កូរ៉េខាងជើង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 03 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 03 ឧសភា 2012

អ.ស.ប.​សម្រេច​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ក្រោយ​ការ​បាញ់​សាកល្បង​រ៉ុកកែត

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​តែ​ត្រូវ​ទទួល​បរាជ័យ កាល​ពីថ្ងៃ​ទី១៣ មេសា ២០១២
កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​រ៉ុកកែត​តែ​ត្រូវ​ទទួល​បរាជ័យ កាល​ពីថ្ងៃ​ទី១៣ មេសា ២០១២
REUTERS/Bobby Yip

ដោយ សេង ឌីណា

កាលពីថ្ងៃ​ពុធ ម្សិលមិញ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​សម្រេច​បញ្ចូល​ក្រុមហ៊ុន​កូរ៉េ​ខាងជើង​ចំនួន ៣បន្ថែម​ទៀត ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ជាប់ទណ្ឌកម្ម។ ការ​បន្ថែម​ទណ្ឌកម្ម​នេះ​​ត្រូវបាន​ធ្វើឡើង ដើម្បី​តប​នឹង​ការ​បាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង កាលពីខែមុន ដែល​គេចាត់ទុកថា​​ជា​ការ​រំលោភលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

03/05/2012

ការ​សម្រេច​បញ្ចូល​ក្រុមហ៊ុន​កូរ៉េ​ខាងជើង ៣ បន្ថែម​ទៅក្នុង​បញ្ជីខ្មៅ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ទទួលបន្ទុក​ផ្នែក​ទណ្ឌកម្ម របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ តាម​សំណើ​របស់​​​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ក្រុមហ៊ុន​កូរ៉េ​ខាងជើង​ចំនួន ៤០ ដែល​ត្រូវ​ដាក់​​បន្ថែម​ចូល​ទៅក្នុង​បញ្ជី​ខ្មៅនេះ។ ក៏ប៉ុន្តែ ចិន​យល់ព្រម​ឲ្យ​បញ្ចូល​តែ ៣​ក្រុមហ៊ុន។
 
យោងតាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប. ក្រុមហ៊ុន​​ទាំង ៣​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។
 
គួរ​បញ្ជាក់ថា នៅ​ក្នុង​បញ្ជី​ខ្មៅ​នេះ គឺ​រួមមាន​​ក្រុមហ៊ុន​​ និង​ឥស្សរជន​កូរ៉េ​ខាងជើង ​ដែល​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស និង​ត្រូវ​ផ្អាប់​ទ្រព្យ​សម្បត្តិ ​ព្រមទាំង​មុខទំនិញ​មួយចំនួន ដែល​ត្រូវហាមឃាត់​មិន​នាំចូល ឬ​នាំចេញ​ពី​កូរ៉េ​ខាងជើង។ នៅ​មុនពេល​បញ្ចូល​ក្រុមហ៊ុន​ទាំង៣ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅ​ក្នុង​បញ្ជី​ខ្មៅ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងជើង​ចំនួន ៨ និង​ឥស្សរជន​កូរ៉េ​ខាងជើង​ចំនួន ៥រូប​ រួចជាស្រេចហើយ។
 
មុនពេល​សម្រេច​បន្ថែម​ទណ្ឌកម្ម​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយរួច​ហើយ​ដែរ កាល​ពី​ខែ​មុន ដើម្បី​ថ្កោលទោស​កូរ៉េ​ខាងជើង ដែល​បាន​បាញ់​សាកល្បង​រ៉ុកកែត កាល​ពីថ្ងៃ​ទី១៣​មេសា។
 
កូរ៉េ​ខាងជើង​បាន​អះអាង​ថា រ៉ុកកែត​ដែល​ខ្លួន​បាញ់​សាកល្បង​នេះ គឺ​ជា​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ីវិល​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះបី​វាជា​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ក៏ដោយ តែ​តួ​រ៉ុកកែត​ដែល​​ផ្ទុក​ផ្កាយរណបនេះ គឺ​ត្រូវ​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​រយៈចម្ងាយឆ្ងាយ។ យោងតាម​​សេចក្តីសម្រេច​អនុម័ត​កាល​ពីខែ​មិថុនា ឆ្នាំ​២០០៩ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាម​កូរ៉េ​ខាងជើង​មិន​ឲ្យ​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឬ​បាញ់​សាកល្បង​​អ្វី​ក៏ដោយ ដែល​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ។
 
ការណ៍​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​បាន​សម្រេច​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​បែបនេះ អាច​នឹង​ជា​មូលហេតុ​មួយទៀត ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដូច​ដែល​ធ្លាប់​ធ្វើ​កាល​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៩។ ប្រសិន​បើ​កូរ៉េ​ខាងជើង​ពិតជា​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាលើកទី៣​នេះ​មែន ភាព​តានតឹង​នៅ​កូរ៉េ​ប្រាកដ​ជា​នឹង​ត្រូវ​កើនឡើង​កាន់តែ​ខ្លាំង​ថែមទៀត៕

tags: កូរ៉េ​ខាង​ជើង - នុយក្លេអ៊ែរ - អ.ស.ប.
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close