកនាំអាស៊ាន និងប្រទេសដៃគូសរុប១៧ប្រទេស ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
អ្នកនាំពាក្យនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានប្រាប់អ្នកកាសែតថា កងកម្លាំងទាំងនោះនឹងប្រើប្រាស់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កិច្ចប្រជុំ នៅពេលខាងមុខ។ កម្លាំងសន្តិសុខទាំងនោះ នឹងត្រូវដាក់ពង្រាយតាមព្រលានយន្តហោះ វិមានសន្តិភាពដែលជាកន្លែងប្រជុំសណ្ឋាគារនិងតាមដងផ្លូវនានា។
ដើម្បីត្រៀមការពារសន្តិសុខដល់កិច្ចប្រជុំកំពូលអាស៊ាន នៅពេលខាងមុខ កងកម្លាំងប៉ូលិសក្រុងភ្នំពេញ ក៏បានបង្ហាញកម្លាំងរបស់ខ្លួនផងដែរនៅព្រឹកថ្ងៃចន្ទនេះ។
កម្លាំងប៉ូលិស ម៉ូតូប្រដេញរថយន្តល្បាត រថយន្តពន្លត់អគ្គីភ័យនិងម៉ូតូល្បាត ជាដើម ត្រូវបានបង្ហាញនិងត្រួតពិនិត្យសម្រាប់ត្រៀមចូលរួមជាមួយប៉ូលិសក្រសួងមហាផ្ទៃ ប៉េអឹម ទាហាន និងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ដើម្បីការពារសន្តិសុខ នៃកិច្ចប្រជុំកំពូលអាស៊ាន និងការពារសុវត្ថិភាពដល់មេដឹកនាំកំពូលៗ។
កងកម្លាំងរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅតាមសណ្ឋាគារប្រណិតៗ ចំនួន ១២ដូចជា សណ្ឋាគារ អ៊ីនធឺកុងទីណង់តាល់ សណ្ឋាគារឡឺរ៉ូយាល់ និងសណ្ឋាគារភ្នំពេញជាដើម ដែលជាកន្លែងស្នាក់អាស្រ័យរបស់មេដឹកនាំប្រទេសអាស៊ាន និងមេដឹកនាំប្រទេសមហាអំណាចក្នុងអំឡុងពេលកិច្ចប្រជុំ។
ដោយឡែកអាជ្ញាធរភ្នំពេញ បានធ្វើការព្រមានដោយផ្ទាល់មាត់ នៅព្រឹកថ្ងៃចន្ទទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ថា អាជ្ញាធរនឹងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ដោយចាត់វិធានការ ចាប់ខ្លួនក្រុមអ្នកតវ៉ាដីធ្លី ដូចជា ក្រុមអ្នកភូមិបឹងកក់ឬអ្នកបុរីកីឡាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនោះក្រុមជនអនាថាដូចជាអ្នកសុំទាន អ្នកញៀនថ្នាំ និងនារីរកស៊ីផ្លូវភេទ ជាដើម ក៏ត្រូវប្រមូលចេញពីផ្លូវសាធារណៈនានា នៅភ្នំពេញផងដែរ។ នេះបើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។
តាមអ្នកនាំពាក្យ ក្រុមអ្នកតវ៉ាដីធ្លី នៅមុខស្ថានទូតអាមេរិក ដែលបានបន្តធ្វើនៅព្រឹកមិញ ត្រូវបានអាជ្ញាធរចាត់ទុកជាប្រភេទជនអនាថា។ ដូច្នេះអាជ្ញាធរ នឹងមានវិធានការជារបៀបសង្គមកិច្ចដោយចាប់បញ្ជូនទៅអប់រំ។
ដោយឡែកក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីកិច្ចប្រឹងប្រែងរបស់លោកលើកិច្ចការប្រជុំអាស៊ាន។ លោកនាយករដ្ឋមន្ត្រី អះអាងថា ក្នុងការដឹកនាំប្រជុំអាស៊ាន កម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយមោទនភាពក្នុងនាមជាសមាជិកនិងជាប្រធានអាស៊ាន ដែលមានការទទួលខុសត្រូវ ក្នុងកិច្ចការអាស៊ានអាស៊ានបូក៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០វិច្ឆិកាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ