អានតួអត្ថបទ
អាល្លឺម៉ង់

តារា​ប្រណាំង​រថយន្ត​ Michael Schumacher​ គ្រោះថ្នាក់ស្គី​ របួស​ក្បាលធ្ងន់ធ្ងរ​ មាន​ស្ថានភាព​ធូរបន្តិច​

កីឡាករ​ប្រណាំង​រថយន្ត​ Formula One ដ៏ល្បី​​របស់​អាល្លឺម៉ង់ Michael Schumacher មីខាអែល ស្ហ៊ូម៉ារើ កំពុង​​ទទួល​ការព្យាបាល​​ នៅ​​មន្ទីរពេទ្យ​ក្រុង​ក្រឺណូប Gernoble ប្រទេស​បារាំង នៅថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​លោក​បាន​រងគ្រោះថ្នាក់​ស្គី កាលពី​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​មុន ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ។ នៅ​យប់​ថ្ងៃចន្ទ​ម្សិលមិញ​ ក្រុមគ្រូពេទ្យ​បារាំង​បាន​វះកាត់​លោក​ជា​​លើកទី២ ហើយ​នៅថ្ងៃ​អង្គារ​នេះ ស្ថានភាព​លោក​រាងធូរ​ជាងថ្ងៃចន្ទ​បន្តិច។ ប៉ុន្តែ​ លោក​មិនទាន់​រួច​ផុតពី​គ្រោះថ្នាក់​នៅឡើយ​ទេ។ 

កីឡាករ​ប្រណាំង​រថយន្ត​ដ៏ល្បី Michael Schumacher កំពុង​សន្លប់​បាត់ស្មារតី និងទទួលការព្យាបាល​ពីក្រុម​គ្រូពេទ្យ​បារាំង
កីឡាករ​ប្រណាំង​រថយន្ត​ដ៏ល្បី Michael Schumacher កំពុង​សន្លប់​បាត់ស្មារតី និងទទួលការព្យាបាល​ពីក្រុម​គ្រូពេទ្យ​បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា កាលពី​ថ្ងៃ​អាទិត្យ ពេល​កំពុង​​​​​​លេងស្គី ជាមួយ​កូនប្រុស​របស់​គាត់ នៅ​​តំបន់​សាវ័រ ភាគ​ខាងត្បូង​ប្រទេស​បារាំង ​ លោក មីខាអែល ស្ហ៊ូម៉ារើ ជា​តារា​ប្រណាំង​រថយន្ត​អាល្លឺម៉ង់ Formula ១ ដ៏​ល្បី​ក្នុង​ពិភពលោក​ បានរងគ្រោះថ្នាក់ ដោយ​បាន​​ដួលធ្លាក់ ហើយ​ក្បាល​របស់​គាត់​​​​ប៉ះទង្គិច​ខ្លាំង រហូត​ធ្វើអោយ​គាត់​​សន្លប់បាត់ស្មារតី។

លោក ស្ហ៊ូម៉ារើ​ ​កំពុងទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​បារាំង នៅ​មន្ទីរពេទ្យ​ក្រុង​ក្រឺណូប។ ​នៅយប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដោយ​ស្ថានភាព​របស់​លោក​រាង​ធូរ​​បន្តិច ក្រុមគ្រូពេទ្យ​បាន​វះកាត់​លោក​​ជា​លើកទី២។ ហើយ​នៅថ្ងៃ​អង្គារ​នេះ ស្ថានភាព​លោក​​​បានធូរជាង​ថ្ងៃចន្ទ​ម្សិលមិញ​បន្តិច​។ ទោះយ៉ាងនេះ​ក្តី ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា កីឡាករ​អាល្លឺម៉ង់​រូបនេះ ​នៅ​មិនទាន់​ចេញ​​ផុត​ពី​ស្ថានភាពគ្រោះថ្នាក់នៅឡើយ​ទេ។

គួរបញ្ជាក់ថា ក្រោយពេល​​​រង​គ្រោះថ្នាក់​ស្គីភ្លាមៗ ​លោកស្ហ៊ូម៉ារើ ​នៅអាច​កំរើក​អវៈយវៈ​បាន​ ប៉ុន្តែ លោក​មិនបាន​​ឆ្លើយ​សំណួរ​ដែល​គេ​សួរ​នោះទេ។ ​បន្តិច​ក្រោយមក​ ស្ថានភាពរបួស​បាន​ប្រែ​ធ្ងន់ធ្ងរ ធ្វើអោយ​លោក​​​សន្លប់​បាត់ស្មារតី។ អាជ្ញាធរបារាំង​​កំពុង​បើក​ការស៊ើបអង្កេត​ពី​ស្ថានភាព​ និង​មូលហេតុ​ដែល​នាំ​អោយ​តារា​ប្រណាំង​រថយន្ត​អាល្លឺម៉ង់​រូបនេះ រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ។ យោងតាម​​ ក្រុម​អ្នកស៊ើបអង្កេត ​គ្រោះថ្នាក់​នេះ បាន​កើតឡើង នៅតំបន់​​ដែល​មិនមែន​ជា​ផ្លូវប្រើ​​សំរាប់​ជិះស្គី។ ទីនោះ​គ្រប​ដណ្តប់​​ទៅ​ដោយ​ទឹកកក និង​​សំបូរ​ដោយ​ថ្មជាច្រើន។

ជនជាតិ​អាល្លឺម៉ង់ មីខាអែល ស្ហ៊ូម៉ារើ ជា​តារា​ប្រណាំង​រថយន្ត​ ​ Formula ១ ដ៏ល្បី​ក្នុង​ពិភពលោក នឹង​មាន​អាយុ​៤៥ឆ្នាំ នៅថ្ងៃ​៣មករា​ ឆ្នាំ​ថ្មី២០១៤ នេះ។ ស្ហ៊ូម៉ារើ ​ធ្លាប់​ជា​ម្ចាស់ពានរង្វាន់​ពិភពលោក ៧ដង ចន្លោះឆ្នាំ១៩៩៤ និង​២០០៤។ លោក​ក៏​ជា​ម្ចាស់​ពានរង្វាន់​ជោគជ័យ​ចំនួន​៩១ ផ្សេងទៀត​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ