អានតួអត្ថបទ
អេបូឡា

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប​បើក​កិច្ចប្រជុំបន្ទាន់​លើ​បញ្ហា​អេបូឡា

កាល​ពី​ម៉ោង​៣រ​សៀល​ ថ្ងៃ​អង្គារទី​ ១៤ ខែ​តុលា​ ​(ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក​) ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាត​ត្បាត​មេរោគ​អេបូឡា​ ដែល​​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ៤ ពាន់នាក់​ក្នុង​រយៈ​ពេល​ ៦ខែ​ នៅ​តំបន់​ភាគ​ពាយ័ព្យ​ទ្វីប​អាហ្វ្រិក​ ជា​ពិសេស​នៅ​ប្រទេស​ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន។​

បេសកជន​អ.ស.ប​ទទួលបន្ទុក​បញ្ហា​អេបូឡា នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ថ្ងៃ​ទី១៤ តុលា ២០១៤
បេសកជន​អ.ស.ប​ទទួលបន្ទុក​បញ្ហា​អេបូឡា នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ថ្ងៃ​ទី១៤ តុលា ២០១៤ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​តំណាង​ប្រទេស​សមាជិក​ចំនួន ១៥ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ លោក Anthony Banbury ​ប្រមុខ​បេសកកម្ម​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ​សំរាប់​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេបូឡា​ (UNMEER) ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្រៃលែង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ។​ លោក​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា​ អត្រា​ស្លាប់​អាច​កើន​ឡើង​ដល់​ ៧០%​ ចំពោះ​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​ហ្គីណេ​ លីបេរីយ៉ា និង​សៀរ៉ាឡេអូន​ ដែល​កំពុង​ទទួល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ។​

ដោយ​និយាយ​តាម​រយៈ​ប្រព័ន្ធ​ប្រជុំ​វីដេអូ​ពី​ប្រទេស​ហ្គាណា​ ដែល​ជា​ទី​ស្នាក់​ការ​កណ្តាល​របស់​បេសកកម្ម​ពិសេស​នេះ​ លោក​ Anthony Banbury ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​ពី​ពេល​នេះ​ដល់​ដើម​ខែ​ធ្នូ​ ក្នុង​មួយ​សប្តាហ៍​ មនុស្ស​ប្រមាណ​ពី​ ៥ ​ពាន់​ទៅ ​មួយ​ ម៉ឺន​នាក់​អាច​នឹង​ឆ្លង​មេរោគ​អេបូឡា។​ គេ​ត្រូវ​ការ​គ្រែ​ចំនួន ៧​ពាន់​កន្លែង​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ទទួល​អ្នក​ជំងឺ​ថ្មី។​ ប្រមុខ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​ក៏​បាន​កត់​សំគាល់​ផង​ដែរ​ថា​៖ ​«ជា​រៀង​រាល់​ថ្ងៃ​ គេ​តែង​ទទួល​បាន​ដំណឹង​អាក្រក់​ស្តី​ពី​មេរោគ​អេបូឡា។​ ប៉ុន្តែ ​ដំណឹង​ល្អ​ដែល​យើង​ចង់​បាន​នោះ​គឺ​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​អាច​បញ្ឈប់​មេរោគ​នេះ​បាន? យើង​ត្រូវ​យក​ឈ្នះ​មេរោគ​កំណាច​នេះ​ ហើយ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​បាន​លឿន​បំផុត។​ ប្រសិន​បើ​មេរោគ​អេបូឡា​ឈ្នះ​យើង​ ពិភពលោក​បា្រកដ​ជា​បាត់​បង់​អាយុ​ជីវិត​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់»។​

ឆ្លើយ​តប​ទៅ​នឹង​សន្ទុះ​ដ៏​លឿន​គួរ​អោយ​ព្រួយ​បារម្ភ​នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​សំរេច​ដាក់​គោលដៅ​បញ្ឈប់​ការ​រីក​រាលដាល​មេរោគ​អេបូឡា​ ដោយ​ធានា​ថា​ ពី​ពេល​នេះ​ដល់​ដើម​ខែ​ធ្នូ​ ត្រូវ​ធ្វើ​យ៉ាង​ណា​ធ្វើ​ការ​កប់​ ឬ​បូជា​សាកសព​អ្នក​ស្លាប់​អោយ​បាន ៧០%​ និង​ដាក់​អ្នក​ជំងឺ​ដែល​ឆ្លង​អោយ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​អោយ​បាន​ ៧០%​ ផង​ដែរ​ ដើម្បី​ចៀសវាង​កុំ​អោយ​អ្នក​ជំងឺ​ទាំង​នោះ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទូទៅ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ គិត​មក​ដល់​ពេល​នេះ​ មេរោគ​អេបូឡា​បាន​បណ្តាល​អោយ​មនុស្ស​ចំនួន​ជាង​ ៤ពាន់​នាក់​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​ ៨ ​ពាន់​នាក់។​ មុន​កិច្ច​ប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ប្រកាស​ថា​ ពិភព​លោក​ពុំ​ទាន់​ធ្វើ​អ្វី​អោយ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​រាតត្បាត​អេបូឡា។ លោក​បាន​បញ្ជាក់បន្ថែម​ថា លោក​​នឹង​នៅ​តែ​និយាយ​ដដែលៗ​រហូត​ដល់​ស្ថានភាព​បាន​ល្អ​ប្រសើរ​ ហើយ​លោក​សុំ​អោយ​ប្រទេស​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​គ្រាន់​ធ្វើ​យ៉ាង​ណា​ជួយ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទាំង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ