ជប៉ុន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 14 មីនា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 14 មីនា 2011

ជប៉ុន៖ ផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​មួយទៀត​នៅ Fukushima

រូបភាព​តាមទូរទស្សន៍​ជប៉ុន ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​លេខ៣
រូបភាព​តាមទូរទស្សន៍​ជប៉ុន ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​លេខ៣
©Reuters

ដោយ សេង ឌីណា

នៅថ្ងៃ​ចន្ទ​ ១៤ មីនា ២០១១​នេះ អគារ​ម៉ាស៊ីន​ប្រតិករ​លេខ​៣ ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ Fukushima បាន​ផ្ទុះ ធ្វើ​ឲ្យ​របើក​ដំបូល និង​ជញ្ជាំង​អគារ ស្ទើរ​តែ​ទាំងស្រុង។ ក៏ប៉ុន្តែ អាជ្ញាធរ​ជប៉ុន​បាន​អះអាង​ថា ការផ្ទុះនេះ​មិនបាន​បណ្តាល​ឲ្យ​ខូចខាត​ដល់​តួម៉ាស៊ីន​ប្រតិករ ដែល​ផ្ទុក​ពេញ​ទៅដោយ​ធាតុ​វិទ្យុសកម្ម​នោះទេ។

ការពន្យល់​របស់​សេង ឌីណា
 
14/03/2011
 
 

ការផ្ទុះ​អគារ​ម៉ាស៊ីន​ប្រតិករ​លេខ៣ នៅថ្ងៃ​ចន្ទ​នេះ ​បង្ហាញ​ថា អាជ្ញាធរ​ជប៉ុន​នៅតែ​មិនទាន់​អាច​គ្រប់គ្រង​ស្ថានការណ៍ នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ Fukushima បាន​នៅឡើយទេ។ ក្នុង​ពេលជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន​ពីរ​ផ្សេង​ទៀត ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ស្ថិតក្នុង​ភាព​អាសន្ន។

កាល​ពីថ្ងៃ​សៅរ៍​កន្លងទៅនេះ អគារ​ម៉ាស៊ីន​ប្រតិករ​លេខ១ នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ Fukushima បាន​ផ្ទុះ​ម្តងរួចមកហើយ ដោយ​បាន​បញ្ចេញ​ធាតុវិទ្យុសកម្ម​ទៅក្នុង​បរិយាកាស ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​បារម្ភ។ គេ​នៅមិនទាន់​អាច​ដឹង​បាន​​ច្បាស់​នៅឡើយទេ​ថា តើ​ការ​ផ្ទុះ​នៅថ្ងៃ​ចន្ទ​នេះ ធ្វើ​ឲ្យ​ធ្លាយ​​ធាតុវិទ្យុសកម្ម​​ទៅ​ក្នុង​បរិយាកាស​ ដូចកាល​ផ្ទុះ​លើក​ទី១​ដែរ​ឬទេ?

នៅថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​នុយក្លេអ៊ែរ​ជប៉ុន​បាន​​អះអាង​ថា វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​កាល​នៅ Tchernobyl នោះទេ។ អ្នក​ជំនាញ​ខាង​នុយក្លេអ៊ែរ​ភាគច្រើន​ក៏សុទ្ធតែ​មាន​សុទិដ្ឋិនិយម​ដែរ​ថា ជប៉ុន​ពិត​ជា​អាចទប់ស្កាត់​​មិន​ឲ្យ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​​ផ្ទុះ​​​ បានមែន។ ក៏ប៉ុន្តែ នេះ​មិនមែន​មានន័យថា វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​បាន​ធូរ​ស្រាល​មកវិញ​នោះទេ។ ដរាបណា អាជ្ញាធរ​ជប៉ុន​មិន​អាច​រកវិធី​បញ្ចុះសីតុណ្ហភាព​នៅក្នុង​ស្នូល​នុយក្លេអ៊ែរ ​បានទេ ការ​បញ្ចេញ​ធាតុវិទ្យុសកម្ម​​​ទៅ​ក្នុង​បរិយាកាស​ នឹង​នៅតែ​អាច​បន្ត​កើតមាន។

នៅពេលនេះ ប្រទេស​មួយចំនួន​នៅ​អាស៊ី​បាន​សម្រេច​ធ្វើ​តេស្ត​ស្វែងរក​ធាតុវិទ្យុសកម្ម​ នៅ​ក្នុង​​គ្រប់​ចំណីអាហារទាំងអស់ ដែល​នាំ​ចូល​ពី​ជប៉ុន។

ការរញ្ជួយដី​កម្រិត ៧ រិចទ័រ​អាច​នឹង​កើតមាន​ក្នុងរង្វង់​ពីរ-បី​ថ្ងៃ​ខាងមុខ

ក្រោយ​ពី​ការ​សិក្សា​លម្អិត​ទៅលើ​ទិន្នន័យ​នានា ​អាជ្ញាធរ​ជប៉ុន​បានរកឃើញ​ថា ការរញ្ជួយដី​កាល​ពីថ្ងៃ​សុក្រ មាន​កម្លាំង​រហូតដល់​ទៅ ៩​ រិចទ័រ​ឯណោះ មិនមែន​ត្រឹម ៨,៨ ឬ​៨,៩ ដូច​ការ​ប៉ាន់​ស្មាន​កន្លងមក​នោះទេ។ ចាប់តាំង​ពីថ្ងៃ​សុក្រមក ក្រោយ​ពី​ការរញ្ជួយដី ៩ រិចទ័រ គេ​ឃើញ​មាន​ការ​រញ្ជួយដី​ (Aftershocks) ប្រមាណ​ជា ៣០០​លើក​បានកើតឡើង​ នៅ​ក្បែរ​ចំណុច​រញ្ជួយ​ចាស់។ ក្នុង​នោះ ការរញ្ជួយ​ជាង​១០០​លើក មានកម្លាំង​រហូតដល់​ ៦ ទៅ ៧ រិចទ័រ។

គួរ​បញ្ជាក់ថា ការ​រញ្ជួយដី​នៅ​ប្រទេស​នូវែលសេឡង់ កាល​ពីថ្ងៃ​ទី២២ កុម្ភៈ ២០១១​ កន្លងទៅ ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង និង​សម្លាប់​មនុស្ស​​រាប់រយ​នាក់ មាន​កម្លាំង​ត្រឹមតែ ៦,៣ រិចទ័រ​ប៉ុណ្ណោះ។ ដូច្នេះ មានន័យថា ចាប់តាំង​ពីថ្ងៃ​សុក្រ រហូតមក​ទល់ថ្ងៃ​ចន្ទ​នេះ ក្នុង​រយៈពេល​តែ​៣ថ្ងៃ​ប៉ុណ្ណោះ ជប៉ុន​បាន​ទទួលរងការរញ្ជួយដី ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​​នឹង​ការ​រញ្ជួយ​នៅ​នូវែលសេឡង់ ដល់​ទៅ​ជាង ១០០​លើក។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​​បាន​ព្យាករ​ថា ក្នុងចន្លោះ​ពីរ-បី​ថ្ងៃ​ខាងមុខ​ទៀតនេះ ការរញ្ជួយដី​ខ្លាំង​កម្រិត ៧​ រិចទ័រ អាច​នឹង​កើតមាន​ឡើង នៅ​ក្បែរ​កន្លែង​រញ្ជួយចាស់។

ដំណឹង​ស្តីពី​ការ​រញ្ជួយដី​ថ្មី រួមជាមួយ​នឹង​​បញ្ហា​លេចធ្លាយ​ធាតុវិទ្យុសកម្ម ដែល​កំពុង​តែ​បន្ត​កើតមាន​ឥតឈប់ឈរ​នោះ បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត ទៅលើ​អ្នក​​រស់នៅ​ក្នុង​តំបន់​​តូក្យូ។

ទីផ្សារ​ភាគហ៊ុន​ជប៉ុន​ធ្លាក់ចុះខ្លាំង

នៅថ្ងៃ​ចន្ទ​នេះ ទីផ្សារ​ភាគហ៊ុន​ជប៉ុន​បាន​ចាប់ផ្តើម​បើកទ្វារលក់ដូរ​ជាលើក​ដំបូង ចាប់តាំង​ពី​មាន​ការ​រញ្ជួយដី កាលពីថ្ងៃ​សុក្រ។ តម្លៃភាគហ៊ុន​ជប៉ុន​បាន​ធ្លាក់​ចុះ ប្រមាណ​ ៦%។ ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​ធ្លាក់​ចុះខ្លាំង​ជាងគេ គឺ​ក្រុមហ៊ុន​ ដែល​រកស៊ី​ខាង​ផ្នែក​នុយក្លេអ៊ែរ ដូចជា ក្រុមហ៊ុន Toshiba Corp. ជាដើម ដែល​មាន​ភាគហ៊ុន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ២០%។

ធនាគារ​កណ្តាល​ជប៉ុន​បាន​សម្រេច​បញ្ចេញ​សាច់ប្រាក់​រហូតដល់​ទៅ ១៨៣ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើយ៉ាងណា​រក្សា​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​ជប៉ុន។ ប្រតិបត្តិការ​នេះ​មានទំហំធំធេង​បំផុត ដែល​ធនាគារ​ជប៉ុន​មិនដែល​ធ្លាប់​ធ្វើ​ទាល់តែ​សោះ នាពេល​កន្លងមក៕

tags: គ្រោះធម្មជាតិ - ជប៉ុន - នុយក្លេអ៊ែរ - សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close