អានតួអត្ថបទ
កម្ពុជា

ឱ​កាស​​ទទួល​​អាហា​​រូប​​ករណ៍​​សម្រាប់​​ការ​​សិក្សា​​នៅ​​បរទេស​​បើក​​ចំហរ​​ចំពោះ​​និស្សិត​​កម្ពុជា​

ក្រ​សួង​​អប់រំ​​ប្រកាស​​ឱ្យ​ដឹ​ង​​អំ​ពី​​ការ​​ផ្តល់​​អាហា​​រូប​ករណ៍​​សម្រាប់​​ការ​​សិក្សា ​នៅ​​ក្រៅ​​ប្រ​ទេស​ ជា​​បន្ត​បន្ទាប់​។ នេះ​ជា​ឱកាស ដែល​បើក​ទ្វារ​ចំហរ​សម្រាប់​និស្សិត​កម្ពុជា ដែល​មាន​បំណង​ទៅ​រៀន​នៅ​ប្រទេស​រុស្ស៊ី តួកគី នូ​វែ​ល​ហ្សេ​ឡង់ គុយ​បា និង​ថៃ​​ជាដើម​ ក្នុង​​ឆ្នាំ​​សិក្សា​​២០១៤-២០១៥។ ក្រៅ​ពី​នេះ ​អាហា​រូប​ករណ៍​រយៈ​ពេល​ខ្លី នៅ​ប្រទេស​ហ្វាំ​ង​ឡង់ ​ក៏​មាន​ដែរ។ ការ​ផ្តល់​អាហា​រូប​ករណ៍​សម្រាប់​និស្សិត​កម្ពុជា ដោយ​បណ្តា​ប្រទេស​ជា​មិត្ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​។

រូបថត​និស្សិត​​ជាមួយ​នឹង​តំណាង​ការទូត​សហភាព​អឺរ៉ុប​ ក្នុង​ពិធី​ជូន​ដំណើរនិស្សិត​អាហារូបករណ៍
រូបថត​និស្សិត​​ជាមួយ​នឹង​តំណាង​ការទូត​សហភាព​អឺរ៉ុប​ ក្នុង​ពិធី​ជូន​ដំណើរនិស្សិត​អាហារូបករណ៍ © ដឺលុច
ផ្សាយពាណិជ្ជកម្ម

 

បច្ចុប្បន្ន អាហា​រូប​ករណ៍​សម្រាប់​ការ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស ទាំង​រយៈ​ពេល​ខ្លី ទាំង​រយៈពេល​វែង បាន​បើក​ចំហរ​ចំពោះ​និស្សិត​កម្ពុជា គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាង​ណា​មិញ ថ្មី​ៗ​នេះ ក្រ​សួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យ​ដឹង ជា​បន្ត​បន្ទាប់ អំពី​ការផ្តល់​អាហា​រូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​ណា ដែលមាន​បំណង​ទៅ​រៀន​ឯ​បរទេស ក្នុង​ឆ្នាំ​សិក្សា២០១៤-២០១៥​។

យោង​តាម​វ៉េប​សាយ​របស់​ក្រសួង​អប់រំ ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ជាច្រើន កំពុងផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជា។ ក្នុងចំណោម​នោះ អាហារូបករណ៍​រយៈពេល​វែង ដែល​នៅ​អាចដាក់​ពាក្យសុំ​បាន​គឺ​នៅ​ប្រទេស​ថៃ ប្រទេស​នូ​វែ​ល​ហ្ស៊េ​ឡង់ ប្រទេស​រុស្ស៊ី និង​ប្រទេស​ទួរគី ដែលមាន​កម្រិត​ចាប់ពី​បរិ​ញ្ញាប័ត្រ​ឡើងទៅ ជាច្រើន​មុខវិជ្ជា។ ជាធម្មតា ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​រ៉ាប់រង​ចំពោះ​ថ្លៃ​សិក្សា ការចំណាយ​ក្នុងការ​រស់នៅ ថ្លៃ​ធ្វើដំណើរ និង​ការធានា​រ៉ាប់រង​សុខភាព​ជាដើម។

ក្រៅពី​អាហារូបករណ៍​រយៈពេល​វែង ក៏មានដែរ​អាហារូបករណ៍​រយៈពេល​ខ្លី ដែល​ផ្តល់​ដោយ​អង្គការ ស្ថាប័ន នៃ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ដ៏​ទៅទៀត​ដែរ។ ជាក់ស្តែង ទីភ្នាក់ងារ​សារ​ព័ត៌​មាន​កម្ពុជា​រាយការណ៍​ឱ្យដឹង​នៅថ្ងៃនេះ​ថា អាហារូបករណ៍​រយៈពេល​បី​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី១២ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខ នៅ​ប្រទេស​ហ្វាំ​ង​ឡង់ ត្រូវបាន​ប្រកាស។

បើតាម អាកា​ប៉េ នោះ​គឺជា​អាហារូបករណ៍​សម្រាប់​ចូល​រូ​ម​ក្នុង«សិក្ខាសាលា​យុវជន​អន្តរជាតិ ស្តីពី​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ និង​សហគ្រិនភាព» ដែល​រៀបចំ​ដោយ«បណ្តាញ​មេដឹកនាំ និង​សហគ្រិន​វ័យក្មេង​ពិភពលោក» ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា WNYLE។ ក្រោយ​ពិធី​បុណ្យ​​ចូលឆ្នាំ​ខ្មែរ និស្សិត​អាច​ពិចារណា​ពង្រីក​ចំណេះដឹង និង​បទពិសោធ​របស់ខ្លួន តាមរយៈ​ឱកាស​ទាំងនេះហើយ។

សូមបញ្ជាក់ថា របាយការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា​ចង្អុល​ប្រាប់ថា កាលពី​ឆ្នាំ​២០១២-២០១៣ និស្សិត​កម្ពុជា​ជិត៥០០នាក់​បានទទួល​អាហារូបករណ៍​ឱ្យទៅ​សិក្សា​នៅ​បរទេស ក្នុងនោះ ជិត​មួយ​ភាគ​បួន​គឺជា​ស្រី ហើយ​នៅ​ឆ្នាំ​នោះ​ដដែល និស្សិត​អាហារូបករណ៍​កម្ពុជា ដែល​បាន​សិក្សា​នៅក្រៅ​ប្រទេស មាន​ទាំងអស់២៦២៤នាក់ ស្រី៥៥៥នាក់។

ការប្រកាស​ផ្តល់​អាហារូបករណ៍​ជា​បន្តបន្ទាប់ ដោយ​អង្គការ ស្ថាប័ន​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ឱ្យ​និស្សិត​ខ្មែរ បាន​ទៅ​សិក្សា​នៅ​បរទេស​នេះ ត្រូវបាន​រដ្ឋា​ភិ​បាល​​ក​ម្ពុ​ជា​ចាត់ទុកថា ជាការ​រួមចំណែក​ដ៏​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ